Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"សារ​ប្រកាស​សង្គ្រាម​របស់​លោក ហ៊ុន សែន ជា​ជម្រើស​ទាល់ច្រក និង​គ្មាន​ប្រសិទ្ធភាព"

$
0
0

សារ​ប្រកាស​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ក្ដែងៗ នៅ​ជិត​ការ​បោះ​ឆ្នោត ត្រូវ​បាន​ព្រះសង្ឃ អ្នក​នយោបាយ​ជើង​ចាស់ និង​តំណាងរាស្ត្រ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ចាត់​ទុក​ថា ជា​សារ​ទាល់ច្រក និង​គ្មាន​ប្រសិទ្ធភាព។

ពលរដ្ឋ​ដែល​សកម្ម​ក្នុង​ជីវភាព​នយោបាយ មាន​ប្រតិកម្ម​ស្រុះ​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​សារ​គំរាម​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ​គ្នា​ឯង ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រែក​ប្រកាស​ញឹកញាប់​នៅ​កៀក​ពេល​បោះ​ឆ្នោត។ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សម្ដែង​ការ​ហួស​ព្រះទ័យ​នឹង​ប្រមុខ​រដ្ឋាភិបាល​ដែល​មាន​វ័យ​ចំណាស់​នយោបាយ​យូរ ប៉ុន្តែ​បាន​ប្រើប្រាស់​សារ​នយោបាយ​ដដែលៗ ជា​ច្រើន​អាណត្តិ​កន្លង​មក​នេះ។ ព្រះអង្គ​មាន​ថេរដីកា​ថា យុទ្ធសាស្ត្រ​កាន់​ដំបង​សម្លុត​ឲ្យ​គេ​បោះឆ្នោត និង​ប្រកាស​សង្គ្រាម​នៅ​ពេល​ប្រជាពលរដ្ឋ ផ្លាស់ប្ដូរ​ការ​គិត និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បែប​នេះ​គឺ​ធ្វើ​ខុស​ពេល និង​គ្មាន​ប្រសិទ្ធភាព។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «គាត់​ប្រកាស​ពេល​នេះ​ខុស​ពេល​វេលា ត្រង់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​គេ​ឈប់​ខ្លាច។ គេ​ចាប់​ផ្ដើម​ឈរ​នៅ​ក្នុង​ទី​ភ្លឺ មាន​តែ​អ្នក​នយោបាយ​ខ្លួន​ឯង​ទេ ដែល​ឈរ​នៅ​ទី​ងងឹត ហើយ​ប្រកាស​ក្នុង​ទី​ងងឹត។ បើ​ប្រកាស​ចិត្តសាស្ត្រ​សង្គ្រាម​ក្នុង​ទី​ងងឹត មាន​ន័យ​ថា ធ្វើ​នយោបាយ​ជាមួយ​ពួក​បិសាច។ អ្នក​ស្រុក​ដែល​ធ្វើ​ចម្ការ ចេះ​តាមដាន​ខ្វាយខ្វល់​រឿង​នយោបាយ ចំណែក​ឯ​អ្នក​នយោបាយ​វិញ បែរ​ជា​ប្រើ​សារ​យ៉ាង​នេះ។ អាត្មា​ថា​ខុស​ពេល និង​មិន​ចំណេញ»

មិន​ត្រឹមតែ​ព្រះសង្ឃ​ទេ​ដែល​មិន​ជឿ​ថា សារ​គំរាម​លោក ហ៊ុន សែន គ្មាន​ប្រសិទ្ធភាព។ អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ក៏​ចាត់​ទុក​ថា ការ​គំរាម​ថា មាន​សង្គ្រាម គឺ​ជា​សារ​ហួស​សម័យ​ផង​ដែរ។ លោក​មិន​យល់​ទាល់តែសោះ ការណ៍​ដែល​លោក ហ៊ុន សែន ថា​មាន​សង្គ្រាម​ហ្នឹង មាន​សង្គ្រាម​ជា​មួយ​នរណា? បើ​គ្មាន​គូបដិបក្ខ គ្មាន​សត្រូវ​ដូច្នេះ។ លោក​ចាត់​ទុក​អ្នក​ថ្លែង​សារ​គំរាម​បែប​នេះ ថា​ដូច​ដឹង​ខ្លួន​ថា​នឹង​ចាញ់​ឆ្នោត៖ «ភាសា​នេះ​មិន​គួរ​មាន​ប្រសាសន៍​ក្នុង​កាលៈទេសៈ​នេះ​ទេ។ ភាសា​ហ្នឹង​ជា​ការ​គំរាមកំហែង ខ្លាច​ខ្លួន​ឯង​ចាញ់ ឬ​ក៏​ដឹង​ខ្លួន​ឯង​ចាញ់​ហើយ បាន​ជា​និយាយ​អ៊ីចឹង​នោះ»

ចំណែក​សមាជិក​សភា​ខ្មែរ-​អូស្ត្រាលី លោក ហុង លីម ដែល​ធ្លាប់​ហៅ​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ថា​ជា​របប​តិរច្ឆាន​វិញ។ លោក​ហាក់​ដូច​ជា​មិន​ភ្ញាក់ផ្អើល​នឹង​សារ​របស់​លោក ហ៊ុន សែន ទេ ដ្បិត​លោក​ស្គាល់​ចរិត​របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ដែល​កាន់​អំណាច​ជាង ៣២​ឆ្នាំ​រូប​នេះ​ថា មាន​ភាព​កាច​សាហាវ។

លោក​បន្ត​ថា លោក ហ៊ុន សែន ច្បាស់​ជា​ទាល់ច្រក​មែន​ទែន​ហើយ ទើប​ហ៊ាន​ប្រកាស​ចង់​សម្លាប់ និង​បង្ហូរ​ឈាម​ខ្មែរ​គ្នា​ឯង​ដូច្នេះ​នោះ៖ «សម្ដី​ស​ជាតិ​មារយាទ​ស​ពូជ ព្រោះ​មនុស្ស​គាត់​ហ្នឹង គឺ​ជា​មនុស្ស​ដែល​សាហាវយង់ឃ្នង គឺ​ថា របៀប​របប​គាត់​ហ្នឹង តាំង​ពី​ដើម​មក​គ្មាន​ដឹង​អី​ក្រៅ​ពី​ការ​កាប់​សម្លាប់ និង​បង្កើត​ចលាចល»

​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ហៅ​ការ​គំរាម​របស់​លោក ហ៊ុន សែន ដែល​នឹង​ធ្វើ​សង្គ្រាម ប្រសិនបើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នោះ ថា​ជា​ការ​បង្ហាញ​នូវ​ភាព​កំសាក​ខាង​ផ្នែក​នយោបាយ​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ។

