Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មនុស្ស​៣​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ទាក់ទង​នឹង​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ

$
0
0

តំណាង​អង្គការ​ឧត្ដម​ស្នងការ​អន្តរ​សាស្ត្រ​ពីរ​រូប និង​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​មួយ​រូប ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ខណៈ​ដែល​ពួក​គេ​ទាំង ៣​នាក់ កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​រំលាយ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ និង​ផ្សព្វផ្សាយ​នូវ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា សកម្មភាព​របស់​ពួក​គេ​មិន​ខុស​ច្បាប់​ឡើយ ព្រោះ​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ប៉ុណ្ណោះ។

អ្នក​ទាំង ៣​រូប​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាមៗ​នោះ គឺ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦ ឧសភា ដដែល នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ការ​ដោះលែង​នៅ​ឡើយ​ទេ។

តំណាង​អង្គការ​ឧត្ដម​ស្នងការ​អន្តរ​សាស្ត្រ លោក ឃុន សាវ៉ាកឃិត ឲ្យ​អាស៊ីសេរី​ដឹង​ថា រូប​លោក និង​ជំនួយការ​របស់​លោក​ម្នាក់​ទៀត​ឈ្មោះ សុ ភាលីន រួម​ទាំង​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ខណៈ​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីស្នាក់ការ​ឧត្ដម​ស្នងការ​អន្តរ​សាស្ត្រ ស្ថិត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោក ឃុន សាវ៉ាកឃិត បន្ត​ថា ការ​ចាប់​ខ្លួន​ពួក​គាត់​ទាំង ៣​នាក់​នេះ ដោយ​អាជ្ញាធរ​ចោទ​ថា ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជា​ក្រុម​ខុស​ច្បាប់ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា ពួក​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ទេ ដោយ​លោក​ថា​ការ​ធ្វើ​សន្និសីទ​កាសែត​នេះ គឺ​ដើម្បី​ប្រកាស​រំលាយ​រណសិរ្ស​នេះ​តែ​ប៉ុណ្ណោះ ហើយ​នឹង​ផ្សព្វផ្សាយ​នូវ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា៖ «»

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា តំណាង​អង្គការ​ឧត្ដម​ស្នងការ​អន្តរ​សាស្ត្រ​រូប​នេះ​អះអាង​ថា ពួក​លោក​ទាំង ៣​នាក់ គឺ​អាជ្ញាធរ​កំពុង​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មិន​ដឹង​ថា​ដោះលែង​វិញ​ពេល​ណា​នោះ​ទេ។ ទោះ​យ៉ាង​ណា នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ទូរស័ព្ទ​អ្នក​ទាំង ៣​នាក់​មិន​អាច​ទាក់ទង​ទៀត​បាន​ទេ ហើយ​ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​ដែរ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន។ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា​មិន​បាន​ដឹង​អំពី​ករណី​នេះ​ទេ។

ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា គឺ​ពួក​គាត់​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ រួម​មាន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​សិទ្ធិ​មនុស្ស និង​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​កំពុង​ជាប់​ឃុំ។

ទន្ទឹម​គ្នា​នេះ ពួក​គេ​ក៏​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ខ្មែរ ងាក​មក​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ជួយ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ ហើយ​បើក​ចំហ​ដល់​គ្រប់​គណបក្ស​នយោបាយ និង​ភាគី​ខ្មែរ​ទាំងអស់ បាន​ចូលរួម​ដោយ​សន្តិវិធី និង​សុវត្ថិភាព។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា អ្វី​ដែល​ពួក​គេ​ធ្វើ​នេះ គឺ​ដូចជា​មិន​ខុស​ច្បាប់​នោះ​ឡើយ ដោយ​គ្រាន់​តែ​អំពាវនាវ​ឲ្យ​ខ្មែរ​ចាប់​ផ្ដើម​ផ្សះផ្សា​គ្នា និង​ដោះលែង​អ្នក​ទោស​នយោបាយ៖ «»

សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ដោយ​អាជ្ញាធរ​ចោទ​ថា សកម្មភាព​របស់​ពួក​គេ​ខុស​ច្បាប់ រួម​មាន​ការ​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល។

ទោះ​យ៉ាង​ណា ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ដែល​កំពុង​រស់នៅ​ប្រទេស​ដាណឺម៉ាក ធ្លាប់​លើក​ឡើង​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​បង្កើត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ នេះ មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ អង្គការ​សិទ្ធិ​មនុស្ស​ពិភពលោក អង្គការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ សហរដ្ឋ​អាមេរិក ប្រទេស​ដាណឺម៉ាក និង​ចង់​សម្ព័ន្ធ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ជា​មិត្ត​ផ្សេង​ទៀត ដើម្បី​ទាមទារ​តវ៉ា​ដោយ​សន្តិវិធី ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សន្តិភាព សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

មក​ទល់​ម៉ោង ៧ និង ៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ឧសភា ដដែល​នេះ អ្នក​ទាំង​បី​នាក់ អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ទេ ហើយ​ក៏​មិន​ដឹង​ថា តើ​អាជ្ញាធរ​បាន​ដោះលែង​ពួក​គាត់​ហើយ​ឬ​យ៉ាង​នោះ​ទេ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles