មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងថា បទល្មើសដែលជាប់ទាក់ទងនឹងគ្រឿងញៀនមានការថយចុះប្រហែល ២០ភាគរយ ចាប់តាំងពីរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១។ អង្គការសង្គមស៊ីវិល សាទរចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ក៏ប៉ុន្តែស្នើឲ្យអាជ្ញាធរវែកមុខចាប់ឈ្មួញគ្រឿងញៀនទ្រង់ទ្រាយធំ យកមកកាត់ទោសឲ្យបាន ដើម្បីបង្កើនប្រសិទ្ធភាពនៃយុទ្ធនាការនេះ។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៥ ឧសភា ថា សមត្ថកិច្ចនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយភាពអវិជ្ជមាននានាដែលបង្កឡើងដោយគ្រឿងញៀន ឲ្យដល់កម្រិតមួយទាបបំផុត។
លោកថា តាំងពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ត្រូវបានអនុវត្ត ការចរាចរណ៍គ្រឿងញៀនពីក្រៅប្រទេសចូលមកកម្ពុជា ហាក់មានសភាពស្ងប់ស្ងាត់ ហើយតំបន់គ្រឿងញៀនអនាធិបតេយ្យក៏ត្រូវបានលុបបំបាត់ចោលដែរ។
ទោះជាយ៉ាងណា លោកក៏ទទួលស្គាល់ដែរថា បទល្មើសមួយចំនួនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន គឺផ្ដើមចេញពីគ្រឿងញៀន ដែលរួមមានអំពើហិង្សា និងអំពើចោរកម្ម ជាដើម៖ «យើងវាយតម្លៃជារួមថា លទ្ធផលមានភាពវិជ្ជមាន ក៏ប៉ុន្តែដើម្បីឲ្យកត្តាវិជ្ជមាននេះមាននិរន្តរភាព លុះត្រាតែការអនុវត្តសកម្មភាពនានាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដើមចេញពីការចូលរួមពីគ្រប់វិស័យ គ្រប់ផ្នែក និងគ្រប់សមាសភាពនៃសង្គម ដោយមិនត្រូវពឹងផ្អែកតែទៅលើសមត្ថកិច្ច ឬអាជ្ញាធរតែមួយមុខនោះឡើយ»។
គិតចាប់តាំងពីថ្ងៃទី១ ខែមករា ដែលជាថ្ងៃអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួនជាង ៣ពាន់ករណី (៣.៤៧៧ករណី) ឃាត់ខ្លួនជនសង្ស័យជិត ៨ពាន់នាក់ (៧.៨៤៣នាក់) និងរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទចំនួន ៥១គីឡូក្រាម។
លោក មាស វីរិទ្ធ បញ្ជាក់ថា ការប្រជុំវាយតម្លៃអំពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ នឹងធ្វើឡើងនៅចុងខែមិថុនា ឬដើមខែកក្កដា ខាងមុខ។ លោកថា ដោយសារតែយុទ្ធនាការលើកទី១ នេះ ទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ អាចនឹងត្រូវដាក់ឲ្យអនុវត្តបន្តទៀត។
នាយកប្រតិបត្តិអង្គការខាណា (KHANA) លោក ជួប សុខចំរើន សាទរចំពោះការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល។ លោកក៏សង្កេតឃើញដែរថា បទល្មើសគ្រឿងញៀនមានការថយចុះ ក៏ប៉ុន្តែអ្វីដែលជាចំណោទមិនទាន់ត្រូវបានដោះស្រាយនោះ គឺការបង្ក្រាបបទល្មើសនេះហាក់ធ្វើឡើងបានតែទៅលើជនល្មើសជួញដូរតូចតាច តែឈ្មួញជួញដូរទ្រង់ទ្រាយធំ មិនទាន់ត្រូវបានអាជ្ញាធរវែកមុខចាប់យកមកផ្ដន្ទាទោសនៅឡើយ៖ «គាត់ពិតជាមានការប្រឹងប្រែង ហើយនិងឈានទៅបង្ក្រាបអ្នកជួញដូរ ឬក៏ចរាចរណ៍មួយចំនួនបានហើយ ប៉ុន្តែយើងសំណូមពរសុំឲ្យពិចារណាពិនិត្យមើលអ្នកចែកចាយទ្រង់ទ្រាយធំផ្សេងៗទៀត ពីព្រោះតាមភូមិ-ឃុំដាច់ស្រយាល ក៏នៅតែមានការចែកចាយគ្រឿងញៀនដែរ។ កន្លែងហ្នឹងដែលយើងព្រួយបារម្ភ ហើយសំណូមពរសុំឲ្យគាត់ពិចារណារឿងហ្នឹង»។
លោកគាំទ្រឲ្យមានយុទ្ធនាការប្រឆាំងគ្រឿងញៀននេះជាបន្តទៀត តែក៏ស្នើឲ្យរដ្ឋាភិបាលបញ្ចូលចំណុចមួយចំនួនទៀត ដើម្បីឲ្យយុទ្ធនាការនេះកាន់តែមានប្រសិទ្ធភាព។ នោះគឺជាការបែងចែកឲ្យដាច់ពីគ្នារវាងអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន ការបញ្ចូលអង្គការសង្គមស៊ីវិលទៅក្នុងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការធានាសុវត្ថិភាពជូនអ្នករាយការណ៍អំពីបទល្មើសគ្រឿងញៀន៖ «សូមឲ្យមានការបែងចែករវាងជនរងគ្រោះដោយសារធាតុញៀន និងអ្នកជួញដូរគ្រឿងញៀន។ ទីពីរ ខ្ញុំក៏សំណូមពរដល់រដ្ឋាភិបាលឲ្យដាក់បញ្ចូលអង្គការសង្គមស៊ីវិលទៅក្នុងយន្តការនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដើម្បីយើងបានធ្វើការរួមគ្នា។ ក្នុងនោះសំខាន់ គឺធ្វើយ៉ាងម៉េចធានាថា អ្នករាយការណ៍ពីបញ្ហាគ្រឿងញៀន ការជួញដូរគ្រឿងញៀន ឬបទល្មើសគ្រឿងញៀន គាត់មានសុវត្ថិភាព និងមានការគាំទ្រពីថ្នាក់ជាតិ។ ខ្ញុំជឿថា យន្តការបែបនេះធ្វើឲ្យអាចរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបាន»។
ទាក់ទងនឹងការប្រឆាំងគ្រឿងញៀននេះដែរ កាលពីខែមីនា កន្លងទៅ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានរិះគន់យ៉ាងកម្រទៅលើតុលាការថា បានកាត់ទោសឈ្មួញគ្រឿងញៀនមិនសមនឹងស្ថានទម្ងន់ទោស ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់សមត្ថកិច្ចដែលប្រឹងអនុវត្តច្បាប់។ លោកបានរិះគន់តុលាការថា បានបន្ធូរបន្ថយទោសដល់ជនល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ហើយករណីខ្លះ ឈ្មួញគ្រឿងញៀនមានតែឈ្មោះជាប់ពន្ធនាគារ តែជាក់ស្តែង ពួកគេនៅក្រៅពន្ធនាគារ និងបានបន្តសកម្មភាពជួញដូរគ្រឿងញៀនកាន់តែខ្លាំងជាងមុនទៅទៀត៕