ចំពោះ​បញ្ហា​ដែល​ថា អាច​នឹង​កើត​មាន​សង្គ្រាម​ដូច​ការ​គំរាម​របស់​លោក ហ៊ុន សែន ដែរ ឬ​យ៉ាង​ណា​នោះ អ្នក​ទាំង​អស់​សុទ្ធតែ​យល់​ដូច​គ្នា​ថា សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ​នៅ​ក្រោយ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​មិន​អាច​កើត​មាន​ទៅ​រួច​ទេ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ យល់​ឃើញ​ថា សង្គ្រាម​មិន​អាច​កើត​ឡើង ទោះ​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​ដោយសារ​អ្នក​កាន់​អំណាច​ខ្លួន​ឯង​ផ្ទាល់ ជា​អ្នក​លោភលន់ និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ មាន​ដី​រាប់​សិប​ហិកតារ​ពី​ការ​រឹប​អូស​ពី​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​មាន​វិឡា​បួន​ដប់​ម្នាក់ៗ​រួច​ទៅ​ហើយ ដូច្នេះ​ពួកគាត់​មិន​អាច​ធ្វើ​សង្គ្រាម​បំផ្លាញ​ទ្រព្យ​ទាំង​នេះ​បាន​នោះ​ទេ៖ «៩០​ភាគរយ​ហើយ​អត់​អាច​មាន​សង្គ្រាម ដោយ​គាត់​មិន​អាច​ធ្វើ​សង្គ្រាម​ដុត​ផ្ទះសម្បែង បំផ្លាញ​ទ្រព្យ​គាត់​ចោល​ទេ។ សង្គ្រាម​មាន​ន័យ​ថា បាញ់​មិន​រើស​មុខ។ សង្គ្រាម​មាន​ន័យ​ថា ប្រើ​ហិង្សា​ដោយ​មិន​ពិចារណា។ ដូច្នេះ​អត់​បាន​គិត​ថា នេះ​ផ្ទះ​នាយករដ្ឋមន្ត្រី​នៅ​មុខ​វាំង ឬ​ក៏​នៅ​អី​ទេ ឆេះ​ទាំង​អស់។ វត្ត​ក៏​ឆេះ វាំង​ក៏​ឆេះ ផ្ទះ​អ្នក​មាន​ក៏​ឆេះ។ ហេតុ​ដូច្នេះ ទើប​អាត្មា​ថា​ទស្សនៈ​នេះ​មិន​អាច​ទៅ​រួច​ទេ ចំពោះ​សង្គ្រាម​ហ្នឹង»

​លោក ហុង លីម ដែល​នៅ​រហូត​ដល់​ប្រទេស​អូស្ត្រាលី ឯ​ណោះ មើល​ឃើញ​ថា សង្គ្រាម​ក៏​នឹង​មិន​អាច​កើត​ឡើង​ទៅ​រួច​ដែរ ព្រោះ​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន" និង​អ្នក​មាន​អំណាច និង​អ្នក​មាន​ដុះ​ពោះ​ដទៃ ដែល​កំពុង​សប្បាយ​ហ៊ឺហា​នឹង​ទ្រព្យ​ដ៏​ស្ដុកស្ដម្ភ​ដែល​ខ្លួន​បាន​មក​ដោយសារ​ការ​ជញ្ជក់​ឈាម​ប្រទេស​ជាតិ ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ ច្បាស់​ជា​ស្ដាយ​ទ្រព្យ​ខ្លាំង​ណាស់។ ម្យ៉ាង​ទៀត សហគមន៍​អន្តរជាតិ​នឹង​មិន​ឈរ​អោប​ដៃ​មើល​ឡើយ ប្រសិនបើ​លោក ហ៊ុន សែន ធ្វើ​ដូច្នេះ «តើ​អាច​មាន​លទ្ធភាព មាន​ចិត្ត មាន​ចំណង់​ចង់​ទៅ​ធ្វើ​សង្គ្រាម​ឬ​ទេ?  រត់​រួច​ទេ? បើកាលណា​មាន​ចលាចល​ហ្នឹង​រត់​រួច​ទេ? ហើយ​បើ​រត់​ចេញ​ទៅ​ហ្នឹង អន្តរជាតិ​ទាំង​អស់​គេ​នឹង​យក​អនុវត្ត​​ឥឡូវ​ហ្នឹង»

​ព្រះអង្គ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​បន្ថែម​ទៀត​ថា កូន​ទាហាន​ច្បាស់​ជា​មិន​ហ៊ាន​លើកដៃ​បាញ់​សម្លាប់​សមាជិក​ក្រុម​គ្រួសារ​ឯង ដែល​សម្រេច​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ៖ «ប្រពន្ធ​ទាហាន កូន​របស់​នាយ​ទាហាន​អត់​នៅ​ឯ​ភ្នំពេញ​ទេ! នៅ​តាម​ភូមិ តាម​ឃុំ ហើយ​ប្រសិនបើ​ប្រពន្ធ​ទាហាន និង​កូន​ទាហាន​គាត់​ទៅ​បោះឆ្នោត​គាំទ្រ​អ្នក​ប្រជាធិបតេយ្យ ប្តី​របស់​គាត់​លើក​កាំភ្លើង​ទៅ​បាញ់​ប្រពន្ធ​គាត់ ទៅ​អត់​រួច​ទេ»

​លោក លឺ ឡាយស្រេង យល់​ស្រប​ថា ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ភ័យខ្លាច​រឿង​មាន​សង្គ្រាម​នោះ​ទេ ព្រោះ​ព្រះមហាក្សត្រ ក៏​ទ្រង់​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​តាម​ឆន្ទៈ និង​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់។ លោក​បន្ត​ថា រាស្ត្រ​ខ្មែរ​មិន​ល្ងង់​ចាញ់បោក​ការ​គំរាម​នេះ​ទេ។ ម្យ៉ាង​ទៀត តាម​ការសង្កេត​របស់​លោក ពលទាហាន​ភាគ​ច្រើន​មាន​បញ្ហា​លំបាក​ជីវភាព​ខ្លាំង ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​មួយ។ ដូច្នេះ​ពួកគាត់​នឹង​មិន​ធ្វើ​តាម​បញ្ជា​មេទ័ព ដើម្បី​សម្លាប់​ខ្មែរ​ស្លូតត្រង់​នោះ​ទេ៖ «ក្នុង​ពលទាហាន​ទាំង​អស់​ហ្នឹង​ណា៎! មិន​មែន​តាម​មេ​ទាហាន​ទាំង​អស់​នោះ​ទេ! មាន​តែ ៣០​ភាគរយ​ទេ​អាច​តាម ៧០​ភាគរយ​ទៀត​អត់​តាម​ទេ។ ពួក​អា​ប្រពន្ធ​លក់​ចេកចៀន​លក់​អី​ហ្នឹង កូន​ទាហាន​អស់​ហ្នឹង មក​ឲ្យ​ធ្វើ​សង្គ្រាម មក​សម្លាប់​បង្ហូរ​ឈាម​ខ្មែរ តើ​វា​មក ឬ​មិន​មក? កុំ​ភ្លេច​ណា៎ ខ្មែរ​ឥឡូវ​ប្រាជ្ញា​គួរ​សម​ណា៎! អា​ហ្វេសប៊ុក (Facebook) បង្រៀន​ខ្មែរ​ច្រើន​ណាស់»

​សារ​គំរាម​ថា មាន​សង្គ្រាម​បង្ហូរ​ឈាម​ដូច​គ្នា​នេះ ត្រូវ​បាន​មេដឹកនាំ​ផ្ដាច់ការ​នៃ​របប​សឹក​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា លោក ថេន សេន (Thein Sein) ប្រកាស​តាម​ហ្វេសប៊ុក របស់​គាត់​នៅ​មុន​ការ​បោះឆ្នោត​ជាតិ នៅ​ប្រទេស​ភូមា កាល​ពី​ចុង​ឆ្នាំ​២០១៥។ លោក ថេន សេន កាល​ណោះ​ប្រកាស​ដូច​គ្នា​នេះ​ថា បើ​គណបក្ស​កាន់​អំណាច​របស់​គាត់​ធ្លាក់​ឆ្នោត នោះ​នឹង​មាន​សង្គ្រាម​បង្ហូរ​ឈាម​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​ជា​លទ្ធផល ប្រជាពលរដ្ឋ​ភូមា បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) រហូត​ដល់​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។ អំណាច​ពលរដ្ឋ​តាម​រយៈ​សន្លឹកឆ្នោត ធ្វើ​ឲ្យ​លោក ថេន សេន គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​​ប្រគល់​អំណាច​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles