មន្ត្រីអង្គការសង្គមស៊ីវិល ព្រួយបារម្ភពីបញ្ហាអនុប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ធ្វើការងារពីរកន្លែង ដោយធ្វើការរដ្ឋផង និងធ្វើជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តផង។ មន្ត្រីសង្គមស៊ីវិលអះអាងថា មន្ត្រីរាជការតំណែងខ្ពស់ធ្វើការងាររៀបចំការបោះឆ្នោត គឺអាចនាំឲ្យការបោះឆ្នោតមិនអព្យាក្រឹតបាន ព្រោះមន្ត្រីរូបនោះជាសមាជិកគណបក្សកាន់អំណាច។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លើកឡើងថា លេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ មិនគួរឲ្យអនុប្រធានមន្ទីរទេសចរណ៍ ធ្វើជាមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍នៅថ្ងៃទី១៦ ឧសភា ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តមួយនេះ គឺលោក លាង ឆាយ ធ្វើការងារទទួលប្រាក់ខែពីរកន្លែង គឺការងារនៅមន្ទីរផង និងធ្វើជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ផង។
លោកសង្កត់ធ្ងន់ថា មន្ត្រីរាជការធ្វើការជាគណៈកម្មការរៀបចំការបោះឆ្នោតក្នុងតំណែងខ្ពស់ នាំឲ្យការបោះឆ្នោតមិនយុត្តិធម៌ ព្រោះជាទូទៅ ប្រធាន និងអនុប្រធាននៅតាមមន្ទីរ ភាគច្រើនជាសមាជិកគណបក្សប្រជាជនកម្ពុជា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងទៅអព្យាក្រឹតភាពអ្នកកាន់ការងារបោះឆ្នោត ជាពិសេសអ្នកចេញមកពីគណបក្សនយោបាយទៅកាន់តំណែងគណៈកម្មការរៀបចំការបោះឆ្នោត ដែលនាំឲ្យមិនមានភាពយុត្តិធម៌»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក លាង ឆាយ អះអាងថា លោកបានសុំច្បាប់សម្រាកពីការងារពីក្រសួងទេសចរណ៍ ហើយខាងក្រសួងក៏បានអនុញ្ញាតច្បាប់ឲ្យលោកដែរ ទើបលោកចូលធ្វើការជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតនោះ។ លោកបន្ថែមថា លោកចូលធ្វើការងារបោះឆ្នោត គឺមិនខុសច្បាប់ឡើយ៖ «ខ្ញុំតាំងពីពាក់កណ្ដាលខែកុម្ភៈ មក ព្រោះកន្លែងត្រង់ចំណុចនេះ វាមានអនុក្រឹត្យមួយ គេឲ្យមន្ត្រីរាជការបោះឆ្នោត ដោយគេរក្សាអតីតភាពប្រាក់បៀវត្សរ៍នៅទាំងអស់ ដូចគ្រូបង្រៀនដែលគាត់ចូលធ្វើការងារបោះឆ្នោតដែរ»។
ចំណែកប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក ហ៊ី គឹមសេង មានប្រសាសន៍ថា លោក លាង ឆាយ ដាក់ពាក្យប្រឡងធ្វើជាមន្ត្រីរៀបចំការបោះឆ្នោតត្រឹមត្រូវដូចបេក្ខជនដទៃទៀតដែរ។ លោកបន្ថែមថា លោក លាង ឆាយ ជាប់ជាបុគ្គលិកកិច្ចសន្យាធ្វើការងាររយៈពេល ៥ខែ ដោយផុតអាណត្តិនៅថ្ងៃទី៣០ មិថុនា៖ «បាទ! គាត់ធ្វើជាអនុប្រធានលេខាធិការដ្ឋាន ធ្វើរយៈពេលខ្លីចំនួន ៥ខែក្នុងមួយអាណត្តិ»។
ទោះជាយ៉ាងនេះក្ដី លោក ស៊ុំ ច័ន្ទគា លើកឡើងថា អនុប្រធានមន្ទីរទេសចរណ៍រូបនេះមិនត្រឹមតែធ្វើជាមន្ត្រីអាជ្ញាកណ្ដាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មិនយុត្តិធម៌ប៉ុណ្ណោះទេ គឺទទួលបានប្រាក់ខែពីរកន្លែងក្នុងពេលតែមួយ ហើយធ្វើឲ្យខាតបង់ថវិការបស់ជាតិ បាត់បង់ឱកាសសម្រាប់យុវជន អ្នកគ្មានការងារធ្វើដទៃទៀត និងជាកត្តានាំឲ្យការអភិវឌ្ឍសង្គមជាតិមិនរីកចម្រើន៕