Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ខែត្រ​ក្រចេះ​ចោទ​អាជ្ញាធរ​ថា​គ្មាន​ឆន្ទៈ​ដោះស្រាយ​វិវាទ​ដីធ្លី

$
0
0

អាជ្ញាធរ​ខែត្រ​ក្រចេះ រង​ការ​ចោទ​ពី​ពលរដ្ឋ​ថា មិន​អើពើ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់ និង​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​ដោះស្រាយ​វិវាទ​ដីធ្លី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ បាន​ដាក់​ពាក្យ​ប្ដឹង​មនុស្ស ៣​នាក់ ថា​បាន​រំលោភ​ដីធ្លី​ពួក​គាត់​ជាង ៤​ហិកតារ តាំង​ពី​ឆ្នាំ​២០១៣ ហើយ​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់​ត្រូវ​កប់​ចោល មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ចេញ​មុខ​ដោះស្រាយ។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​កាប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ រិះគន់​រដ្ឋបាល​ខែត្រ​ក្រចេះ ថា​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ ដែល​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ករណី​អតីត​មេ​ភូមិ​កាប៉ូ ឈ្មោះ ស្រស់ ផាន់នី រួម​ទាំង​ឈ្មួញ ២​នាក់​ផ្សេង​ទៀត​ឈ្មោះ សុំ ម៉ុយ និង​ឈ្មោះ វ៉ាន់ អេង បាន​បំពាន​ដីធ្លី​គាត់​ជាង ៤​ហិកតារ។

ពលរដ្ឋ​រស់នៅ​ភូមិ​កាប៉ូ លោកស្រី កែវ អេងស្រ៊ី រៀបរាប់​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា លោកស្រី​មាន​ដី​ជាង ៤​ហិកតារ គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៧៩ និង​មាន​លិខិត​កាន់​កាប់​ដីធ្លី​កាល​ពី​ឆ្នាំ​២០០២ ដែល​ទទួល​ស្គាល់​ដោយ​អតីត​ចៅ​សង្កាត់​អូរឫស្សី តែ​រហូត​ដល់​ឆ្នាំ​២០១៣ អតីត​មេ​ភូមិ​កាប៉ូ លោក ស្រស់ ផាន់នី និង​ឈ្មួញ​ពីរ​នាក់​ទៀត​មាន​មហិច្ឆតា​បំពាន​ដីធ្លី​របស់​ពួក​គាត់​ជា​សម្បត្តិ​បុគ្គល។

លោកស្រី​បន្ថែម​ថា អាជ្ញាធរ​ឃុំ រហូត​ដល់​ខែត្រ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​នោះ​ទេ ពោល​រឿង​ក្តី​នេះ​បាន​អូស​បន្លាយ​ពេល​ជាង ៤​ឆ្នាំ​មក​ហើយ ពុំ​ឃើញ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ម្នាក់​ប្រកាន់​ជំហរ​ច្បាស់លាស់​ដោះស្រាយ​ឲ្យ​ពួក​គាត់​កក់ក្តៅ​ឡើយ។

លោកស្រី​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​លោកស្រី៖ «ដី​ហ្នឹង​តាំង​ពី​ដូនតា​មក ដី​កេរ​អាករ​ពុក​ម៉ែ​ខ្ញុំ​ជំនាន់ ប៉ុល ពត ខ្ញុំ​យក​ធ្វើ​សហករណ៍ ដល់​ពេល​គេ​រំដោះ​បាន​គេ​ប្រគល់​មក​ឲ្យ​ខ្ញុំ​វិញ​តើ។ ខ្ញុំ​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត ប៉ុន្តែ​ប្ដី​ខ្ញុំ​ស្លាប់​ទៅ ឆ្នាំ​២០១៣ នាង​ហ្នឹង​គាត់​មក​ធ្វើ​មេ​ឃុំ។ ខ្ញុំ​យំ​រហូត ដេក​មិន​លក់​ទេ។ ខ្ញុំ​ប្ដឹង​មក​គេ គេ​មិន​ដោះស្រាយ គេ​ជាប់​ប្រជុំ​ចេះ​ចុះ។ ខ្ញុំ​មាន​សព្វគ្រប់ មាន​តាំង​ពី​លិខិត​កាន់​កាប់។ ហេតុ​អី​គេ​នៅ​តែ​រំលោភ​យក»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ក្រចេះ លោក ប៊ន សុភី ដើម្បី​សុំ​ការ​ឆ្លើយតប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ឧសភា។

ចំណែក​ចៅ​សង្កាត់​អូរឫស្សី អ្នកស្រី ពុយ ភារុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា វិវាទ​ដីធ្លី​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជូន​របាយការណ៍​ទៅ​មន្ទីរ​សុរិយោដី​ខែត្រ​រួច​ហើយ ហើយ​មន្ទីរ​ជំនាញ​បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​ក្រសួង​សាមី​រួច​ហើយ​ដែរ។ អ្នកស្រី​កត់​សម្គាល់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​នៃ​ក្រសួង​ដែនដី ដែល​មាន​លោក ជា សុផារ៉ា ជា​ប្រធាន បាន​ចុះ​ស៊ើប​អង្កេត​វិវាទ​ដីធ្លី​នៅ​តំបន់​នោះ​ដែរ ក៏ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ អ្នកស្រី​មិន​អាច​បញ្ជាក់​លម្អិត​បាន​ទេ៖ «ហើយ​ពួក​ខ្ញុំ​អាជ្ញាធរ​ដោះស្រាយ​ហើយ គាត់​អត់​ស្តាប់​ផង​ហ្នឹង។ គាត់​ឲ្យ​កូន​មក​តំណាង ហើយ​កូន​មក​លុត​ជង្គង់​សំពះ​ហាល​ភ្លៀង​ថា ម៉ែ​អើយ​ឈប់ ម៉ែ​ឯង​ឈប់​យក​ដី​គេ​ទៅ ប៉ុន្តែ​គាត់​នៅ​តែ​ដើរ​បង្ក​បញ្ហា។ ខ្ញុំ​និយាយ​ថា ប្រសិន​បើ​មាន​យាយ ស្រ៊ី ទៀត​នៅ​ក្នុង​សង្កាត់​ខ្ញុំ ប្រហែល​ជា​ឆ្កួត​អស់​ហើយ​អាជ្ញាធរ និង​គណៈកម្មការ»

របាយការណ៍​សមាគម​អាដហុក (ADHOC) រក​ឃើញ​ថា លោកស្រី កែវ អេងស្រ៊ី បាន​កាន់​កាប់​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩ និង​មាន​លិខិត​កាន់​កាប់​ដីធ្លី​ពី​អាជ្ញាធរ​ឃុំ​កាល​ពី​ឆ្នាំ​២០០២ មាន​ន័យ​ថា បុគ្គល​នោះ​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ដោយ​ផ្អែក​លើ​ខ្លឹមសារ​ច្បាប់​ភូមិបាល​ចែង​ថា បុគ្គល​ណា​កាន់​កាប់​ដីធ្លី​មុន​ឆ្នាំ​២០០១ មាន​ន័យ​ថា បុគ្គល​នោះ​កាន់​កាប់​ស្រប​ច្បាប់​អាច​មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា យល់​ថា អាជ្ញាធរ​មូលដ្ឋាន​ខែត្រ​ក្រចេះ មិន​គួរ​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នោះ​ទេ ដែល​ជា​ផ្នែក​មួយ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ។ លោក​ផ្តល់​មតិ​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្តែតបណ្តោយ​មិន​ដោះស្រាយ​ករណី​នេះ​ឲ្យ​បាន​ឆាប់​ទេ ពលរដ្ឋ​កាន់​តែ​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រសិទ្ធភាព​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ហើយ​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​បេក្ខភាព​មេ​ឃុំ ឬ​ចៅ​សង្កាត់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ​នេះ៖ «ប៉ះពាល់​ហើយ​នៅ​ពេល​ដែល​អាជ្ញាធរ​គាត់​មិន​ធ្វើ​ការ​ដោះស្រាយ​រឿង​ដែល​នៅ​ច្រមុះ​គាត់ ហើយ​គាត់​មិន​ដោះស្រាយ​ធ្វើ​ឲ្យ​គាត់​អត់​មាន​ពាក្យ​អី​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត​បាន​ស្តាប់​ទេ ព្រោះ​គេ​អស់​ជំនឿ​ថា រឿង​នៅ​ច្រមុះ​ហើយ​មិន​ដោះ​ផង ហើយ​ថា​នឹង​ដោះស្រាយ​រឿង​ធំៗ​ដទៃ​ទៀត នរណា​គេ​ជឿ»

ដី​ដែល​កំពុង​មាន​វិវាទ​នោះ​មាន​ទំហំ​ក្បាល​ដី ២៨០​ម៉ែត្រ បណ្តោយ​ជាង ៣០០​ម៉ែត្រ ជាប់​ផ្លូវ​ជាតិ​លេខ​៧ និង​មាន​ព្រំប្រទល់​ខាង​កើត​ជាប់​ដី​អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ឡូយ សុផាត ខាង​ត្បូង​ជាប់​បន្ទាយ​ទាហាន​ក្រុង​ក្រចេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles