Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្ត​ក្រចេះ​ប្រឈម​នឹង​បាត់​សិទ្ធិ​បោះឆ្នោត​ព្រោះ​គ្មាន​ឯកសារ

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ក្រចេះ ព្រួយ​បារម្ភ​ថា នឹង​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​នៅ​ខែត្រ​នេះ នឹង​បោះបង់​ចោល​ការ​ធ្វើ​ឯកសារ​ពាក់ព័ន្ធ​បម្រើ​ឲ្យ​ការ​បោះឆ្នោត និង​អាច​បាត់បង់​សិទ្ធិ​បោះឆ្នោត។ ការ​បារម្ភ​នេះ នៅ​គ្រា​ដែល​ប្រតិទិន​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​សល់​ជិត ២០​ថ្ងៃ​ទៀត ក៏ប៉ុន្តែ​ពលរដ្ឋ​ដែល​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត​មួយ​ចំនួន​ធំ នៅ​ពុំ​ទាន់​បាន​បំពេញ​បែបបទ​គ្រប់គ្រាន់​នៅ​ឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៦ ឧសភា អំពាវនាវ​ឲ្យ គ..ប រក​មធ្យោបាយ​សម្រួល​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​គ្រប់​ឃុំ​ទាំងអស់ មាន​លទ្ធភាព​បោះឆ្នោត​បាន និង​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បន្ថែម​ល្បឿន​ផ្សព្វផ្សាយ​ពី​នីតិវិធី​បំពេញ​បែបបទ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ឲ្យ​គ្រប់​ជ្រុងជ្រោយ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ពុំ​ទាន់​ទទួល​ដំណឹង​ករណី​នេះ​នៅ​ឡើយ។

សមាជិក​ក្រុម​ប្រឹក្សា​ខែត្រ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ក្រចេះ លោក អឿ គឹមហ៊ាន ឲ្យ​ដឹង​ថា នីតិវិធី​របស់ គ..ប កំពុង​បង្ក​ជា​ឧបសគ្គ​ដល់​ពលរដ្ឋ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​ថត​រូប ៣ x ៤ ចំនួន​បី​សន្លឹក និង​ស្វែងរក​សាក្សី​ពីរ​នាក់​ទៀត​មក​បង្ហាញ​មុខ​ផ្ទាល់​នៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​បំពេញ​ទម្រង់​បែបបទ​ធ្វើ​ពាក្យ​ស្នើសុំ ទើប​អាច​បោះឆ្នោត​បាន។ លោក​ថា រហូត​មក​ទល់​ពេល​នេះ ស្ទើរ​តែ​គ្រប់​ឃុំ​នៅ​ខែត្រ​ក្រចេះ មាន​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​ដែល​ទៅ​បំពេញ​បែបបទ​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ លោក​បន្ថែម​ថា ពលរដ្ឋ​ដែល​ប្រឈម​បាត់បង់​សិទ្ធិ​បោះឆ្នោត​ច្រើន គឺ​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ជនបទ៖ «ដោយសារ​មាន​ការ​ប្រែប្រួល​ចឹង ហើយ​ព័ត៌មាន​នេះ​ពួក​គាត់​ពុំ​សូវ​បាន​ដឹង ហើយ​ទី​ពីរ ពួក​គាត់​ដោយសារ​កត្តា​ជីវភាព និង​ចំណាក​ស្រុក។ ចឹង​គាត់​ទៅ​ឆ្ងាយ គាត់​ពិបាក​ក្នុង​ការ​ផ្លាស់ប្ដូរ​ដោយសារ​នៅ​ឆ្ងាយ ទៅ​ថៃ ឬ​ទៅ​ភ្នំពេញ​ធ្វើ​កម្មករ​ចឹង ហើយ​ទី​បី ពាក់ព័ន្ធ​អ្នក​នៅ​ជនបទ តែ​គាត់​ខ្វះ​មធ្យោបាយ​ក្នុង​ការ​មក​ធ្វើ​ឯកសារ​សម្រាប់​បម្រើ​ការ​បោះឆ្នោត»

..ប បាន​ប្រកាស​ថា ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ ចំណែក​ពលរដ្ឋ​ដែល​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ ត្រូវ​យក​រូបថត​បី​សន្លឹក និង​សាក្សី ២​នាក់​មក​បង្ហាញ​មុខ​ផ្ទាល់​នៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​បំពេញ​ទម្រង់​បែបបទ​ធ្វើ​ពាក្យ​ស្នើសុំ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៤ ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។

ពលរដ្ឋ​រស់នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ លោកស្រី ណាន់ សំអុល ឲ្យ​ដឹង​ថា កូន​របស់​លោកស្រី​នៅ​ពុំ​ទាន់​បំពេញ​បែបបទ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ ខណៈ​ពួក​គេ​កន្លង​ទៅ បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ ដោយសារ​តែ​ពួក​គាត់​ជាប់​រវល់​ការងារ​ស្រែ​ចម្ការ។ លោកស្រី​ថា អ្នក​ភូមិ​មួយ​ចំនួន​ក៏​មិន​សូវ​ចាប់​អារម្មណ៍​បំពេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដែរ ហើយ​ក៏​មាន​អ្នក​ភូមិ​ខ្លះ នៅ​ពុំ​ទាន់​ទទួល​ដំណឹង​ករណី​នេះ​នៅ​ឡើយ​ទេ៖ «ចាំ​មើល​ស្អែក ឬ​ខានស្អែក​អី ខ្ញុំ​នឹង​នាំ​កូន​ខ្ញុំ​មក​សាលា​ឃុំ តែ​ខ្ញុំ​អត់​មាន​ម៉ូតូ​ជិះ​មក អត់​មាន​ម៉ូតូ ខ្ចី​គេ​អត់​បាន ជួល​ក៏​អត់​បាន​ដែរ»

ឆ្លើយតប​រឿង​នេះ អនុប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ខែត្រ​ក្រចេះ លោក តន់ តារា ក៏​សម្ដែង​ក្តី​បារម្ភ​ពី​ការ​បញ្ជាក់​ឯកសារ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត ជូន​ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល ខណៈ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ពុំ​ទាន់​យល់​ពី​នីតិវិធី​បំពេញ​បែបបទ​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ លោក​អះអាង​ថា គ..ប ខែត្រ​ក្រចេះ កំពុង​ប្រឹងប្រែង​ដោយ​ចាត់​ឲ្យ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​ឃុំ​ទាំងអស់ រក​មធ្យោបាយ​ដើម្បី​ឲ្យ​ពលរដ្ឋ​មក​បំពេញ​ឯកសារ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​គ្រប់​គ្នាៗ ហើយ​បញ្ហា​នេះ​ក៏​ទាមទារ​ឲ្យ​ពលរដ្ឋ​សហការ​ដែរ៖ «យើង​ខិតខំ​ទាំងអស់​គ្នា ចំពោះ​គាត់​មិន​ដឹងយ៉ាង​ម៉េច​ទេ សំខាន់​ប្រជាពលរដ្ឋ​គាត់​សហការ​ជាមួយ​ខាង​ខ្ញុំ​ដែរ។ ពួក​ខ្ញុំ​ខំ​ប្រឹង​ណាស់ ដុត​ដៃ​ដុត​ជើង​ដែរ​បញ្ហា​ហ្នឹង មិន​ព្រងើយ​កន្តើយ​បញ្ហា​ហ្នឹង​ទេ»

ទិន្នន័យ​របស់ គ..ប ខែត្រ​ក្រចេះ បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​ខែត្រ​នេះ​ប្រមាណ​ជាង ១​ម៉ឺន​នាក់ (១១.៥៦៥​នាក់) ឬ​ស្មើ​ជាង ២០​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១៧​ម៉ឺន​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នៅ​ពុំ​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ឡើយ ដែល​តម្រូវ​ឲ្យ​ពួក​គាត់​ទៅ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត។

ទាក់ទង​ករណី​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ធ្លាប់​បញ្ជាក់​ថា នីតិវិធី​របស់ គ..ប កំពុង​បង្ក​ភាព​ស្មុគស្មាញ​ដល់​ពលរដ្ឋ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​បោះបង់​ចោល​ក្នុង​ការ​ធ្វើ​ឯកសារ​ពាក់ព័ន្ធ​ទាំងនោះ នឹង​អាច​បាត់បង់​សិទ្ធិ​បោះឆ្នោត ទោះ​បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្តី។ លោក​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន ប្រសិន​បើ​ពួក​គេ​ខ្វះ​អត្តសញ្ញាណប័ណ្ណ​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles