ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ នៅតែរក្សាជំហរបោះពុម្ពសៀវភៅស្ដីពីទស្សនៈលោក គឹម សុខ ដដែល បន្ទាប់ពីបានចងក្រងរួចរាល់ និងបានទុកពេលឲ្យគ្រួសារលោក គឹម សុខ ពិនិត្យមួយរយៈកន្លងទៅ។ រីឯគ្រួសារលោក គឹម សុខ ចេញមុខជំទាស់ដោយទាមទារឲ្យមានការពន្យារពេលបន្ថែម ដើម្បីពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិន។
សៀវភៅទស្សនៈរបស់លោក គឹម សុខ ចំនួន ១០០ទស្សនៈទាក់ទងនឹងរឿងនយោបាយ សេដ្ឋកិច្ច និងសង្គម នៅមិនទាន់ចេញជារូបរាងនៅឡើយ ហើយកំពុងស្ថិតក្នុងដំណាក់កាលខ្វែងគំនិតគ្នារវាងអ្នកនិពន្ធ និងគ្រួសាររបស់លោក គឹម សុខ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង និងជាអ្នកនិពន្ធសៀវភៅ លោក ហង្ស វិទូ នៅតែប្រកាន់ជំហរចង់បោះពុម្ពសៀវភៅ ១០០ទស្សនៈរបស់លោក គឹម សុខ ដដែល។ ទន្ទឹមគ្នានេះ លោកក៏នឹងព្យាយាមចរចាសម្របសម្រួលជាមួយគ្រួសារលោក គឹម សុខ ដែរ ចំពោះចំណុចទាំងឡាយណាដែលមិនទាន់យល់ស្របគ្នា៖ «»។
ចំពោះបញ្ហាចម្រូងចម្រាសក្នុងការបោះពុម្ពសៀវភៅនេះ លោក ហង្ស វិទូ ពន្យល់ថា ដោយសារប្អូនប្រុសរបស់លោក គឹម សុខ គឺលោក គឹម សេង មិនយល់ព្រមក្រោមហេតុផលថា អាចប៉ះពាល់ដល់បងប្រុសគាត់ ឬខ្លាចមានការដាក់បន្ទុកបន្ថែមលើបងប្រុសគាត់ ជាដើម។ ទោះយ៉ាងណា លោកក៏បានប្រគល់អត្ថន័យ និងខ្លឹមសារក្នុងសៀវភៅនោះ ទៅឲ្យក្រុមគ្រួសារ និងក្រុមការងាររបស់ប្អូនប្រុសលោក គឹម សុខ ដើម្បីត្រួតពិនិត្យតាមការស្នើសុំ ប៉ុន្តែរយៈពេលជាង ១ខែកន្លងទៅនេះ លោកថាពុំដែលទទួលបានយោបល់ពីលោក គឹម សេង ថាខុសកន្លែងណា ត្រូវកន្លែងណា ឬប៉ះពាល់កន្លែងណានោះឡើយ។
លោក ហង្ស វិទូ បន្តថា លោកហ៊ានទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ និងចំពោះគ្រួសារលោក គឹម សុខ ប្រសិនបើការបោះពុម្ពសៀវភៅនេះចេញមកហើយ មានចំណុចប៉ះពាល់ដល់រដ្ឋាភិបាល ឬក៏បង្ខូចកិត្តិយសលោក គឹម សុខ នោះ។ លោកបន្ថែមទៀតថា អ្នកនិពន្ធមានសិទ្ធិក្នុងការបោះពុម្ពសៀវភៅនេះ៖ «»។
អ្នកវិភាគនយោបាយ លោក គឹម សុខ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ តាមបណ្ដឹងរបស់លោក ហ៊ុន សែន ដែលប្ដឹងរូបលោក និងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។ ការឃុំខ្លួននេះ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម បន្ទាប់ពីលោក គឹម សុខ និយាយជាប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី និងថារដ្ឋាភិបាលបច្ចុប្បន្នបណ្តោយឲ្យមានប្រព័ន្ធមួយដែលមានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។
ប្អូនប្រុសលោក គឹម សុខ គឺលោក គឹម សេង អះអាងថា រហូតមកដល់ពេលនេះ លោកបានពិនិត្យខ្លឹមសារសៀវភៅនេះបាន ៥០ភាគរយហើយ។ លោកបន្ថែមថា បងប្រុសរបស់លោកបានប្រគល់សិទ្ធិឲ្យលោក និងអតីតគ្រូបង្រៀនរបស់លោកម្នាក់ឈ្មោះ សៅរ៍ ពុធពង្ស ជាអ្នកពិនិត្យសំណៅសៀវភៅ ហើយសម្រេចថាអាចបោះពុម្ពបាន ឬមិនបាន។
លោក គឹម សេង ថាប្រសិនបើបោះពុម្ពសៀវភៅនោះមែន គ្រួសារលោកមិនទទួលស្គាល់ខ្លឹមសារទេ ដោយសារខ្លឹមសារនៃសៀវភៅនោះមានការបញ្ចេញបញ្ចូលគំនិតទស្សនៈរបស់អ្នកនិពន្ធច្រើន ថ្វីត្បិតតែដាក់ចំណងជើងសៀវភៅថា ទស្សនៈរបស់លោក គឹម សុខ ក្តី។ ម្យ៉ាងវិញទៀតលោកមើលឃើញថា ការរៀបចំបោះពុម្ពសៀវភៅនេះ គឺលឿនពេក មិនស្ថិតក្នុងពេលវេលាសមស្រប ដែលធ្វើបាបបងប្រុសរបស់លោកទៅវិញ៖ «»។
រីឯស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានព្រះថេរដីកាថា ព្រះអង្គគាំទ្រចំពោះការបោះពុម្ពផ្សាយសៀវភៅនេះ និងកោតសរសើរស្នាដៃរបស់លោក ហង្ស វិទូ ប៉ុន្តែព្រះអង្គស្នើឲ្យអ្នកនិពន្ធរូបនេះ គួរតែពន្យារពេលបោះពុម្ពដើម្បីទុកពេលសម្រាប់កែខ្លឹមសារ និងកែអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបោះពុម្ពទៅហើយមានកំហុសច្រើន នាំឲ្យបាត់បង់ការគាំទ្រចំពោះវីរភាពរបស់លោក គឹម សុខ។ ព្រះអង្គយល់ស្របចំពោះការចង់បានរបស់គ្រួសារលោក គឹម សុខ៖ «»។
សៀវភៅកម្រងទស្សនៈលោក គឹម សុខ ដែលមានកម្រាស់ជាង ២០០ទំព័រនេះ ត្រូវបានលោក ហង្ស វិទូ ប្រើពេលវេលាតែជិត ២ខែ ដើម្បីចងក្រង។ សៀវភៅនេះមានការបញ្ចេញបញ្ចូលគំនិត និងទស្សនៈរបស់អ្នកនិពន្ធប្រមាណ ៨០ភាគរយ ហើយមានការវិភាគ និងទស្សនៈរបស់លោក គឹម សុខ តែ ២០ភាគរយប៉ុណ្ណោះ។
លោក ហង្ស វិទូ គ្រោងនឹងបោះពុម្ពផ្សាយសៀវភៅនេះចំនួន ១ម៉ឺនក្បាល ដែលនឹងត្រូវចំណាយអស់ទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារអាមេរិក។ លោកថា ថវិកានេះបានមកពីការខ្ចីគេ និងជំនួយពីប្រជាពលរដ្ឋនៅក្រៅប្រទេស ដោយមិនបានធ្វើការរៃអង្គាស ឬស្នើសុំនោះឡើយ។ លោករំពឹងថា នឹងសងប្រាក់ត្រឡប់ទៅម្ចាស់បំណុលវិញ ក្រោយពេលប្រមូលថវិកាបានពីការលក់សៀវភៅនេះតាមបណ្ណាគារ និងតូបលក់សៀវភៅនានា ដែលលោកគ្រោងលក់ក្នុងតម្លៃ ៣ដុល្លារក្នុងមួយក្បាល។
លោក ហង្ស វិទូ លើកឡើងថា ប្រសិនបើអាច លោកនឹងប្រគល់ខ្លឹមសារសៀវភៅនេះជូនលោក គឹម សុខ ដើម្បីពិនិត្យដោយខ្លួនឯងផ្ទាល់ មុននឹងធ្វើការបោះពុម្ពផ្សាយ។ លោកថា រឿងនេះគ្រាន់តែជាការយល់ច្រឡំគ្នាប៉ុណ្ណោះ ហើយលោកនឹងព្យាយាមចរចាបញ្ចប់បញ្ហាយល់ច្រឡំនេះទៅវិញ៕