Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

យុវជន​នៅ​តែ​ទទួល​បាន​ឱកាស​តិចតួច​ដើម្បី​ក្លាយ​ជា​មេ​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន

$
0
0

យុវជន​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ទំពាំង​ស្នង​ឫស្សី ឬ​គណបក្ស​យើង​តែង​គិតគូរ​ជានិច្ច​អំពី​យុវជន ជា​ពាក្យ​ស្លោក​ដែល​អ្នក​នយោបាយ​ជាច្រើន​តែង​លើក​យក​មក​និយាយ​នៅ​រៀង​រាល់​ពេល​មាន​ការ​ជួបជុំ ឬ​ឃោសនា​នយោបាយ​ម្តងៗ ជាពិសេស​នៅ​ពេល​ពួក​គេ​ថ្លែង​នៅ​ចំពោះ​មុខ​យុវជន។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​កិច្ចការ​យុវជន​មើល​ឃើញ​ថា នេះ​គ្រាន់​តែ​ជា​ការ​ទាក់ទាញ​ទឹក​ចិត្ត​យុវជន​តែ​ប៉ុណ្ណោះ តែ​ការពិត​ជាក់ស្តែង យុវជន​នៅ​តែ​ត្រូវ​បាន​ផ្តល់​ឱកាស​តិចតួច​នៅ​ឡើយ​ចំពោះ​ការ​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ខាង​កិច្ចការ​យុវជន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​ចេញ​ផ្សាយ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល​បង្ហាញ​ថា បេក្ខជន​ជា​យុវជន​មាន​ចំនួន​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ នៃ​បេក្ខជន​ឈរ​ឈ្មោះ​សរុប។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា យុវជន​នៅ​តែ​ត្រូវ​បាន​អ្នក​នយោបាយ​ចាត់​ទុក​ជា​អ្នក​បម្រើ​នយោបាយ ច្រើន​ជាង​ការ​ផ្តល់​ឱកាស​ដល់​ពួក​គេ​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​មូលដ្ឋាន។ លោក​សម្ដែង​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​នៅ​តែ​មិន​មាន​ទំនុក​ចិត្ត​លើ​យុវជន ទោះ​បី​ជា​ពួក​គេ​ដឹង​ថា យុវជន​មាន​សក្ដានុពល និង​ចំណេះ​ដឹង​ច្រើន​ជាង​មនុស្ស​វ័យ​ចំណាស់​ដែល​កាន់​ការងារ​មូលដ្ឋាន​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ​ក្តី?

លោក​មាន​ទំនុក​ចិត្ត​ថា បើ​សិន​ជា​មាន​យុវជន​ជា​អ្នក​ដឹកនាំ​មូលដ្ឋាន​កាន់​តែ​ច្រើន នោះ​ការ​រីក​ចម្រើន​ទៅ​មុខ​នៃ​មូលដ្ឋាន​នោះ នឹង​មាន​ភាព​លឿន​រហ័ស​ជាង​ពេល​បច្ចុប្បន្ន៖ «បើ​ដាក់​យុវជន​ទៅ គឺ​មាន​សក្ដានុពល​ណាស់ ព្រោះ​គាត់​មាន​កម្លាំង​ប្រាជ្ញា​ស្មារតី ដែល​ទៅ​ដឹកនាំ​ឃុំ-សង្កាត់ ចុះ​ទឹក​ភក់​ជ្រាំ គឺ​គាត់​អាច​ធ្វើ​បាន។ គាត់​មាន​កម្លាំង មាន​សក្ដានុពល​ធំធេង​ដែល​អាច​ជួយ​ឃុំ-សង្កាត់​បាន។ អ៊ីចឹង​ខ្ញុំ​ថា បើ​ដាក់​យុវជន​ទៅ គឺ​នៅ​ថ្នាក់​ក្រោម​ជាតិ​នឹង​ល្អ»

បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បង្ហាញ​ថា បេក្ខជន​ឈរ​ឈ្មោះ​សរុប​ទាំង ១២​គណបក្ស​មាន​ចំនួន​ជាង ៩​ម៉ឺន ៤​ពាន់​នាក់ (៩៤.៥៩៥​នាក់) ក្នុង​នោះ​ប្រមាណ ១​ម៉ឺន​នាក់ (១០.២៨៥​នាក់) ជា​យុវជន​អាយុ​ចន្លោះ​ពី ២៥ ដល់ ៣៥​ឆ្នាំ។ ចំនួន​នេះ បើ​គិត​ជា​ភាគរយ គឺ​ប្រមាណ ១០​ភាគរយ (១០,៨៧%)

បេក្ខជន​ជា​យុវជន​នៃ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៦​ភាគរយ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​វិញ មាន​ប្រមាណ ៧​ភាគរយ។ ចំណែក​គណបក្ស​ដែល​អះអាង​ថា​បង្កើត​ឡើង​ដោយ​យុវជន គឺ​គណបក្ស​យុវជន​កម្ពុជា មាន​ចំនួន​យុវជន​ឈរ​ឈ្មោះ​ចំនួន ១៨​ភាគរយ។ ដោយឡែក​គណបក្ស​ដែល​មាន​ភាគរយ​យុវជន​ឈរ​ឈ្មោះ​ច្រើន​ជាង​គេ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​មាន​ចំនួន ២៦​ភាគរយ។

ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់​កណ្ដាល លោក កែ ប៊ុនឃាង បញ្ជាក់​ថា ជា​គោលការណ៍ គណបក្ស​ប្រជាជន​កម្ពុជា ចង់​ជំរុញ​ឲ្យ​យុវជន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ដឹកនាំ​នយោបាយ​ថ្នាក់​មូលដ្ឋាន​ឲ្យ​បាន​ច្រើន ក៏ប៉ុន្តែ​រឿង​សំខាន់ គឺ​នៅ​ត្រង់​សមត្ថភាព​របស់​យុវជន និង​ការ​ទុក​ចិត្ត​ពី​សំណាក់​សន្និបាត​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន៖ «យុវជន​ដែល​ឈរ​ជា​បេក្ខជន​ត្រូវ​តែ​មាន​សមត្ថភាព មាន​ប្រជាប្រិយភាព ហើយ​ត្រូវ​បាន​ប្រជាជន​ជា​ម្ចាស់​ឆ្នោត​នៅ​ក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់​ស្គាល់ ទើប​គាត់​អាច​ក្លាយ​ជា​បេក្ខជន​ដែល​ជាប់​ក្នុង​សន្និបាត​ស្ទាបស្ទង់​បេក្ខជន។ ករណី​នេះ​ខ្ញុំ​គិត​ថា វា​ជា​ក្រឹត្យក្រម​ហើយ ព្រោះ​យុវជន​មិន​ទាន់​មាន​ច្រើន​ទេ ដែល​គាត់​មាន​សមត្ថភាព​ដើម្បី​ប្រកួត​ប្រជែង​នៅ​មូលដ្ឋាន ព្រោះ​យើង​កម្រិត​ត្រឹម ២៥ ទៅ ៣៥​ឆ្នាំ។ អ៊ីចឹង​អាច​ថា​ចាស់ៗ គាត់​មាន​ពិសោធ​ច្រើន ហើយ​ត្រូវ​បាន​ប្រជាជន​ដែល​ជា​សមាជិក​សមាជិកា​គណបក្ស​គាំទ្រ​ពេល​សន្និបាត»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ វិញ​បញ្ជាក់​ថា មូលហេតុ​ដែល​បក្ខជន​ជា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​តិច ដោយសារ​តែ​សម្ពាធ​នយោបាយ និង​កត្តា​ជីវភាព​របស់​យុវជន។ ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា បេក្ខជន​ជា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធសឹងតែ​ជា​អ្នក​មាន​សមត្ថភាព និង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «ដោយសារ​ជីវភាព​គាត់​ខ្សត់ខ្សោយ គាត់​ត្រូវ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ព្រោះ​នៅ​ក្នុង​ប្រទេស​អត់​មាន​ការងារ​ធ្វើ​ដែល​មាន​ប្រាក់​ខែ​សមរម្យ​ឲ្យ​គាត់។ គាត់​មិន​អាច​ចិញ្ចឹម​ខ្លួន​ឯង និង​គ្រួសារ​គាត់​បាន។ អ៊ីចឹង​គាត់​សម្រេច​ចិត្ត​ទៅ​ក្រៅ​ប្រទេស ដូច្នេះ​គាត់​អត់​មាន​ពេលវេលា​ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​ជា​ហេតុផល​មួយ​ទៀត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គិត​ថា​ចាំបាច់​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្ដូរ​រគោល​នយោបាយ​នៅ​ពេល​អនាគត ដើម្បី​ផ្តល់​ការងារ​មាន​ប្រាក់​ខែ​សមរម្យ​ឲ្យ​កូន​ខ្មែរ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យុវជន​ខ្មែរ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស។ ពេល​នោះ​គាត់​មាន​ឱកាស​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ»

រីឯ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ វិញ​ថ្លែង​ថា មូលហេតុ​ដែល​គណបក្ស​របស់​លោក​មាន​ចំនួន​យុវជន​ឈរ​ឈ្មោះ​តិច​នេះ ដោយសារ​តែ​គណបក្ស​របស់​លោក​ទើប​តែ​បង្កើត កត្តា​ចំណាក​ស្រុក​របស់​យុវជន ការ​គំរាម​កំហែង និង​គាប​សង្កត់​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន និង​ការ​មិន​ចាប់​អារម្មណ៍​ពី​រឿង​នយោបាយ​របស់​យុវជន​ខ្លួន​ឯង៖ «បញ្ហា​ទី​មួយ គឺ​យុវជន​អត់​ចាប់​អារម្មណ៍​នឹង​រឿង​នយោបាយ​ទាល់​តែ​សោះ។ ទី​ពីរ នៅ​តាម​តំបន់​មួយ​ចំនួន​សឹងតែ​ថា​គ្មាន​យុវជន​នៅ​ក្នុង​ភូមិ​ទៅ​ហើយ ព្រោះ​ធ្វើ​ចំណាក​ស្រុក​ស្ងាត់​ភូមិ។ អ៊ីចឹង​យើង​ពិបាក​អញ្ជើញ​គាត់​ឲ្យ​មក​ធ្វើ​ជា​បេក្ខជន។ ទី​បី មាន​យុវជន​ហើយ តែ​យុវជន​នោះ​ខ្វះ​ឆន្ទៈ និង​ការ​យល់​ដឹង​អំពី​ការ​ចូលរួម​នយោបាយ។ អ៊ីចឹង​គណបក្ស​យុវជន​កម្ពុជា យើង​ពិបាក​អញ្ជើញ​គាត់​ជា​បេក្ខជន»

ដោយឡែក​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា វិញ​អះអាង​ថា គណបក្ស​របស់​លោក​មិន​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​យុវជន​អ្វី​នោះ​ទេ តែ​ដោយសារ​មនោគមវិជ្ជា​របស់​គណបក្ស​លោក​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​យុវជន ដូច្នេះ​ទើប​គណបក្ស​របស់​លោក​មាន​យុវជន​ឈរ​ឈ្មោះ​ច្រើន។ មេ​បក្ស​ដែល​និយាយ​ឥត​សំចៃ​មាត់​រូប​នេះ​យល់​ថា បើ​យុវជន​គណបក្ស​ដទៃ​ជាប់​ឆ្នោត ពួក​គេ​ក៏​នឹង​ដឹកនាំ​ដូច​មនុស្ស​ចាស់​ដែរ ដោយសារ​មនោគមវិជ្ជា​នយោបាយ​នៃ​គណបក្ស​នោះ បាន​បណ្ដុះ​ឲ្យ​ពួក​គេ​គិតគូរ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាង​គិត​ពី​ប្រយោជន៍​រួម៖ «យើង​ក៏​មិន​មាន​ផែនការ​ថា​ដាក់​ក្មេង​ឲ្យ​បាន​ច្រើន​នោះ​ដែរ គឺ​ដោយសារ​ថា​កិច្ច​ការងារ​របស់​យើង​សព្វថ្ងៃ​នេះ យើង​ពន្យល់ ដល់​ពេល​ពន្យល់ មនុស្ស​ក្មេង​យល់​លឿន​ជាង​មនុស្ស​ចាស់ ដល់​អ៊ីចឹង​វា​បាន​ក្មេង​ច្រើន​ជាង​គណបក្ស​ដទៃ​ទៅ។ វា​មិន​មែន​ជា​ផែនការ​របស់​គណបក្ស​ថា​ត្រូវ​លើក​ស្ទួយ​យុវជន​អ្វី​នោះ​ទេ»

ការ​បកស្រាយ​ទាំង​អម្បាលម៉ាន​របស់​គណបក្ស​នយោបាយ​នេះ ចំណុច​ខ្លះ​ត្រូវ​បាន​ទទួល​ស្គាល់ និង​ចំណុច​ខ្លះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​អ្នក​ជំនាញ​ខាង​កិច្ចការ​យុវជន។ លោក យង់ គិមអេង គិត​ថា មូលហេតុ​ពិត​ប្រាកដ​ដែល​រារាំង​យុវជន​មិន​អាច​ឈរ​ឈ្មោះ ឬ​ក្លាយ​ជា​អ្នក​ដឹកនាំ​មូលដ្ឋាន​នោះ គឺ​បញ្ហា​ប្រកាន់​បក្សពួក​និយម​ក្នុង​គណបក្ស កង្វះ​ខាត​ថវិកា​ដើម្បី​ផ្តល់​ឲ្យ​គណបក្ស ប្រព័ន្ធ​បោះឆ្នោត​ដែល​តម្រូវ​ឲ្យ​យុវជន​ចូល​បក្ស​នយោបាយ​ទើប​អាច​ឈរ​ឈ្មោះ​បាន និង​បញ្ហា​អសន្តិសុខ ដែល​រួម​មាន​ការ​រើសអើង បំភិត​បំភ័យ និង​ការ​រំខាន​មិន​ឲ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន៖ «ខ្ញុំ​ធ្លាប់​ចូលរួម​កម្មវិធី ហើយ​សួរ​ថា តើ​យុវជន​ខ្លួន​ឯង​មាន​ប៉ុន្មាន​នាក់​ដែល​ចង់​ក្លាយ​ខ្លួន​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់ ឬ​ឈរ​ឈ្មោះ​ជា​ក្រុម​ប្រឹក្សា​ឃុំ? យ៉ាង​ហោច​ណាស់​ក៏​មាន ៣០ ទៅ ៤០​ភាគរយ​ដែរ ដែល​លើក​ដៃ ហើយ​ក៏​មាន​យុវជន​ជាច្រើន​នាក់​ដែរ​ដែល​គាត់​គាំទ្រ​បេក្ខជន​មាន​វ័យ​កាន់​តែ​ក្មេង។ កាន់​តែ​ក្មេង កាន់​តែ​ធ្វើ​ឲ្យ​គាត់​គាំទ្រ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP)។ អ៊ីចឹង​នេះ​ជា​រឿង​មួយ​ដែល​អ្នក​នយោបាយ​គួរ​ពិចារណា។ យើង​មិន​អាច​មើល​រំលង​យុវជន​បាន​ទេ​ក្នុង​សម័យកាល​បច្ចេកវិទ្យា​នេះ»

អ្នក​ជំនាញ​រូប​នេះ​បន្ត​ថា កាលៈទេសៈ​បច្ចុប្បន្ន និង​ទៅ​ខាង​មុខ​ទៀត គណបក្ស​នយោបាយ​នីមួយៗ​មិន​អាច​មើល​រំលង​យុវជន​បាន​នោះ​ទេ ដោយសារ​យុវជន​មាន​ចំណេះ​ដឹង សមត្ថភាព ជំនាញ និង​មាន​សក្ដានុពល​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ជាតិ។ ម្យ៉ាង​វិញ​ទៀត យុវជន​មាន​ចំនួន​ដល់​ទៅ​ជាង ៣០​ភាគរយ​នៃ​អ្នក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ដូច្នេះ​លទ្ធផល​បោះឆ្នោត​នឹង​ផ្អៀង​ទៅ​គណបក្ស​ណា​ដែល​យុវជន​ភាគច្រើន​គាំទ្រ និង​បោះឆ្នោត​ឲ្យ។

ដើម្បី​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ លោក យង់ គិមអេង ផ្តល់​យោបល់​ឲ្យ​យុវជន​តាមដាន និង​ត្រួត​ពិនិត្យ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​របស់​បេក្ខជន។ ចំណុច​សំខាន់ៗ​ទាំងនោះ​រួម​មាន សមត្ថភាព ឥរិយាបថ និង​បទពិសោធន៍​ការងារ ការ​ប្ដេជ្ញា​ចិត្ត ថាមពល និង​គំនិត​អភិវឌ្ឍន៍​ភូមិ-ឃុំ ភាព​ស្មោះ​ត្រង់​ជាមួយ​ពលរដ្ឋ និង​ភាព​ស្អាតស្អំ មិន​ពុក​រលួយ ឬ​កេង​ប្រវ័ញ្ច​ក្នុង​មុខ​នាទី​របស់​ខ្លួន ជាពិសេស យុវជន​ត្រូវ​ពិនិត្យ​មើល​គណបក្ស​របស់​បេក្ខជន​ដែល​ពួក​គេ​ចង់​បោះឆ្នោត​ឲ្យ​នោះ ថា​មាន​គោល​នយោបាយ​គិតគូរ ឬ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ និង​សង្គម​ដល់​កម្រិត​ណា។

ចំពោះ​យុវជន​ខ្លួន​ឯង​វិញ លោក យង់ គិមអេង ស្នើ​ឲ្យ​ពួក​គេ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​មាន​តម្លៃ​តាម​រយៈ​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន និង​ធ្វើ​យ៉ាង​ណា​កុំ​បង្ក​ឲ្យ​មាន​បរិយាកាស​អាប់អួរ​ក្នុង​សង្គម ដូចជា​ការ​ប្រើ​អំពើ​ហិង្សា ការ​សេព​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន ជាដើម។ សំខាន់​ជាង​នេះ ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​មេ​ដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles