ពលករខ្មែរខុសច្បាប់ចំនួន ៧នាក់ និងក្មេងតូចម្នាក់ផងនៅប្រទេសម៉ាឡេស៊ី ដែលភាគច្រើនជាស្រ្ដី បានរត់ទៅពឹងស្ថានទូតខ្មែរប្រចាំនៅក្នុងប្រទេសនេះឲ្យជួយអន្តរាគមន៍ពួកគេ អាចវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារមិនអាចស៊ូទ្រាំនឹងការលំបាកបាន។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ឲ្យដឹងនៅថ្ងៃទី១៦ ឧសភា ថា ពលករខុសច្បាប់ទាំង ៧នាក់ និងក្មេងតូចអាយុ ២ឆ្នាំម្នាក់ ដែលមានស្រុកកំណើតនៅខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងខេត្តកំពង់ស្ពឺ បានមកដល់កម្ពុជា វិញជាបន្តបន្ទាប់ ក្រោយពីពួកគេមិនអាចស៊ូទ្រាំនឹងការងារលំបាក ដូចជា បោសសម្អាត និងជាអ្នកចៀរជ័រកៅស៊ូនៅប្រទេសម៉ាឡេស៊ី បាន។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថា ពលករទាំងនេះ អ្នកខ្លះត្រូវបានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៣ ឧសភា និងអ្នកខ្លះទៀតនៅថ្ងៃទី១៦ ឧសភា៕