ពេលដែលយុទ្ធនាការឃោសនារកសំឡេងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាន់តែខិតជិតមកដល់ហើយនៅសល់តែ ៤ថ្ងៃទៀតនេះ គឺអាជ្ញាធរនៅតាមមូលដ្ឋានខ្លះនៃស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានចុះតាមភូមិ ហើយចែកអំណោយជូនប្រជាពលរដ្ឋដូចជាឲ្យលុយ និងក្រមា ជាដើម។
ការចុះចែកអំណោយជាលុយកាក់នោះ ត្រូវអ្នកភូមិខ្លះនិយាយថា បានភ្ជាប់ទៅនឹងលក្ខខណ្ឌត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងមកដល់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
ពលរដ្ឋមួយចំនួននៅភូមិតាយិន ឃុំស្នួល នៃស្រុកក្រឡាញ់ ចោទប្រកាន់មេភូមិនេះ រួមនឹងអ្នកគាំទ្រគណបក្សកាន់អំណាចខ្លះទៀត ថាបានយកលុយទៅដើរចែកនៅតាមផ្ទះ ព្រមទាំងបង្ខំឲ្យមនុស្សខ្លះស្បថនៅពេលដែលគេសង្ស័យថា អាចនឹងមិនបោះឆ្នោតឲ្យគណបក្សរបស់គេទេនោះ។
អ្នកភូមិតាយិន ម្នាក់ក្នុងចំណោមជាច្រើនទៀតដែលទៅកន្លែងចែកលុយ ហើយត្រូវគេបង្ខំឲ្យស្បថនោះ គឺលោកស្រី សាវុន រៀប។ លោកស្រីអះអាងនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ថា កាលពីថ្ងៃទី១៤ ខែឧសភា មេភូមិតាយិន ឈ្មោះ លី ហ៊ិន និងអនុប្រធានភូមិឈ្មោះ ហួយ វ៉ាត ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត បានទៅចែកលុយឲ្យអ្នកភូមិរបស់គាត់ក្នុងម្នាក់ៗចំនួន ៥.០០០រៀល។ នៅថ្ងៃនោះ មេភូមិ និងក្រុមការងារ បានបើកបញ្ជីហៅឈ្មោះអ្នកភូមិ រួចហើយចែកលុយ ចំណែករូបគាត់គ្មានឈ្មោះនៅក្នុងបញ្ជីបើកលុយនោះទេ ស្រាប់តែពេលនោះ ក្រុមការងារម្នាក់បានឲ្យគាត់ស្បថជាមុនសិន ប្រសិនបើចង់បានលុយ ៥.០០០រៀលដូចគេ៖ «គេមើលតែឈ្មោះ បើកលុយឲ្យ ៥.០០០រៀល មានអីនឹងច្រើន។ តែខ្ញុំមិនឃើញឈ្មោះ ដល់នេះតា ណូ គាត់ថាបើសិនជាចង់បានលុយនេះ ចុះឈ្មោះឲ្យទៅ ប៉ុន្តែសច្ចាឲ្យសិន ឲ្យឡានបុក ឲ្យឡានជល់ បើមិនបោះឆ្នោតឲ្យ CPP»។
អ្នកភូមិតាយិន ម្នាក់ទៀត លោកស្រី ឈត់ ភាព មានប្រសាសន៍ថា ថ្ងៃទី១៤ ខែឧសភា នោះ គឺពិតជាមេភូមិ អនុប្រធានភូមិ និងក្រុមការងារដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានទៅចែកប្រាក់នៅភូមិរបស់គាត់មែន។ ស្ត្រីដដែលបញ្ជាក់ថា គាត់មិនបានទៅកន្លែងចែកលុយនោះទេ ប៉ុន្តែគាត់ក៏បានលុយដែរ គឺគេផ្ញើមកឲ្យតាមរយៈបងស្រីរបស់គាត់៖ «ប្រាក់បើកឲ្យមែនហើយ ទទួលយក បងស្រីខ្ញុំអ្នកកាន់មក។ គាត់ទៅប្រាប់ថានេះប្រាក់គេឲ្យ ១៥.០០០រៀល»។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចស្វែងរកការទាក់ទងមេភូមិតាយិន លោក លី ហ៊ិន និងបុរសម្នាក់ឈ្មោះ ធួក ណូ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៦ ខែឧសភា។
ចំណែកមេឃុំស្នួល លោក ពេជ្រ សារឿ បានច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះថានិយាយមិនពិត។ លោកមេឃុំស្នួល ទទួលស្គាល់ថា ការចែកលុយឲ្យប្រជាពលរដ្ឋនៅតាមភូមិនោះ គឺពិតជាមានមែន ដោយសារគណបក្សប្រជាជនកម្ពុជា ធ្វើអំណោយមិនមែនតែនៅក្នុងឃុំរបស់លោកទេ គឺនៅគ្រប់ឃុំក្នុងស្រុកក្រឡាញ់ សម្រាប់ទុកកំដរដៃ ប៉ុន្តែគ្មានអាជ្ញាធរណាទៅបង្ខំឲ្យប្រជាពលរដ្ឋស្បថនោះឡើយ៖ «ឲ្យស្បថឲ្យរន្ទះបាញ់អី មិនដែលមែនទេ។ ប្រជាជនខ្លះចេះតែនិយាយបង្ខូចគេ និយាយនេះមិនត្រឹមត្រូវទេ»។
ប្រភពពីប្រជាពលរដ្ឋភូមិតាយិន ឲ្យដឹងថា កាលពីមុនការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ ក៏អាជ្ញាធរមូលដ្ឋាន និងក្រុមការងារគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្លាប់ចុះចែកសារុងឲ្យពួកគេដូចពេលនេះដែរ។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា ការដែលអាជ្ញាធរមូលដ្ឋានចុះចែកអំណោយនៅតាមផ្ទះមុនពេលការឃោសនារកសំឡេងឆ្នោតចាប់ផ្ដើមនេះ គឺជាការឆ្លៀតចំណេញខាងនយោបាយ ខុសនឹងច្បាប់បោះឆ្នោតរបស់ គ.ជ.ប។ អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សដដែលសង្កេតឃើញថា រាល់សកម្មភាពរបស់អាជ្ញាធរមូលដ្ឋានដែលចុះឃោសនារកសំឡេងគាំទ្រឲ្យគណបក្សកាន់អំណាចដូចនេះ គឺលោកមិនសូវឃើញ គ.ជ.ប ឬក៏សមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនោះទេ៕