Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ស្រាវជ្រាវ​សន្តិភាព​ថា​កម្ពុជា​មិន​មាន​ទម្រង់​បដិវត្តន៍​ពណ៌​ដូច​ការ​អះអាង​របស់​អាជ្ញាធរ​ឡើយ

$
0
0

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ស្រាវជ្រាវ​សន្តិភាព​មើល​ឃើញ​ថា ប្រទេស​កម្ពុជា មិន​ទាន់​មាន​ទម្រង់​បដិវត្តន៍​ដូច​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដូច​ការ​អះអាង​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ឡើយ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦ អាជ្ញាធរ​បាន​ទប់ស្កាត់​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ និង​សកម្មភាព​បាតុកម្ម​កូដកម្ម​បាន​ជាង ១​ពាន់​លើក។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លើក​ឡើង​ថា បដិវត្តន៍​ពណ៌ គឺ​ជា​សកម្មភាព​របស់​ក្រុម​មួយ ឬ​ច្រើន ដែល​ប្រមូល​ផ្តុំ​ធ្វើ​សកម្មភាព​ផ្ដួល​រំលំ ឬ​បណ្ដេញ​រដ្ឋាភិបាល​ចេញ​ពី​អំណាច ទោះ​ជា​តាម​រយៈ​រូបភាព​ហិង្សា​ក្តី ឬ​អហិង្សា​ក្តី។ ប៉ុន្តែ​រូបភាព​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​បែប​នេះ មិន​ទាន់​ឃើញ​កើត​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​សារ​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ជូន​កង​កម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២​ឆ្នាំ ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ឧសភា លោក ស ខេង លើក​ឡើង​ថា បើ​ទោះ​ជា​សកលលោក​ទាំងមូល​កំពុង​ប្រឈម​បញ្ហា​អសន្តិសុខ និង​ការ​គំរាម​កំហែង​ជាច្រើន​ក្តី ប៉ុន្តែ​កម្ពុជា នៅ​តែ​រក្សា​បាន​នូវ​សន្តិភាព ជាពិសេស​ស្ថិរភាព​នយោបាយ​ត្រូវ​បាន​ធានា បញ្ចៀស​បាន​នូវ​អំពើ​ភេរវកម្ម និង​ការ​បង្ក​ចលាចល​សង្គម និង​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌។

ចំណែក​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ក្នុង​ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ជាតិ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធានា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ទប់ស្កាត់​រាល់​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ព្រម​ទាំង​សកម្មភាព​បាតុកម្ម​កូដកម្ម​ជាង ១​ពាន់​លើក។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សាទរ​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​សកម្មភាព​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​សង្គម ដូចជា​ចោរកម្ម ឆក់​ប្លន់ បញ្ហា​ចរាចរណ៍ និង​បង្ក្រាប​គ្រឿង​ញៀន​ជាដើម ប៉ុន្តែ​លោក​ថា​នៅ​ពេល​អាជ្ញាធរ​និយាយ​ពី​ការ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​វិញ លោក​ថា កម្ពុជា មិន​ទាន់​មាន​សញ្ញាណ​នៃ​បដិវត្តន៍​ពណ៌​នៅ​ឡើយ​ទេ។

ផ្ទុយ​ទៅ​វិញ លោក​ថា​នៅ​កម្ពុជា ឃើញ​មាន​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា និង​បញ្ហា​អយុត្តិធម៌​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ឬ​តុលាការ​ដោះស្រាយ ដូចជា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ទាមទារ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ជាប់​ឃុំ ជាដើម។ ប៉ុន្តែ​លោក អំ សំអាត ថា​ការ​តវ៉ា ឬ​ការ​ទាមទារ​ទាំងអស់​នេះ មិន​អាច​ចាត់​ទុក​ថា​ជា​សញ្ញាណ​នៃ​បដិវត្តន៍​នោះ​ទេ ព្រោះ​អ្នក​តវ៉ា​មិន​បាន​ទាមទារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ឡើយ៖ «យើង​នៅ​គិត​ថា​នៅ​តែ​បែងចែក​មិន​ដាច់​នូវ​អ្វី​ដែល​ជា​បដិវត្តន៍​ពណ៌ និង​អ្វី​ដែល​ជា​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ បើ​យើង​និយាយ​ពី​បដិវត្តន៍​ពណ៌​ក្នុង​ន័យ​មួយ គឺ​ការ​ធ្វើ​បដិវត្តន៍​តាម​រូបភាព​ណា​ក៏ដោយ​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​នៅ​កម្ពុជា យើង​ពុំ​ទាន់​ឃើញ​មាន​សញ្ញាណ​ណា​មួយ​លេច​ចេញ​រូបរាង​ឡើយ»

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខិត​ជិត​ចូល​មក​ដល់ ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ព្រមាន​ជា​ញឹកញាប់​ពី​ការ​កើត​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ដឹកនាំ​ប្រទេស។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​បាន​ព្រមាន​ជា​មុន​ថា នឹង​ប្រើ​កម្លាំង​បង្ក្រាប​ចំពោះ​ក្រុម​ណា​ដែល​ចេញ​មុខ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត ដែល​លោក​ចាត់​ទុក​ថា បង្ក​អសន្តិសុខ​ដល់​សង្គម បើ​ទោះ​ជា​លោក​ថា​ការ​បង្ក្រាប​នោះ​បង្ក​ទៅ​ជា​សង្គ្រាម​ក៏ដោយ ក៏​លោក​មិន​ខ្លាច​ឡើយ។

បន្ថែម​ពី​លើ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក៏​បាន​ព្រមាន​វាយ​បំបែក​ធ្មេញ​អ្នក​ណា​ដែល​ហ៊ាន​ចេញ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​ទៀត​ផង។ លោក ទៀ បាញ់ ក៏​តែង​រម្លឹក​ប្រាប់​កងទ័ព​ឲ្យ​ត្រៀម​ខ្លួន​ការពារ​រដ្ឋាភិបាល​ពី​ចលនា​បដិវត្តន៍​ពណ៌។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​បញ្ចៀស​សង្គ្រាម។ លោក​ថា តាំង​ពី​ឆ្នាំ​១៩៩៣ មក ដោយសារ​តែ​មាន​ការ​បោះឆ្នោត ទើប​ប្រទេស​កម្ពុជា គ្មាន​សង្គ្រាម ដូច្នេះ​ការ​បោះឆ្នោត គឺ​ជា​ការ​បញ្ចៀស​សង្គ្រាម មិន​មែន​ជា​ការ​បង្កើត​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ លោក ឆាំ ប៊ុនថេត មើល​មិន​ឃើញ​ថា កម្ពុជា មាន​សញ្ញាណ​នៃ​បដិវត្តន៍​ពណ៌​ឡើយ។ ក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិភាព លោក​ទទួល​ស្គាល់​ថា កម្ពុជា មាន​សន្តិភាព ដោយសារ​កម្ពុជា មិន​មាន​សង្គ្រាម ឬ​ការ​ប្រឈម​ផ្នែក​ប្រដាប់​អាវុធ ប៉ុន្តែ​លោក​ថា បើ​និយាយ​ពី​សន្តិភាព​ផ្លូវ​ចិត្ត​វិញ ពលរដ្ឋ​ខ្មែរ​នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ ដោយសារ​តែ​ពលរដ្ឋ​នៅ​ទទួល​រង​នូវ​អំពើ​អយុត្តធម៌​សង្គម សិទ្ធិ​សេរីភាព​ត្រូវ​បាន​រំលោភ​បំពាន និង​ដីធ្លី​ត្រូវ​បាន​រឹបអូស ជាដើម៖ «ចំណុច​មួយ​ដែល​ខ្វះខាត​នៅ​ក្នុង​សង្គម​ខ្មែរ​យើង គឺ​សន្តិភាព​វិជ្ជមាន គឺ​ការ​រស់នៅ​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច គេ​មក​យក​ដី​យក​ផ្ទះ​យើង​នៅ​មាន​នៅ​ឡើយ​នៅ​ក្នុង​សង្គម​ខ្មែរ»

លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​មិន​គួរ​បារម្ភ​ហួស​ហេតុ​រហូត​ដល់​ចាត់​ទុក​ការ​ប្រមូល​ផ្តុំ ឬ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ពី​រឿង​អ្វី​មួយ ថា​ជា​បដិវត្តន៍​ពណ៌​នោះ​ទេ។ លោក អំ សំអាត យល់​ថា ដើម្បី​ឲ្យ​សង្គម​មាន​ស្ថិរភាព និង​សណ្ដាប់ធ្នាប់ អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​ជួប​ប្រទះ​ឲ្យ​ចប់​សព្វគ្រប់ ជាជាង​រង់ចាំ​តែ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា ហើយ​ចោទ​ពលរដ្ឋ​ថា​ជា​អ្នក​បង្ក​ចលាចល ឬ​បដិវត្តន៍​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles