Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"កំណើន​សេដ្ឋកិច្ច​នឹង​ឡើង​ដល់​៧%​តាម​ការ​ព្យាករ​ប្រសិន​ប្រទេស​មាន​ស្ថិរភាព​នយោបាយ"

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​វិស័យ​ឯកជន​ចូលរួម និង​ខិតខំ​ប្រឹងប្រែង​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០១៧ នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​សម្រេច​បាន​ក្នុង​រង្វង់ ៧%។ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​មាន​ក្ដី​បារម្ភ​ថា កំណើន​សេដ្ឋកិច្ច​ជាតិ អាច​នឹង​ធ្លាក់​ចុះ​ប្រសិន​ជា​មាន​ការ​បំភិតបំភ័យ​ពលរដ្ឋ​ទាក់ទិន​ព្រឹត្តិការណ៍​នយោបាយ។

អ្នក​សេដ្ឋកិច្ច​វិភាគ​ថា កំណើន​សេដ្ឋកិច្ច​នឹង​ឈាន​ទៅ​ដល់ ៧% តាម​ការ​ព្យាករ​ទុក លុះ​ណា​តែ​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ចាន់ សុផល មាន​ប្រសាសន៍​ថា បញ្ហា​ស្ថិរភាព​នយោបាយ​គឺ​ជា​ហានិភ័យ​នៅ​ក្នុង​ស្រុក​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច។ លោក​ថា នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា មាន​ព្រឹត្តិការណ៍​បោះឆ្នោត​មក​ដល់ ប្រសិន​បើ​ជា​មាន​ការ​ប្រែប្រួល​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​នោះ អាច​នាំ​ឲ្យ​ពលរដ្ឋ និង​អ្នក​វិនិយោគ​ផ្អាក​ការ​វិនិយោគ រង់ចាំ​មើល និង​ផ្អាក​ការ​ចំណាយ​ធំៗ​មួយ​ចំនួន​ដែល​ជា​រឿង​មួយ​មិន​ល្អ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថមថយ។

លោក ហ៊ុន សែន៖ «ហានិភ័យ​នៅ​ក្នុង​ប្រទេស​យើង​រដ្ឋាភិបាល​អាច​គ្រប់គ្រង​បាន​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ឲ្យ​ដំណើរការ​ជីវភាព​ធម្មតា វិនិយោគ​ធម្មតា ចំណាយ​ធម្មតា​វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ជា​ធម្មតា​ដែរ។ ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​បញ្ហា​នយោបាយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត​ដំណើរ​ការ​ប្រកប​មុខ​របរ​អាជីវកម្ម​ធុរកិច្ច​ពង្រីក​ការ​វិនិយោគ​ជា​ធម្មតា។ ចំពោះ​ហានិភ័យ​ក្រៅ​ស្រុក​យើង​មិន​អាច​គ្រប់គ្រង​បាន​ទេ មាន​តែ​ត្រៀម​រង់ចាំ​ប្រសិន​ជា​ស្ថានការណ៍​អំណោយផល​មិន​ល្អ​កើត​ឡើង យើង​មាន​ថវិកា​សន្សំ​ពី​ឆ្នាំ​មុនៗ​មក​ទុក​សម្រាប់​ចំណាយ​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​នៅ​ដដែល»

