Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ទៀ បាញ់ ព្រមាន​វាយ​បំបែក​ធ្មេញ​អ្នក​ហ៊ាន​តវ៉ា​ក្រោយ​ការ​បោះឆ្នោត

$
0
0

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ថា នឹង​វាយ​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត​ឲ្យ​បែក​ធ្មេញ។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ និង​សង្គម ចាត់​ទុក​សារ​ព្រមាន​បែប​នេះ ថា​ជា​ការ​ធ្វើ​ខុស​តួនាទី និង​ខុស​ច្បាប់។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​សល់​តែ ១៩​ថ្ងៃ​ទៀត នឹង​ចូល​មក​ដល់ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​បញ្ចេញ​សារ​គំរាម​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នេះ។

លោក ទៀ បាញ់ បាន​គំរាម​ជា​សាធារណៈ​ថា បើ​អ្នក​ណា​ចាញ់​ឆ្នោត​ហើយ មិន​ព្រម​ទទួល​លទ្ធផល​ចាញ់ ដោយ​នាំ​គ្នា​ចេញ​មក​តវ៉ា លោក​ថា​នឹង​បង្ក្រាប​វាយ​ឲ្យ​បែក​ធ្មេញ៖ «ពេល​ដែល​បោះឆ្នោត​ចាញ់​ហើយ គឺ​មិន​ព្រម​ចាញ់​ទេ ចេញ​មក​ព្រោងព្រាត​មក​ទាមទារ​នេះ ទាមទារ​នោះ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ។ លើក​នេះ​មិន​ទុក​ទេ ប្រាប់​ឲ្យ​ហើយ គឺ​និយាយ​គ្នា​ត្រង់​ចឹង​ម៉ង ថា​ម៉េច​ថា​ចុះ រឿង​ពិត​ត្រូវ​និយាយ​គ្នា​ចឹង មិន​អនុញ្ញាត​ជា​ដាច់ខាត»

លោក ទៀ បាញ់ លើក​ឡើង​បន្ថែម​ទៀត​ថា ការ​តវ៉ា​ណា​មួយ​ក្រោយ​ពេល​ចាញ់​ឆ្នោត គឺ​នាំ​ឲ្យ​មាន​ការ​ចលាចល ដែល​នាំ​ឲ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម ដែល​លោក​ថា​លោក​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​កើត​ឡើង​តទៅទៀត​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​ការ​បង្ក្រាប​កន្លង​មក។

អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​យល់​ឃើញ​ថា ទាំង​សារ​គំរាម​ថា​នឹង​មាន​សង្គ្រាម​របស់​ប្រមុខ​រដ្ឋាភិបាល និង​សារ​ព្រមាន​ថា​នឹង​វាយ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ឲ្យ​បែក​ធ្មេញ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ នៅ​មុន​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​បែប​នេះ គឺ​ជា​ការ​រំលោភ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​រដ្ឋាភិបាល ដែល​មិន​ត្រូវ​ផ្ញើ​សារ​បម្រើ​គណបក្ស​នយោបាយ​របស់​ខ្លួន​នោះ​ទេ។

លោក​បណ្ឌិត មាស នី ចាត់​ទុក​ទង្វើ​បែប​នេះ​ថា​ជា​ការ​ភ្លេច​ខ្លួន និង​ភ្លេច​តួនាទី៖ «គាត់​គិត​ថា​គាត់​ជា​គណបក្ស​ដ៏​អ៊ីម​ចឹង​ទៅ ពេល​ដែល​និយាយ​អី​មក៍ ក្នុង​នាម​ដែល​គាត់​កំពុង​ពាក់​ឯកសណ្ឋាន​ជា​រដ្ឋាភិបាល ប៉ុន្តែ​គាត់កាន់​ជើង​គណបក្ស ឬ​ក៏​ធ្វើ​ដើម្បី​តែ​គណបក្ស​របស់​គាត់ទៅ​វិញ»

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ដដែល លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ថ្លែង​សារ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួង​ការពារ​ជាតិ ដែល​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ។ លោក​លើក​ឡើង​ថា តួនាទី​របស់​យោធា គឺ​ធ្វើ​អន្តរាគមន៍​តែ​ក្នុង​ករណី​មាន​ជម្លោះ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប៉ុណ្ណោះ មិន​មែន​យក​មក​បង្ក្រាប​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ និង​ក្រោក​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​អ្វី​មួយ​នោះ​ទេ៖ «ជា​របៀប​ពលរដ្ឋ​តវ៉ា​ដោយ​សន្តិវិធី ដោយ​អហិង្សា ការ​យក​កង​យោធ​មក​បង្ក្រាប មក​បាញ់​សម្លាប់​ពលរដ្ឋ គឺ​ជា​រឿង​ខុស​ច្បាប់»

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​ណា​មួយ​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទេ។ លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​គោរព​តាម​ឆន្ទៈ​របស់​ប្រជារាស្ត្រ និង​ធ្វើ​ទៅ​តាម​ច្បាប់។ លោក​មិន​យល់​ថា តើ​លោក ទៀ បាញ់ ចង់​បាន​អ្វី​ពី​ការ​ប្រើ​សារ​គំរាម​បែប​នេះ៖ «បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ អ្នក​ផ្សេង​ទៀត​ត្រូវ​តែ​គោរព​ឆន្ទៈ​នេះក្នុង​នាម​ជា​កូន​ខ្មែរ យើង​ធ្វើ​អ្វីៗ​ស្រប​ច្បាប់ យើង​ធ្វើ​អ្វីៗ​ដើម្បី​គោរពផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​ប្រជារាស្ត្រ និង​គោរ​តាម​ឆន្ទៈ​ប្រជារាស្ត្រ។ តែ​បើសិន​ជា​មាន​វោហារសាស្ត្រ​ណា​មួយ​ដែល​ធ្វើ​ទៅ​ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ ខ្ញុំ​ក៏​មិន​យល់​ដែរ»

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​មាន​រយៈពេល ២​សប្ដាហ៍​ខាង​មុខ​នេះ គ..ប នឹង​ប្រជុំ​សមាជិក​ទាំងអស់​ដើម្បី​កំណត់​អំពី​ប្រភេទ​នៃ​ការ​គំរាម​កំហែង និង​សារ​ញុះញង់។ គ..ប ក៏​នឹង​មាន​វិធានការ​ហាមឃាត់​គណបក្ស​នយោបាយ កុំ​ឲ្យ​ប្រើ​សារ​ដែល​មាន​លក្ខណៈ​គំរាម​កំហែង និង​សារ​បែប​ញុះញង់​នេះ​ដែរ។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៥ ឧសភា។

កាល​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ក្រោយ​ការ​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ព្រមាន​ថា​នឹង​មាន​សង្គ្រាម បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ដោយ​ការ​ព្រមាន​នេះ ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ២២​អាសនៈ គឺ​ពី ៩០​អាសនៈ​មក ៦៨​អាសនៈ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles