គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រជុំពិនិត្យមើលប្រភេទសារគំរាមកំហែង និងប្រភេទសារបែបញុះញង់របស់គណបក្សនយោបាយ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា។ ការកោះប្រជុំនេះ ធ្វើឡើងក្រោយពេល គ.ជ.ប បានណែនាំឲ្យពិធីករពិធីការនី និងអ្នកអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ ត្រូវចេះប្រើប្រាស់ភាសា និងវោហារសាស្ត្រទាំងឡាយឲ្យបានច្បាស់អំពីការបោះឆ្នោត។
គ.ជ.ប នៅមិនទាន់បានកំណត់ថា សារព្រមានអំពីសង្គ្រាម នឹងចាត់ទុកជាសារគំរាមកំហែង ឬយ៉ាងណានោះទេ។ ប៉ុន្តែអ្នកនាំពាក្យ គ.ជ.ប លោកបណ្ឌិត ហង្ស ពុទ្ធា ប្រាប់ថា គ.ជ.ប នឹងប្រជុំគ្នាសិន ហើយលោកតែម្នាក់ឯងមិនអាចសម្រេចបានទេ។ ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ឧសភា នៅក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាស្ដីពីសិល្បៈអត្ថាធិប្បាយជុំវិញការបោះឆ្នោតឃុំ-សង្កាត់។
នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល ២សប្ដាហ៍ខាងមុខនេះ គ.ជ.ប នឹងប្រជុំសមាជិកទាំងអស់ដើម្បីកំណត់អំពីប្រភេទនៃការគំរាមកំហែង និងសារញុះញង់។ គ.ជ.ប ក៏នឹងមានវិធានការហាមឃាត់គណបក្សនយោបាយ កុំឲ្យប្រើសារដែលមានលក្ខណៈគំរាមកំហែង និងសារបែបញុះញង់នេះដែរ៖ «»។
មួយរយៈចុងក្រោយនេះ គេឧស្សាហ៍បានឮពាក្យថា “កម្ពុជា នឹងមានសង្គ្រាម” បើគណបក្សកាន់អំណាចចាញ់ឆ្នោត ដែលពាក្យនេះចេញពីមាត់មេដឹកនាំកំពូលតែម្ដង គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបញ្ចេញពាក្យថាសង្គ្រាមនេះជាញឹកញាប់។ អ្នកវិភាគ និងពលរដ្ឋមួយចំនួន ចាត់ទុកការប្រកាសសង្គ្រាមនេះ ថាជាសារគំរាម និងជាការបំភិតបំភ័យពលរដ្ឋនៅមុនពេលបោះឆ្នោត។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង នៅមិនទាន់ជឿជាក់ទាំងស្រុងថា គ.ជ.ប អាចមានសមត្ថភាពក្នុងការដាក់វិធានការហាមឃាត់កុំឲ្យអ្នកនយោបាយបញ្ចេញសារនយោបាយគំរាមកំហែង បំភិតបំភ័យពលរដ្ឋតាមខ្លួនចង់បាននោះទេ។ ប៉ុន្តែទោះជាយ៉ាងណា លោកមើលឃើញថា ប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ននេះ មិនសូវខ្លាចការសម្លុតរបស់អ្នកនយោបាយទៀតទេ៖ «»។
ក្រោយមានការគំរាមថា កម្ពុជា អាចនឹងមានសង្គ្រាម មិនបានយូរប៉ុន្មាន ព្រះមហាក្សត្រ ព្រះបាទសម្ដេចនរោត្ដម សីហមុនី បានស្នើពលរដ្ឋកុំឲ្យចាញ់សម្លុតជនណាម្នាក់ ឬគណបក្សនយោបាយណាមួយទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយព្រះអង្គបានចេញព្រះរាជសារជំរុញឲ្យពលរដ្ឋត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួន ទៅចូលរួមបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ ជ្រើសរើសបេក្ខជន ឬគណបក្សណាដែលខ្លួនពេញចិត្ត។ ព្រះអង្គមានបន្ទូលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចនេះសូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ គំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឡើយ។
អ្នកតាមដានសង្គម និងនយោបាយ លោកបណ្ឌិត មាស នី ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៤ ឧសភា ថា បើការបោះឆ្នោតថ្ងៃខាងមុខប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ នឹងមិនអាចកើតសង្គ្រាមនោះទេ។ លោកបន្ថែមថា បើសិនជាកម្ពុជា មានស្ថាប័នបោះឆ្នោតថ្នាក់ជាតិមួយដែលបានធានានូវឯករាជ្យ និងយុត្តិធម៌ បោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ ទោះបីមានអ្នកស្រែកច្រើនលើសហ្នឹងទៀតអំពីសង្គ្រាម ក៏សង្គ្រាមមិនអាចផ្ទុះឡើងដែរ៖ «»។
ចំពោះលោក យង់ គិមអេង វិញលើកឡើងថា ការបោះឆ្នោតត្រូវការបរិយាកាសដែលគ្មានការភ័យខ្លាច គ្មានការសម្លុត ឬការគំរាមកំហែង និងទាល់តែ គ.ជ.ប ធានាបាននូវបរិយាកាសសេរី និងយុត្តិធម៌។ តែយ៉ាងណា លោកមើលឃើញ គ.ជ.ប ហាក់មិនសូវមានអំណាចក្នុងការបញ្ជាទៅសមត្ថកិច្ច ឬអាជ្ញាធរនោះទេ តែបែរជាអាជ្ញាធរអាចចេញបម្រាមបំពានទៅលើ គ.ជ.ប វិញ។
អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល ធ្លាប់ប្រាប់អាស៊ីសេរីថា លោកមើលមិនឃើញថា គណបក្សណាមួយអាចធ្វើឲ្យមានសង្គ្រាមនោះទេ បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ព្រោះគណបក្សទាំងនោះគ្មានអំណាច គ្មានកងកម្លាំងប្រដាប់អាវុធ។ ជាងនេះទៅទៀត លោកថាប្រសិនបើរដ្ឋាភិបាលសព្វថ្ងៃចាញ់ឆ្នោត ក៏គ្មានសង្គ្រាមដែរ ព្រោះជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានកាតព្វកិច្ចការពារលទ្ធផលបោះឆ្នោត។
ចំណែកខាងគណបក្សសង្គ្រោះជាតិ បានប្រកាសថា ការបោះឆ្នោតគឺជាជម្រើសក្នុងការបញ្ចៀសសង្គ្រាម។ ផ្ទុយទៅវិញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅតែការពារអំណះអំណាងរបស់លោកនាយករដ្ឋមន្ត្រី ដែលប្រកាសថា ប្រសិនគណបក្សកាន់អំណាចចាញ់ឆ្នោត នឹងកើតសង្គ្រាម។
លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា គ.ជ.ប គាំទ្រព្រះរាជសាររបស់ព្រះមហាក្សត្រ ហើយ គ.ជ.ប ក៏នឹងចេញសារមួយដែរដើម្បីប្រាប់ពលរដ្ឋទៅបោះឆ្នោតឲ្យមានភាពកក់ក្ដៅក្នុងចិត្តគ្រប់ៗគ្នា។ ក្រៅពីព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលទ្រង់មិនយាងទៅបោះឆ្នោត សមាជិក គ.ជ.ប ទាំង ៩នាក់ ក៏ត្រូវបានព្យួរសិទ្ធិក្នុងការហាមឃាត់មិនឲ្យទៅបោះឆ្នោតដែរ ដោយសារតែច្បាប់បានកំណត់ឲ្យនៅអព្យាក្រឹត្យ៕