ក្រសួងព័ត៌មាន ព្រមានបិទការផ្សាយ និងដកអាជ្ញាប័ណ្ណឈប់ឲ្យធ្វើអាជីវកម្មជាស្ថាពរចំពោះស្ថានីយវិទ្យុ ទូរទស្សន៍ និងគេហទំព័រណាល្មើសច្បាប់បោះឆ្នោត។ អង្គការឃ្លាំមើលការបោះឆ្នោត ស្វាគមន៍ការព្រមាននេះ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) ដែលឃ្លាំមើលការបោះឆ្នោត គឺលោក កន សាវាង្ស ស្វាគមន៍ចំពោះការព្រមានរបស់ក្រសួងព័ត៌មាន។ ប៉ុន្តែលោកចង់ឲ្យអនុវត្តការព្រមានស្មើគ្នា ព្រោះព័ត៌មានខ្លះកាន់ជើងផ្ដាច់មុខរបស់គណបក្សម្ខាងៗ នាំឲ្យមានការបំប៉ោង និងបំភិតបំភ័យប្រជាពលរដ្ឋ៖ «យើងត្រេកអរដែលក្រសួងព័ត៌មានថា បើមានចំណាត់ការទៅលើវិទ្យុ ទូរទស្សន៍ ដែលផ្សាយព័ត៌មានមិនត្រឹមត្រូវ ឬល្មើសការហាមឃាត់របស់ គ.ជ.ប ឬក្រសួងព័ត៌មានហ្នឹង យើងគាំទ្រ ប៉ុន្តែសុំធ្វើឲ្យមានស្មើភាពគ្នា ពីព្រោះព័ត៌មានជាបទពិសោធន៍កន្លងមក ព័ត៌មានខ្លះ វាមានការភ័យខ្លាចដល់ប្រជាពលរដ្ឋមែនទែន ហើយរឿងខ្លះ ដូចជារឿងកើតសង្គ្រាមអីជាដើម។ អ៊ីចឹងដែលវិទ្យុខ្លះយកទៅផ្សព្វផ្សាយអ៊ីចឹងទៅ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច»។
ការស្វាគមន៍នេះ គឺទាក់ទងនឹងសេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន ដល់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី១១ ខែឧសភា អំពីការលក់ម៉ោងឲ្យគណបក្សនយោបាយ ដែលព្រមានបិទការផ្សាយ និងដកអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរចំពោះស្ថានីយវិទ្យុ ទូរទស្សន៍ និងគេហទំព័រណាល្មើសច្បាប់បោះឆ្នោត។
ទីប្រឹក្សាក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍នៅរសៀលថ្ងៃទី១៦ ខែឧសភា ថា លោកមិនអាចបញ្ជាក់ថា វិធានការលើកនេះខ្លាំងប៉ុណ្ណាទេ ប៉ុន្តែអ្វីដែលលោកជាអ្នកប្រតិបត្តិ និងអនុវត្តន៍ គឺតាមគោលការណ៍ដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចេញក្នុងនាមស្ថាប័នសាធារណ៖ «ហ្នឹងជាចំណុចដែលក្រសួងបញ្ជាក់ច្បាស់ហើយ នៅក្នុងលិខិតដែលបានផ្ញើទៅដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព កាសែត ។ល។ និង ។ល។ នៅក្នុងហ្នឹង អ្នកច្បាប់នឹងមើលទៅលើគ្រប់នីតិវិធី ទី១ ផ្អែកទៅលើការណែនាំរបស់ គ.ជ.ប ដែល គ.ជ.ប គាត់ធ្វើផ្អែកទៅតាមច្បាប់ គឺច្បាប់ស្ដីពីការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ក៏ដូចជាការបោះឆ្នោតរើសតំណាងរាស្ត្រអីអ៊ីចឹងទៅ ព្រោះរាល់ការចេញផ្សាយទាំងអស់សុទ្ធតែមានការសន្យាពីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយហ្នឹងថា គោរពទៅតាមគោលការណ៍ និងច្បាប់ទម្លាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែងថា ច្បាប់ត្រូវតែបានគោរព ប៉ុន្តែវិធានការបែបនេះ រដ្ឋាភិបាល និងរដ្ឋសភាគួរតែពិចារណាឡើងវិញ៖ «គួរតែពិចារណាធ្វើយ៉ាងណាលើកទឹកចិត្តឲ្យប្រព័ន្ធ ឬបណ្ដាញផ្សព្វផ្សាយព័ត៌មានហ្នឹង មានសេរីភាពទូលាយ នៅក្នុងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋវិញ ព្រោះជាធម្មតា ប្រជាពលរដ្ឋគាត់ត្រូវព័ត៌មានថ្មីៗ រហូត សូម្បីតែខានមួយម៉ោង ក៏គាត់ពិបាកដែរ។ វិធានការរឹតត្បិតការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋហ្នឹង មិនមែនជាការល្អទេ ហើយប្រព័ន្ធផ្សព្វផ្សាយគេមានក្រមសីលធម៌ ហើយមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។ បើសិនជាគាត់ផ្សាយខុស ឬផ្សាយមិនត្រូវ អាហ្នឹងវាបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។ អ៊ីចឹងគួរតែពន្យល់បញ្ហាហ្នឹងវិញ។ ទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យវិញ»។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា មានប្រសាសន៍ថា ក្រមសីលធម៌របស់ គ.ជ.ប សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត គ្រាន់តែជាការស្នើសុំឲ្យមានការគោរពតាមអ្វីដែលជាសំណូមពរនៅក្នុងដំណើរការបោះឆ្នោតនោះ ហើយក្រមសីលធម៌នេះមិនមានតម្លៃដាក់ទោសទណ្ឌស្មើច្បាប់ទេ។ ក៏ប៉ុន្តែលោកថា ក្រមសីលធម៌នេះ គឺយោងទៅច្បាប់បោះឆ្នោត៖ «(ខុសក្រមសីលធម៌) គ.ជ.ប មិនដែលចាត់វិធានការផ្លូវច្បាប់ទេ។ ប៉ុន្តែបើខុលគោលការណ៍កំណត់នៅក្នុងច្បាប់ ឧទាហរណ៍ដូចជាច្បាប់កំណត់ថា ប្រព័ន្ធផ្សព្វផ្សាយត្រូវតែអព្យាក្រឹត អ៊ីចឹងការផ្សព្វផ្សាយព័ត៌មានលម្អៀង ឬក៏ធ្វើឲ្យមានការភ័ន្តច្រឡំ នោះវាអាចចូលទៅក្នុងវិធានការផ្លូវច្បាប់។ អាហ្នឹងសម្រាប់ គ.ជ.ប។ បើសិនជាក្រសួងព័ត៌មាន គឺលោកមានច្បាប់មួយទៀត សម្រាប់ការអនុវត្តគ្រប់ប្រព័ន្ធផ្សព្វផ្សាយនោះ គឺច្បាប់ស្ដីពីសារព័ត៌មាន។ អ៊ីចឹងអ្នកពាក់ព័ន្ធទៅនឹងវិសាលភាពនៃច្បាប់នេះ ត្រូវតែគោរពទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់»។
ក្នុងសេចក្ដីណែនាំអំពីការលក់ម៉ោងឲ្យគណបក្សនយោបាយ កាលពីថ្ងៃទី១១ ឧសភា ក្រសួងព័ត៌មានបានព្រមានបិទការផ្សាយ និងដកអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ ចំពោះស្ថានីយវិទ្យុ ទូរទស្សន៍ និងគេហទំព័រណាល្មើសច្បាប់បោះឆ្នោត។ ក្នុងសេចក្ដីណែនាំនោះ ក្រសួងព័ត៌មានបានចែងថា ហាមការផ្សាយព័ត៌មានដោយទុច្ចរិត ដែលធ្វើឲ្យបាត់បង់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត (តាមមាត្រា ១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់)។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រង់កថាខណ្ឌចុងក្រោយ នៃមាត្រា ១៧១ ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥លាន ទៅ ២០លានរៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលគ្រប់មធ្យោបាយទុច្ចរិតធ្វើឲ្យបាត់ទំនុកចិត្តលើការណ៍សម្ងាត់នៃការបោះឆ្នោត។
ក្នុងករណីដែលម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាង ម្ចាស់គេហទំព័រណាមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្ដីជូនដំណឹងនេះ ហើយបានបំពានច្បាប់ និងគោលការណ៍ណែនាំខាងដើមនេះ ក្រសួងព័ត៌មាននឹងបិទការផ្សាយ ហើយដកហូតអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។
ក្រមសីលធម៌របស់ គ.ជ.ប សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ត្រង់ប្រការ ៦.៨ នៃបម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចែងថា ការបោះពុម្ពផ្សាយ ឬផ្សាយបន្តព័ត៌មានដែលបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម។ ប្រការ ៦.៩ ការបោះពុម្ពផ្សាយ ឬផ្សាយបន្តហេតុការណ៍ ឬព្រឹត្តិការណ៍មិនពិត ដែលជាការជេរប្រមាថ ការមើលងាយដល់ស្ថាប័នជាតិ។ ប្រការ ៦.១០ ការផ្សព្វផ្សាយមានលក្ខណៈរើសអើងប្រឆាំងនឹងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។ ប្រការ ៦.១២ ការបញ្ចេញ-បញ្ចូលនូវទស្សនៈផ្ទាល់ខ្លួន ឬក៏ធ្វើបុរេនិច្ឆ័យនៅក្នុងហេតុការណ៍កំពុងកើតមាន ដែលខ្លួនធ្វើសេចក្ដីរាយការណ៍។ ប្រការ ៦.១៦ ការធ្វើសម្ភាសន៍នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត៕