សារសន្ទនាគ្នាជាលក្ខណៈឯកជនច្រើនរយទំព័រដែលភាគច្រើនពាក់ព័ន្ធនឹងក្រុមគ្រួសារត្រកូល "ហ៊ុន" និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានបែកធ្លាយដល់បណ្ដាញសារព័ត៌មាន កាលពីថ្ងៃពុធ ទី១ ខែមីនា កន្លងទៅនេះ។
ក្នុងសារឆ្លើយឆ្លងដែលពុំទាន់មានការបញ្ជាក់ពីសាមីខ្លួនទាំងនោះនៅឡើយ មានជាប់ឈ្មោះ និងលេខទូរស័ព្ទអ្នកស្រី ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត អ្នកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាលី លោក ហូ សុទ្ធី ប្រធានខុទ្ទកាល័យ និងមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមនុស្សមួយចំនួនផ្សេងទៀត។
សារទាំងនេះត្រូវបានប្រភពមួយមានឈ្មោះថា “អង្គរបុរី” (Angkor Borey) ផ្ញើទៅកាន់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ ប៉ុន្តែលោក សម រង្ស៊ី បានបញ្ជូនបន្តទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងសារសន្ទនាគ្នាដែលបែកធ្លាយនេះ មានពាក់ព័ន្ធនឹងទំនាក់ទំនងកិច្ចការជំនួញរបស់ក្រុមគ្រួសារត្រកូល "ហ៊ុន" យុទ្ធសាស្ត្រនយោបាយបំភ័យគណបក្សប្រឆាំង រឿងក្តីរបស់លោក ហ៊ុន ម៉ាណែត នៅតុលាការអាមេរិក ការជ្រៀតជ្រែកក្នុងកិច្ចការតុលាការ ព្រមទាំងរឿងស្រីញី និងទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ផង ។ល។
អាស៊ីសេរីកំពុងព្យាយាមសុំការបំភ្លឺពីភាគីដែលពាក់ព័ន្ធ ជាពិសេសអ្នកដែលមានឈ្មោះនៅក្នុងសារដែលបានបែកធ្លាយនេះ។ អាស៊ីសេរី នឹងផ្សាយព័ត៌មានលម្អិតអំពីរឿងនេះ បន្ទាប់ពីទទួលបានការឆ្លើយតបពីអ្នកទាំងនោះ។
សារព័ត៌មានក្នុងស្រុក ជាពិសេសសារព័ត៌មាន ហ្វ្រេសញូវ (Fresh News) ដែលស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្សព្វផ្សាយសារសន្ទនាគ្នាជាលក្ខណៈឯកជនជាច្រើនខែកន្លងមកនេះ ដែលភាគច្រើននៃសារទាំងនោះ គឺបានមកពីប្រភពដែលគេដាក់ឈ្មោះថា "រឿងពិត CNRP” និងម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ “សីហា”។ ខ្សែអាត់សំឡេងដែលបញ្ចេញតាមសារព័ត៌មាន ហ្វ្រេសញូវ គឺសុទ្ធតែពាក់ព័ន្ធនឹងការវាយប្រហារទៅលើគណបក្សប្រឆាំងរឿងស្រីញី និងចុងក្រោយរឿងកិច្ចការផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។
អ្នកច្បាប់ចាត់ទុកថា ការផ្សព្វផ្សាយការសន្ទនាឯកជនបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់លើសិទ្ធិនៃជីវភាពឯកជន (ការសម្ងាត់ឯកជន) ដែលត្រូវបានការពារដោយច្បាប់។ ដោយសារអាជ្ញាធរមិនបានស៊ើបអង្កេតករណីទាំងនេះ ទើបការរំលោភការសម្ងាត់ឯកជននេះនៅតែកើតមាន៕