លោក ចាន់ សុផល បញ្ជាក់​ទៀត​ថា ក្រៅ​អំពី​បញ្ហា​ស្ថិរភាព​នយោបាយ​នោះ ហានិភ័យ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​ក៏​ចោទ​ជា​បញ្ហា​ដែរ ដូចជា​ការ​ផ្ដល់​ឥណទាន​ច្រើន​ដែល​ពលរដ្ឋ​ជំពាក់​គេ​ច្រើន​ហើយ ​ដែល​ធ្វើ​ឲ្យ​លំហូរ​សាច់​ប្រាក់​នៅ​ក្នុង​សេដ្ឋកិច្ច​ថយ​ចុះ​បន្តិច​ដែរ។ មួយ​វិញ​ទៀត ចំណូល​នៅ​ក្នុង​តាម​ជនបទ​មិន​ល្អ​ដែរ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​តម្លៃ​ស្រូវ តម្លៃ​ដំឡូង​មី​ទាប​នៅ​ឡើយ តម្លៃ​កៅស៊ូ​រើបៗ​បន្តិច ប៉ុន្តែ​ម្រេច​ចាប់​ផ្ដើម​ចុះ​ថ្លៃ រី​ឯ​ស្វាយ​កែវល្មៀត​ម្ដង​ឡើង​ម្ដង​ចុះ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា តាម​ការ​ព្យាករ​នៅ​ឆ្នាំ​២០១៧ នេះ សេដ្ឋកិច្ច​កម្ពុជា អាច​សម្រេច​បាន​ក្នុង​រង្វង់ ៧% ក្នុង​នោះ​កំណើន​ក្នុង​វិស័យ​កសិកម្ម​រំពឹង​ថា នឹង​ល្អ​ប្រសើរ​ឡើង​បន្តិច ចំពោះ​កំណើន​នៃ​វិស័យ​កាត់​ដេរ​នឹង​រើប​ឡើង​ជាង​ឆ្នាំ​២០១៦ ដោយ​ឡែក​វិស័យ​សំណង់ និង​អចលនវត្ថុ​នឹង​បន្ត​ថមថយ​ដោយ​មាន​ការ​កែតម្រូវ​នូវ​ស្ថានភាព​ឥណទាន និង​ការ​ផ្គត់ផ្គង់។

លោក​ថា កម្ពុជា​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​បាន ៧% ដែល​អាច​ឲ្យ​កម្ពុជា សម្រេច​បាន​នូវ​ចក្ខុវិស័យ ប្រែ​ក្លាយ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៖ «ក្រៅ​ពី​នេះ កំណើន​នៃ​ឧស្សាហកម្ម​ផ្សេងៗ​មិន​មែន​ឧស្សាហកម្ម​កាត់​ដេរ​នោះ ក៏​រំពឹង​ថា នឹង​មាន​កំណើន​ខ្ពស់​ដែល​អាច​ជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ជា​រួម។ លោក​សង្ឃឹម​ថា ស្ថានភាព​នេះ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០១៨ ដែល​កំណើន​សេដ្ឋកិច្ច​អាច​នឹង​សម្រេច​បាន​ដូចគ្នា​ក្នុង​រង្វង់​៧%»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា ទន្ទឹម​គ្នា​នេះ សេដ្ឋកិច្ច​កម្ពុជា កំពុង​ប្រឈម​នឹង​ហានិភ័យ​ពី​ខាង​ក្រៅ​មួយ​ចំនួន ដូច​ជា​ភាព​មិន​ប្រាកដ​ប្រជា ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​គោល​របស់​ធនាគារ​កណ្ដាល​របស់​សហរដ្ឋអាមេរិក ការ​ចាក​ចេញ​របស់​អង់គ្លេស និង​អនាគត​របស់​សហភាព​អឺរ៉ុប ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន និង​ការ​ថមថយ​កំណើន​នៃ​បណ្ដា​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​រីក​លូតលាស់ ភាព​ចម្រូងចម្រាស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​រដ្ឋការ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី ក៏​ដូច​ជា​ការ​កើន​ឡើង​នូវ​កម្ដៅ​ភូមិសាស្ត្រ​នយោបាយ​ជា​ដើម ។ល។ រី​ឯ​ការ​រំពឹង​ទុក​នូវ​ការ​ងើប​ឡើង​វិញ​នូវ​តម្លៃ​ប្រេង និង​ទំនិញ​លើ​ទីផ្សារ​អន្តរជាតិ ក៏​ជា​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

ដើម្បី​សម្រេច​គោល​ដៅ​នេះ រដ្ឋាភិបាល​តម្រូវ​ឲ្យ​រួម​គ្នា​ខិតខំ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥ ឆ្នាំ​២០២៥ នឹង​ត្រូវ​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​កំណើន​ថ្មី​ដែល​ជា​មគ្គុទ្ទេសក៍​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ការ​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង និង​ការ​លើក​កម្ពស់​ផលិតភាព។ វិស័យ​ឧស្សាហកម្ម​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណើន​ថ្មី ជា​កម្លាំង​ចលករ និង​ការ​ជួយ​ទ្រទ្រង់​ដល់​កំណើន​រយៈពេល​មធ្យម និង​រយៈពេល​វែង មាន​សក្ដានុពល​បង្កើត​ការងារ​ដល់​យុវជន ដែល​អាច​ស្រូប​យក​ការ​វិនិយោគ​បន្ថែម​ក្រៅ​ពី​វិស័យ​កសិកម្ម និង​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles