Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ផ្ដាំ​ផ្ញើ​កូនៗ​ពី​លំហូរ​ជន​អន្តោប្រវេសន៍​អាច​នឹង​ឡើង​កាន់​អំណាច

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើ​កូនៗ​របស់​លោក​ថា ចំពោះ​ប្រទេស​ដែល​មាន​ជន​អន្តោប្រវេសន៍​ហូរ​ចូល​ច្រើន នៅ​ពេល​ខាង​មុខ​ជនជាតិ​ដើម​នឹង​លែង​កាន់​អំណាច ហើយ​ជន​អន្តោប្រវេសន៍​ទាំងនោះ​នឹង​ឡើង​កាន់​អំណាច​ជំនួស​វិញ។ រីឯ​អ្នក​វិភាគ​ក៏​យល់​ឃើញ​ដូច​ការ​ផ្ដាំ​ផ្ញើ​របស់​លោក ហ៊ុន សែន ដែរ តែ​កត្តា​ដែល​នាំ​ឲ្យ​ជន​អន្តោប្រវេសន៍​អាច​ឡើង​កាន់​អំណាច​បាន​នោះ ដោយសារ​ជនជាតិ​ដើម​គ្មាន​ការ​សាមគ្គី​គ្នា និង​ប្រទេស​គ្មាន​អភិបាលកិច្ច​ល្អ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំឭក​ថា លោក​បាន​ផ្ដាំ​ផ្ញើ​កូនៗ​របស់​លោក​តាំង​ពី ១៥​ឆ្នាំ​មុន​ថា ឲ្យ​កាប់​ថ្ម​ចំណាំ​ទុក​ថា ក្នុង​រយៈពេល ៣០ ទៅ ៤០​ឆ្នាំ​ខាង​មុខ​ទៀត នៅ​ពេល​វិទ្យាសាស្ត្រ​មាន​ការ​ផ្លាស់ប្ដូរ ហើយ​ប្រទេស​ដែល​មាន​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ច្រើន នៅ​ពេល​នោះ​ជនជាតិ​ដើម​មិន​កាន់​អំណាច​ទៀត​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៃ​ក្រសួង​ការ​បរទេស នៅ​វិមាន​សន្តិភាព​កាល​ពី​ថ្ងៃ​ទី​១ មីនា ថា ប្រទេស​ដែល​មាន​ជន​អន្តោប្រវេសន៍​ហូរ​ចូល​ទៅ​រស់នៅ​ច្រើន នឹង​នាំ​ឲ្យ​មាន​ការ​បាត់បង់​អំណាច​របស់​ជនជាតិ​ដើម។ លោក​បន្ត​ថា ជា​ឧទាហរណ៍​ដូចជា​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​បារាំង ជាដើម ដែល​មាន​មេ​ដឹកនាំ​មិន​មែន​ជា​ជនជាតិ​ដើម​នោះ​ទេ៖ «ជន​អន្តោប្រវេសន៍​ចូល​ទៅ​ច្រើន ពេល​នោះ​ការ​ប្រែប្រួល​វិទ្យាសាស្រ្ដ​នេះ នឹង​នាំ​ទៅ​ដល់​ការ​បាត់បង់​អំណាច​របស់​ជនជាតិ​ដើម»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា តើ​ជនជាតិ​ដើម​នៃ​ប្រទេស​ណា​មួយ​ផ្សេង​ទៀត​នឹង​ត្រូវ​បាត់បង់​អំណាច​បន្ទាប់ ដោយសារ​ជន​អន្តោប្រវេសន៍​នោះ​ទេ?

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី ក៏​យល់​ឃើញ​ដូច​ការ​ផ្ដាំ​ផ្ញើ​របស់​លោក ហ៊ុន សែន ដែរ តែ​លោក​ថា កត្តា​ដែល​នាំ​ឲ្យ​ជនជាតិ​ដើម​ត្រូវ​បាត់បង់​អំណាច​ធ្លាក់​ទៅ​លើ​ក្រុម​ជន​អន្តោប្រវេសន៍​ដឹកនាំ​ប្រទេស ភាគច្រើន​ដោយសារ​ជនជាតិ​ដើម​នៃ​ប្រទេស​នោះ​កើត​ជំងឺ​មិន​ទុក​ចិត្ត​គ្នា បែកបាក់​សាមគ្គី​គ្នា រួច​ហើយ​ក្លាយ​ទៅ​ជា​កុលសម្ព័ន្ធ​ជាច្រើន ដើម្បី​ប្រយុទ្ធ​បង្ហូរ​ឈាម​ដើម្បី​ដណ្ដើម​អំណាច។ បណ្ឌិត មាស នី បន្ត​ថា កម្ពុជា នៅ​ពេល​នេះ​ហាក់​កំពុង​មាន​ដំណើរ​ដូច​គ្នា​ទៅ​នឹង​ជនជាតិ​ដើម​ដទៃ​ទៀត ដែល​ត្រូវ​បាត់បង់​អំណាច​របស់​ខ្លួន​ទៅ​ឲ្យ​ជន​អន្តោប្រវេសន៍​ដែរ«ពេល​យើង​មើល​អំពី​ទំនោរ​នៃ​ជីវិត​ជនជាតិ​ដើម​ហ្នឹង គឺ​ការ​ឈ្លោះ​ទាស់ទែង​គ្នា​ឯង ជា​ចំណុច​ខ្សោយ​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគច្រើន​ក្លាយ​ជា​ជនជាតិ​ដើម​ភាគតិច»

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ថ្លែង​ទៀត​ថា ថ្វី​បើ​កម្ពុជា កំពុង​មាន​សន្តិភាព​ក៏ដោយ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​តែងតែ​បង្ហាញ​ការ​មិន​ទុក​ចិត្ត​គ្នា និង​ឈ្លោះ​ទាស់ទែង​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ រីឯ​ការ​គ្រប់គ្រង​រដ្ឋ​បច្ចុប្បន្ន​ក៏​ធ្លាក់​ចុះ ដូច្នោះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ងាយស្រួល​វាតទី​ដណ្ដើម​ទឹក​ដី និង​ការ​ហូរ​ចូល​មក​នូវ​ជន​អន្តោប្រវេសន៍​កាន់​តែ​ច្រើន​ឡើង។ កត្តា​ទាំងនេះ​ជា​ក្ដី​ព្រួយ​បារម្ភ​មួយ​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ ថា​អាច​ការពារ​ទឹក​ដី​ដូនតា​របស់​ពួក​គាត់​បាន​ដែរ​ឬ​ទេ?

គិត​ចាប់​ពី​ឆ្នាំ​២០១៤ មក​ដល់​ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា បាន​បណ្ដេញ​ចេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី ៧២​ប្រទេស មាន​ជាង ១​ម៉ឺន​នាក់ (១១.៦៦១​នាក់) ក្នុង​នោះ​ជន​អន្តោប្រវេសន៍​មាន​ជិត ១​ម៉ឺន​នាក់ (.៧៧៧​នាក់) ឬ​ស្មើ ៨២% គឺ​ជា​ជនជាតិ​វៀតណាម ខុស​ច្បាប់។ ថ្វី​បើ​យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​ថា តើ​មាន​ជន​អន្តោប្រវេសន៍​ចំនួន​ប៉ុន្មាន​ទៀត ជាពិសេស​ជនជាតិ​វៀតណាម កំពុង​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ទេ។

សម្រាប់​លោក​បណ្ឌិត មាស នី បញ្ជាក់​ថា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ពលរដ្ឋ​វៀតណាម ខុស​ច្បាប់​ចូល​មក​រស់នៅ​ស្ទើរ​ទូទាំង​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​កន្លង​ទៅ អាជ្ញាធរ​ហាក់​ពិបាក​រក​ឃើញ​ថា​មាន​ជនជាតិ​វៀតណាម ខុស​ច្បាប់​ទាំងនោះ ដើម្បី​បណ្ដេញ​ចេញ​ពី​ប្រទេស​ណាស់។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ពលករ​ខ្មែរ​ប្រហែល ១​លាន​នាក់​ដែល​កំពុង​ស៊ី​ឈ្នួល​នៅ​ក្នុង​ប្រទេស​ថៃ គឺ​អាជ្ញាធរ​ប្រទេស​នេះ​មិន​ពិបាក​គ្រប់គ្រង​ឡើយ ហើយ​បើ​ចង់​បណ្ដេញ​ចេញ​ពី​ប្រទេស​ពេល​ណា​ក៏​បាន«ប្រទេស​យើង​ជា​ប្រទេស​តូច ហើយ​ប្រព័ន្ធ​គ្រប់គ្រង​មនុស្ស​របស់​ប្រទេស​យើង​នេះ ឃើញ​ថា​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ ម៉េច​បាន​ខ្ញុំ​ហ៊ាន​ថា ទន់​ខ្សោយ? យើង​មើល​ប្រទេស​ថៃ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ទេ គេ​អាច​ចាប់​ពលករ​ខ្មែរ​ខុស​ច្បាប់​រាប់​ម៉ឺន​នាក់ រហូត​ដល់​រាប់​សែន​នាក់ បញ្ជូន​មក​កម្ពុជា វិញ តែ​ខ្មែរ​យើង​វិញ យើង​មើល​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​វិញ​ចាប់ ១​ឆ្នាំ​បាន ៤​ពាន់​ទៅ ៦​ពាន់​នាក់ ស្រប​ពេល​ជនជាតិ​វៀតណាម នៅ​ពាសពេញ​ប្រទេស»

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ថា ដើម្បី​កុំ​ឲ្យ​ជនជាតិ​ដើម​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគតិច​លើ​ទឹក​ដី​របស់​ខ្លួន ហើយ​ប្រសិន​បើ​ដឹង​ទុក​ជា​មុន​ថា ប្រទេស​កំពុង​រំកិល​ទៅ​រក​ការ​ដឹកនាំ​ពី​សំណាក់​ជន​អន្តោប្រវេសន៍​នា​ពេល​ខាង​មុខ​នោះ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ច្បាប់​ជន​អន្តោប្រវេសន៍ និង​គួរ​អប់រំ​ពលរដ្ឋ​ខ្លួន​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត​គ្នា និង​ឈប់​ទាស់ទែង​ដោយសារ​និន្នាការ​នយោបាយ ជាពិសេស​អ្នក​នយោបាយ​ផ្ទាល់ ចេះ​រួបរួម​គ្នា​ដើម្បី​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ទើប​អាច​ការពារ​អំណាច​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ជន​អន្តោប្រវេសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles