Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ការពារ​សហគមន៍​ខេត្ត​រតនគីរី​នៅ​តែ​បន្ត​មាន

$
0
0

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​លំជ័រ និង​សហគមន៍​ភូមិ​ឡែ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា បទល្មើស​កាប់​យក​ឈើ និង​កាប់​រាន​ព្រៃ​យក​ដី​នៅ​ក្នុង​ព្រៃ​សហគមន៍​ការពារ​នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​អះអាង​ថា នឹង​ចាត់វិធានការ​បង្ក្រាប​យ៉ាង​ណា​ក្ដី។ សហគមន៍​បារម្ភ​កើត​មាន​អំពើ​ហិង្សា​រវាង​ក្រុម​ល្បាត​សហគមន៍ និង​ជនល្មើស។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​លំជ័រ និង​តំណាង​សហគមន៍​ភូមិ​ឡែ ឯកភាព​គ្នា​រៀបចំ​ពាក្យ​ប្ដឹង​​សមាជិក​សហគមន៍​ចំនួន ១១​នាក់ ដែល​ជាប់​សង្ស័យ​ថា បាន​កាប់​យក​ឈើ និង​កាប់​រាន​ព្រៃ​យក​ដី​ព្រៃ​ការពារ​របស់​សហគមន៍​នៅ​ពេល​ឆាប់ៗ​នេះ។

កាល​ពី​ចុង​សប្ដាហ៍​មុន​មេ​ឃុំ​លំជ័រ និង​តំណាង​សហគមន៍​បាន​មក​កាន់​ការិយាល័យ​អង្គការ​អាដហុក (ADHOC) ខេត្ត​រតនគិរី ដើម្បី​ពិគ្រោះ​យោបល់​ទិដ្ឋភាព​ច្បាប់​ខណៈ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នៅ​តែ​បន្ត​កើត​មាន​ចំណែក​មន្ត្រី​មូលដ្ឋាន និង​គណៈកម្មការ​ការពារ​ព្រៃ​សហគមន៍​មិន​មាន​លទ្ធភាព​ទប់ស្កាត់​​ការ​បំផ្លាញ​ព្រៃឈើ​នោះ​បាន។

មេ​ឃុំ​លំជ័រ លោក សេវ ស្វាន បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ថា សមាជិក​សហគមន៍​ភូមិ​ឡែ និង​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​ភូមិ​សោមគល់ នៅ​តែ​កាប់​រាន​ព្រៃ​យក​ដី និង​កាប់​យក​ឈើ​មូល​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​ទប់ស្កាត់។ លោក​ថា លោក​បាន​ធ្វើ​របាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​ព្រៃឈើ​ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ច្រើន​លើក ក៏​ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់​ការ​ទប់ស្កាត់​ករណី​នេះ​នៅ​ឡើយ៖ «»។

​ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សហគមន៍​ភូមិ​ឡែ លោក សេវ ហាន បញ្ជាក់​ថា ក្រុម​ល្បាត​សហគមន៍​​ស្ទើរ​បោះបង់​ភារៈ​របស់​ខ្លួន​ដោយសារ​គ្មាន​លទ្ធភាព​បង្ក្រាប​ជន​កាប់​រាន​ព្រៃឈើ​បាន​ដោយសារតែ​មិន​មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​ស្រុក ឬ​មន្ត្រី​ជំនាញ​ដែល​មាន​លទ្ធភាព​បង្ក្រាប​ករណី​នេះ។ លោក​ថា សមាជិក​សហគមន៍​ភាគ​ច្រើន​បាន​ឯកភាព​គ្នា​រួច​ហើយ​ថា នឹង​រៀបចំ​ពាក្យ​ប្ដឹង​ជន​ពាក់ព័ន្ធ​ទៅ​មន្ត្រី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​ឲ្យ​ចាត់​វិធានការ​ស៊ើបអង្កេត​រឿង​នេះ៖ «»។

​កាល​ពី​ខែ​មីនា កន្លង​ទៅ​សមាជិក​សហគមន៍​ភូមិ​ឡែ​ម្នាក់ បាន​បង្ហោះ​រូបភាព​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ និង​បញ្ចេញ​ទស្សនៈ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​មាន​ខ្លឹមសារ​ថា "ឯ​ណា​ទៅ​ច្បាប់​ព្រៃ​ឈើ? អស់​ឈើ​ហើយ​តំបន់​ព្រៃ​ការពារ​ភូមិ​ឡែ។ តើ​ហេតុអ្វី​សមត្ថកិច្ច​មិន​ចុះ​បង្ក្រាប​ជន​ខិលខូច​អារ​ឈើ​ខុស​ច្បាប់?អ្នក​មាន​អំណាច​គេ​មិន​សូវ​ខ្វល់​ពី​ធនធាន​ព្រៃ​ឈើ​នោះ​ទេ គិតតែ​​ពី​ដណ្ដើម​អំណាច"។

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ថា មន្ត្រី​ខណ្ឌ​មិន​បាន​ទទួល​របាយការណ៍​ណា​មួយ​ទាក់ទិន​បទល្មើស​ព្រៃឈើ​ដែល​សហគមន៍​អះអាង​នោះ​ទេ។ លោក​ថា តំណាង​សហគមន៍​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​មក​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប្រសិន​មន្ត្រី​ថ្នាក់​ស្រុក​មិន​ចាត់ការ​បទល្មើស​ព្រៃ​ឈើ​នេះ៖ «»។

​ក្រសួង​កសិកម្ម​បាន​កាត់​ចេញ​តំបន់​គម្រប​ព្រៃឈើ​ជាង ២.៧០០​ហិកតារ ប្រគល់​ឲ្យ​សហគមន៍​ភូមិ​ឡែ អភិរក្ស​ជា​ព្រៃ​ការពារ​តាំង​ពី​ឆ្នាំ​២០០៩ ក៏ប៉ុន្តែ​របាយការណ៍​អង្កេត​របស់​មន្ត្រី​អង្គការ​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ឈើ​ប្រណិត និង​ឈើ​មូល​ក្នុង​ព្រៃ​នេះ​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​អស់​ស្ទើរ​គ្មាន​សល់​​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បច្ចុប្បន្ន​ឈើ​នៅ​សេសសល់​កំពុង​ត្រូវ​បាន​សមាជិក​សហគមន៍​កាប់​លក់​ទៅ​ឲ្យ​ឈ្មួញ និង​កាប់​រាន​យក​ដី​ធ្វើ​កសិកម្ម។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខុន្នី ចាត់​ទុក​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ភូមិ​ឡែ ថា​ជា​បទល្មើស​ថ្នាក់​ឧក្រិដ្ឋ។ លោក​ថា សមាគម​អាដហុក នឹង​បើក​សិក្ខាសាលា​ជជែក​ពិភាក្សា​រឿង​នេះ​ជាមួយ​សហគមន៍ និង​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​ដាក់​ពាក្យ​បណ្ដឹង​បរិហារ​មន្ត្រី​ពាក់ព័ន្ធ​រឿង​នេះ៖ «»។

​សហគមន៍​ភូមិ​ឡែ និង​មេ​ឃុំ នឹង​ដាក់​ពាក្យ​បណ្ដឹង​រួម​គ្នា​ប្ដឹង​សមាជិក​សហគមន៍​ភូមិ​សោមគល់ ១១​នាក់ និង​កូន​ប្រធាន​ភូមិ​ឡែ ដែល​សហគមន៍​អះអាង​ថា មាន​ជាប់​ពាក់ព័ន្ធ​​កាប់​ឈើ និង​ការ​រាន​ព្រៃ​យក​ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles