Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ភូមិ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ចោទ​ទាហាន​ខ្លះ​ស្លៀកពាក់​ស៊ីវិល​ដើរ​ឃោសនា​ឲ្យ​បក្ស​កាន់​អំណាច

$
0
0

នៅ​សល់​តែ ៥​ថ្ងៃ​ទៀត​ទេ យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​មក​ដល់​ហើយ។

ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​ជាច្រើន​កំពុង​ត្រៀម​ខ្លួន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ លេច​ឮ​ថា​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ ក៏​បាន​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ដែរ។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​ចោទ​ប្រកាន់​ក្រុម​ទាហាន​ដែល​មាន​មូលដ្ឋាន​នៅ​ជិត​នោះ ថា​បាន​ដើរ​តាម​ភូមិ​ចែក​អំណោយ ហើយ​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ផង។

បុរស​អ្នក​ភូមិ​គូរ ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា មាន​ទាហាន​មួយ​ក្រុម​បាន​ស្លៀកពាក់​ស៊ីវិល ដើរ​ចុះ​តាម​ភូមិ ហើយ​ចែក​សារុង និង​អំណោយ​ជា​ចំណី​អាហារ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ។ បុរស​ដដែល​បញ្ជាក់​ថា ទាហាន​ទាំងនោះ​ក្រៅ​ពី​ចែក​អំណោយ គឺ​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​គាំទ្រ​គណបក្ស​កាន់​អំណាច៖ «កងទ័ព​ហ្នឹង​នាំ​គ្នា​ស្លៀកពាក់​ស៊ីវិល​មក​ឃោសនា ឥឡូវ​នេះ​មក​រាល់​តែ​ថ្ងៃ។ ពី​ម្សិលមិញ​ទាហាន​នោះ​ទៅ​ភូមិ​គូ ហើយ​និង​ភូមិ​ព្រៃវែង ចែក​សារុង​ចែក​អី»

ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ទាហាន​ដែល​ចុះ​ឃោសនា​ជួយ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទាំងនោះ គឺ​នៅ​ក្នុង​អង្គភាព​ចំណុះ​ឲ្យ​កងពល​តូច​លេខ​៤២។

អាស៊ីសេរី មិន​អាច​ស្វែងរក​លេខ​ទូរស័ព្ទ​ដើម្បី​ទាក់ទង​មេ​បញ្ជាការ​កងពល​តូច​លេខ​៤២ លោក​ឧត្តមសេនីយ៍ ប៉ែន វ៉ូយ ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា។

ចំណែក​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ លោក ជីង សំភួ មាន​ប្រសាសន៍​ថា កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​មិន​ទាន់​មក​ដល់​ទេ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​មាន​ព័ត៌មាន​ថា ទាហាន​ខ្លះ​ចុះ​ទៅ​ឃោសនា​ដូច្នេះ​ទៅ​វិញ? ទោះ​ជា​យ៉ាង​ណា លោក ជីង សំភួ អះអាង​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​នៅ​ឡើយ​ទេ៖ «បើ​សិន​ជា​មាន​ការ​ធ្វើ​សកម្មភាព​របៀប​ឃោសនា​ទាក់ទង​នឹង​ការងារ​បោះឆ្នោត អា​នោះ​ខុស​ច្បាប់​ហើយ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​អត់​ដឹង​ថា​គេ​ធ្វើ​អ្វី​ផង»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ទទួល​បណ្ដឹង​ជា​ផ្លូវការ​ពី​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅ​ភូមិ​គូរ ជុំវិញ​ករណី​ទាហាន​ចុះ​ទៅ​ឃោសនា​តាម​ភូមិ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​នោះ​ទេ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ក្នុង​ពេល​ដែល​លោក​ចុះ​ទៅ​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិ​ទន្លេស នៃ​ស្រុក​បន្ទាយអំពិល គឺ​ពិត​ជា​បាន​ឃើញ​ទាហាន​ខ្លះ​ស្លៀកពាក់​ស៊ីវិល​ចុះ​ទៅ​តាម​ភូមិ​មែន។

លោក ស្រី ណារ៉េន យល់​ថា តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​កង​កម្លាំង​ប្រដាប់​អាវុធ និង​តុលាការ​ត្រូវ​តែ​ឯករាជ្យ មិន​ត្រូវ​ដើរ​ឃោសនា​ជួយ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ទេ។

រយៈពេល ៣-៤​ខែ​ចុង​ក្រោយ​នេះ នៅ​ខេត្ត​ឧត្តរមានជ័យ ឧស្សាហ៍​លេច​ឮ​ព័ត៌មាន​ជុំវិញ​កម្លាំង​ប្រដាប់​អាវុធ​ចុះ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ អ្នក​ភូមិ​ចារថ្មី ឃុំ​លំទង នៃ​ស្រុក​អន្លង់វែង ធ្លាប់​ចោទ​ប្រកាន់​អាជ្ញាធរ និង​កម្លាំង​ប៉ូលិស​មួយ​ចំនួន ថា​បាន​ដើរ​ពិនិត្យ និង​សួរ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ តើ​ពី​មុន​ធ្លាប់​បោះឆ្នោត​ឲ្យ​គណបក្ស​ណា? កាល​ណោះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជាច្រើន​នាក់​ភ័យ​ខ្លាច​មិន​ហ៊ាន​ឆ្លើយ​ប្រាប់​ពី​បំណង​ពិត​ប្រាកដ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles