គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងស្ដារផ្លូវដែកកម្ពុជា ឡើងវិញ ស្វែងរកពលរដ្ឋ ៣នាក់ តំណាងឲ្យ ៣គ្រួសារនៅក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយផលប៉ះពាល់។ គ្រួសារទាំង ៣ ឋិតក្នុងចំណោមពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងស្ដារផ្លូវដែកនៅប៉ោយប៉ែត ហើយតវ៉ារហូតដល់សព្វថ្ងៃនេះ។
ពលរដ្ឋ ៣នាក់ តំណាងឲ្យ ៣គ្រួសារ នៅក្រុងប៉ោយប៉ែត ដែលគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងស្ដារផ្លូវដែកកម្ពុជា ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២ ខែមីនា គឺជាការស្វែងរកចុងក្រោយ ដើម្បីឲ្យមកទទួលប្រាក់ឧបត្ថម្ភបន្ថែម។
ប្រធានក្រុមការងារនៃគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងស្ដារផ្លូវដែកកម្ពុជា ឡើងវិញ គឺលោក សេង ថៃ មានប្រសាសន៍បញ្ជាក់ថា ពលរដ្ឋទាំងនេះឋិតនៅក្នុងបញ្ជីឈ្មោះអ្នករងផលប៉ះពាល់ ហើយបានទទួលប្រាក់ឧបត្ថម្ភខ្លះក្នុងដំណាក់កាលដោះស្រាយកន្លងមក៖ «ការដោះស្រាយកន្លងមកនៅមានកម្រិតខ្វះខាត មិនទាន់ត្រូវតាមគោលនយោបាយរបស់ដៃគូ។ អ៊ីចឹងត្រូវមានកម្មវិធីកែតម្រូវបំពេញបន្ថែមជូនគាត់ នូវប្រាក់ឧបត្ថម្ភមួយចំនួនហ្នឹង។ គាត់មានឈ្មោះក្នុងបញ្ជី ដែលយើងរាប់ថា មានផលប៉ះពាល់ ហើយគាត់ក៏បាត់ពីកន្លែងប៉ះពាល់ហ្នឹងទៅ»។
លោក សេង ថៃ មិនអាចបញ្ជាក់ទំហំទឹកប្រាក់ឧបត្ថម្ភពីការឈូសឆាយផ្ទះនៅតាមបណ្ដោយផ្លូវរថភ្លើង ដែលត្រូវស្ដារឡើងវិញនោះទេ ព្រោះទំហំករណីខុសគ្នាតួលេខខុសគ្នា។
ពលរដ្ឋទាំង ៣នាក់ដែលមានឈ្មោះ អូម សុង ឯក សុវណ្ណដា និង ស្រៀង គ្រី ជាអ្នករស់នៅអមផ្លូវរថភ្លើង ក្នុងសង្កាត់ផ្សារកណ្ដាល និងភូមិគីឡូម៉ែត្រលេខ៤ ក្រុងប៉ោយប៉ែត ក្នុងចំណោមពលរដ្ឋប៉ះពាល់ ១១៤គ្រួសារ។
តំណាងពលរដ្ឋនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក វន វ័ន ឲ្យដឹងថា ពលរដ្ឋទាំង ៣នាក់ ពួកគាត់ខ្លះបានធ្វើចំណាកស្រុក ទើបគណៈកម្មការប្រកាសរក៖ «»។
នៅព្រឹកថ្ងៃទី២ ខែមីនា តំណាងពលរដ្ឋលោកប្រមាណ ១០នាក់ បន្តការតវ៉ាលើកទី៥១ នៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយផ្ដល់សំណងពីការប៉ះពាល់នោះជាដីផង និងប្រាក់ផង ព្រោះពេលកន្លងមក ពលរដ្ឋបានទទួលប្រាក់ឧបត្ថម្ភចន្លោះពី ១០ដុល្លារទៅជិត ១ពាន់ដុល្លារ។ ពួកគាត់យល់ថាជាសំណងមិនត្រឹមត្រូវ៖ «»។
ទោះជាយ៉ាងនេះក្ដី មិនមានមន្ត្រីក្រុងមកឆ្លើយតបចំពោះការតវ៉ារបស់ពួកគាត់ នៅព្រឹកថ្ងៃទី២ មីនាទេ។ គម្រោងស្ដារផ្លូវដែកនេះ ជាគម្រោងឧបត្ថម្ភថវិកាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេ.ឌី.ប៊ី (A.D.B) ដើម្បីស្ដារផ្លូវរថភ្លើងឡើងវិញចំនួន ២ខ្សែ គឺពីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ១ខ្សែ និងពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ១ខ្សែ។
ក្រៅពីការជូនដំណឹងចុងក្រោយស្វែងរកពលរដ្ឋ ៣គ្រួសារនៅក្រុងប៉ោយប៉ែត គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងស្ដារផ្លូវដែកកម្ពុជា ក៏ជូនដំណឹង និងរកពលរដ្ឋនៅរាជធានីភ្នំពេញ ជាង ៨០គ្រួសារទៀត ឲ្យមកទទួលប្រាក់សំណងបន្ថែមនេះដែរ។ ពលរដ្ឋទាំងនេះ ជាអ្នករងប៉ះពាល់ពីគម្រោង ហើយសល់ដីតិចជាង ៣០ម៉ែត្រការ៉េ។ សេចក្ដីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងនេះ បានកំណត់ទុកពេលឲ្យពលរដ្ឋទាំងនោះឲ្យមកយកប្រាក់សំណងនេះក្នុងរយៈ ៣០ថ្ងៃចាប់ពីថ្ងៃទី២ មីនា។ បើហួសរយៈពេលនេះ គណៈកម្មការអន្តរក្រសួង នឹងចាត់ទុកថា ពលរដ្ឋបោះបង់សិទ្ធិ ហើយព្រមផ្ដល់ប្រាក់នោះជាវិភាគទានសម្រាប់ស្ដារផ្លូវរថភ្លើងនេះ៕