Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ឃុំ​ត្រពាំងភ្លាំង​ថា​ក្រុម​ឈ្មួញ​ដី​គំរាម​មិន​ឲ្យ​ពួក​គាត់​ដាំ​ដំណាំ​លើ​ដី​របស់​ពួក​គាត់

$
0
0

ប្រជាពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ​តំណាង​ឲ្យ​ពលរដ្ឋ ១៨៩​គ្រួសារ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​សាលា​ឃុំ​ត្រពាំងភ្លាំង នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ រឿង​បក្ខពួក​ឈ្មួញ​ដី​គំរាម​កំហែង​មិន​ឲ្យ​ពួក​គាត់​ដាំ​ដុះ​ដំណាំ​លើ​ដី​ដែល​ពួក​គាត់​ធ្លាប់​កាន់​កាប់។ អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​អាជ្ញាធរ​មាន​ចំណាត់ការ​ជាក់លាក់​ទៅ​លើ​ជន​ទាំងនោះ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ លោក ថន សុខា បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ការ​ប្រមូល​ផ្តុំ​នេះ ធ្វើ​ឡើង​ដោយសារ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន នៅ​ពេល​ពួក​គាត់​ចុះ​ទៅ​កាប់​ឆ្ការ​ដាំ​ដំណាំ ហើយ​ត្រូវ​ក្រុម​បក្ខពួក​ឈ្មួញ​ដី​រារាំង និង​គំរាម​ប្រើ​ហិង្សា។

ម្យ៉ាង​វិញ​ទៀត ពួក​គាត់​ធ្វើ​នេះ​ក៏​ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពន្លឿន​ការ​ចុះ​វាស់វែង និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស​ទាន់​រដូវ​ធ្វើ​ស្រែ​ចម្ការ​ផង​ដែរ៖ «»

ភាព​ចម្រូងចម្រាស​រឿង​ដីធ្លី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង នេះ បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ ក្រោយ​ពេល​អាជ្ញាធរ​ខត្ត​កំពត បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ត្រូវ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ក៏ប៉ុន្តែ​បញ្ជី​នោះ​មិន​មាន​ឈ្មោះ​ពលរដ្ឋ​ដែល​កាន់​កាប់​ដី​ជាក់ស្តែង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​មាន​ឈ្មោះ​បុគ្គល​ដែល​អ្នក​ភូមិ​មិន​ស្គាល់​ទៅ​វិញ។ ភាព​មិន​ប្រក្រតី​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​រយ​នាក់​លើក​គ្នា​មក​តវ៉ា និង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​អន្តរាគមន៍​ករណី​នេះ ហើយ​ក្រសួង​ក៏​បាន​ចេញ​លិខិត​មួយ​បញ្ជាក់​ថា ដំណើរការ​វាស់វែង និង​ការ​បិទ​ផ្សាយ​ទិន្នន័យ​ចំនួន ១០៣​ក្បាល​ដី​នោះ គឺ​អនុវត្ត​ពុំ​បាន​សមស្រប​តាម​សេចក្តី​ណែនាំ​របស់​ក្រុម​ប្រឹក្សា​គោល​នយោបាយ​ដីធ្លី​ទេ។

ក្រសួង​រៀបចំ​ដែនដី បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត ផ្អាក​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន ១០៣​ក្បាល​ដី​របស់​ពលរដ្ឋ ១០៣​គ្រួសារ​នោះ​ជា​បណ្ដោះអាសន្ន​សិន។ ទន្ទឹម​នឹង​នេះ ក្រសួង​នឹង​ចាត់​ក្រុម​ការងារ​បច្ចេកទេស សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​សុរិយោដី​ខេត្ត​កំពត ចុះ​វាស់វែង​ធ្វើ​អត្តសញ្ញាណកម្ម និង​ប្រមូល​ទិន្នន័យ​ក្បាល​ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់​កាប់ និង​ដាំ​ដុះ​ជាក់ស្តែង។

ដោយសារ​តែ​សំអាង​លើ​ហេតុផល​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​កាប់​ឆ្ការ និង​ដាំ​ដុះ​លើ​ដី​របស់​ខ្លួន​ឡើង​វិញ ដោយសារ​តែ​កន្លង​មក ក្រុម​ឈ្មួញ​ដី​ដែល​ពលរដ្ឋ​ស្គាល់​ឈ្មោះ​ថា អាំ ផល្លីន និង ហ៊ាង គន្ធី ព្រម​ទាំង​បក្ខពួក បាន​ឈូស​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់​អស់​ទៅ​ហើយ ហើយ​ពួក​គាត់​បារម្ភ​ថា បើ​មិន​មាន​ដំណាំ​ជាក់ស្តែង​ទេ អាជ្ញាធរ​នឹង​មិន​វាស់វែង​ជូន​ពួក​គាត់​នោះ​ឡើយ៖ «»

ប្រជាពលរដ្ឋ​ភូមិ​ព្រៃពាយ អះអាង​ថា អ្នក​ដែល​នៅ​ពី​ក្រោយ​បញ្ហា​ដីធ្លី​នេះ គឺ​ឈ្មួញ​ដី​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ព្រម​ទាំង​បក្ខពួក​របស់​ពួក​គេ ហើយ​ក្រុម​នេះ​ហើយ​គឺ​ជា​អ្នក​តែង​គំរាម​កំហែង និង​ប្រើ​ហិង្សា​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ពួក​គាត់។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​បុគ្គល​ទាំង​ពីរ​នាក់​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៦ ឧសភា ដើម្បី​ឆ្លើយតប​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ពលរដ្ឋ។

ទោះ​បី​ជា​យ៉ាង​ណា អភិបាល​រង​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ទាំងនេះ។ លោក​ថា ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ភ្លាមៗ បើ​សិន​ជា​មាន​ការ​គំរាម​កំហែង​ណា​មួយ​កើត​ឡើង៖ «»

ទាក់ទង​នឹង​រឿង​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ​ជា​ថ្មី​វិញ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​កំពត លោក យិន វុឌ្ឍ បញ្ជាក់​ថា លោក​កំពុង​រង់ចាំ​ក្រុម​ការងារ​របស់​ក្រសួង ដើម្បី​ធ្វើ​កិច្ចការ​នេះ​រួម​គ្នា។ ចំណែក​ឯ​រឿង​បញ្ជី​ឈ្មោះ​ដែល​ពលរដ្ឋ​តវ៉ា​ថា​មិន​មាន​ឈ្មោះ​ពួក​គាត់​នោះ​វិញ លោក យិន វុឌ្ឍ បញ្ជាក់​ថា លោក​មិន​យល់​ពី​បញ្ហា​នេះ​ទេ ព្រោះ​លោក​មិន​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់៖ «»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ ដែល​បាន​តាមដាន​ករណី​នេះ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ពលរដ្ឋ​ថា​មាន​ឈ្មួញ​ដី និង​បក្ខពួក​គំរាម​កំហែង និង​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គាត់​នោះ គឺ​ជា​រឿង​ពិត ហើយ​វា​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៥ មក ដោយ​គ្មាន​ចំណាត់ការ​ជាក់លាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចូល​ទៅ​ធ្វើ​ចម្ការ​លើ​ដី​របស់​ពួក​គាត់​ឡើយ៖ «»

ក្រៅ​ពី​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ទៅ​លើ​អ្នក​គំរាម​កំហែង និង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ លោក ហេង ភារៈ ក៏​ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ​ផង​ដែរ​ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បំពេញ​មុខងារ​របស់​មន្ត្រី​ថ្នាក់​ខេត្ត ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​អ្នក​ត្រូវ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ដែល​មិន​មែន​ជា​ពលរដ្ឋ​កាន់​កាប់​ដី​ជាក់ស្តែង​នោះ​ដែរ៖ «»

រាជ​រដ្ឋាភិបាល កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ បាន​សម្រេច​កាត់​ដី​ទំហំ ៥២៣,១៣​ហិកតារ ចេញ​ពី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ និង​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ សម្រាប់​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ១០៣​គ្រួសារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ក្រុម​ប្រជាពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដីធ្លី​ទាំងនេះ​នៅ​ឡើយ ដោយ​ពួក​គាត់​កំពុង​រង់ចាំ​ការ​ចុះ​វាស់វែង​របស់​ក្រុម​ការងារ​ក្រសួង។

ពួក​គាត់​អះអាង​ថា នឹង​លើក​គ្នា​ទៅ​តវ៉ា​នៅ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ ព្រោះ​ដី​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​ឲ្យ​ពលរដ្ឋ​ក្រីក្រ មិន​មែន​សម្រាប់​ក្រុម​ឈ្មួញ ឬ​មន្ត្រី​ខិលខូច​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles