Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​មិន​ទាន់​ដឹង​កន្លែង​លាក់​ខ្លួន​ពិត​ប្រាកដ​របស់​លោក ឈាន ពិសិដ្ឋ នៅ​ឡើយ

$
0
0

សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​កន្លែង​លាក់​ខ្លួន​ពិត​ប្រាកដ​របស់​នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ ដែល​បាន​ដក​កាំភ្លើង​បាញ់​ទៅ​លើ​សហការី​របស់​ខ្លួន ធ្លាក់​ស័ក្តិ​ពី​លើ​ស្មា​នៅ​ឡើយ​ទេ បើ​ទោះ​ជា​ករណី​បាញ់​បោះ​នេះ​បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​មេសា ក្តី។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការងារ​លើ​រឿង​នេះ ដើម្បី​ចាប់​ខ្លួន​លោក ឈាន ពិសិដ្ឋ បញ្ជូន​ទៅ​តុលាការ​នៅ​តាម​នីតិវិធី។ លោក​ថា ដំបូង​ឡើយ​មាន​ព័ត៌មាន​ថា​លោក ឈាន ពិសិដ្ឋ បាន​ទៅ​លាក់​ខ្លួន​នៅ​តំបន់​ទេសចរណ៍​ប៉ាតាយ៉ា​ក្នុង​ប្រទេស​ថៃ តែ​ក្រោយ​មក​មិន​ដឹង​ថា​គេច​ខ្លួន​ទៅ​ណា​ទៀត​ឡើយ។ លោក​ថា សមត្ថកិច្ច​ខ្មែរ​ក៏​បាន​សុំ​ការ​សហការ​ពី​សមត្ថកិច្ច​ថៃ រួច​ហើយ​ដែរ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ដំណឹង​អ្វី​ពី​ភាគី​ថៃ ឡើយ៖ «នៅ​កន្លែង​មួយ​នៅ​ប៉ាតាយ៉ា ដំបូង​ឡើយ។ ដល់​យើង​ទាក់ទង វា​ចល័ត​ចុះ​ឡើង។ ឥឡូវ​មិន​ដឹង​នៅ​ណា​ស្ងាត់​ឲ្យ​ឈឹង ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​ទេ យើង​កំពុង​បន្ត​រឿង​ហ្នឹង ចង់​និយាយ​ថា​ជង់​មិន​ភ្លេច​កុក​ទេ»

លោក ឈាន ពិសិដ្ឋ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជាប់​ប្រទេស​ថៃ ត្រូវ​បាន​ជាប់​ចោទ​ថា​បាន​បាញ់​លោក សេម មករា ដែល​ជា​នាយ​នគរបាល​នៅ​ប៉ុស្តិ៍​ជាមួយ​គ្នា ឲ្យ​របួស​ស្រាល​ត្រង់​ស្មា​កាល​ពី​ថ្ងៃ​ទី​៩ មេសា ក្នុង​ទំនាស់​ជេរ​ប្រមាថ​មួយ។ ក្រោយ​ការ​បាញ់​ប្រហារ​នេះ លោក ឈាន ពិសិដ្ឋ បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​កម្ពុជា ដែល​មន្ត្រី​អាជ្ញាធរ​ខ្មែរ​ជឿ​ថា លោក​ទៅ​ពួន​នៅ​ប្រទេស​ថៃ។

ពាក់ព័ន្ធ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​លោក ស ខេង កាល​ពី​ថ្ងៃ​ទី​១០ មេសា បាន​ចេញ​សេចក្តី​សម្រេច​ដកហូត​តំណែង​ឋានន្តរស័ក្ដិ និង​បណ្ដេញ​លោក ឈាន ពិសិដ្ឋ ចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ។ លោក ស ខេង ក៏​បង្គាប់​ឲ្យ​បញ្ជូន​ខ្លួន​លោក ឈាន ពិសិដ្ឋ ទៅ​តុលាការ ដោយ​ហេតុ​ថា ជន​នេះ​បាន​ល្មើស​វិន័យ​នគរបាល​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​អាវុធ​បាញ់​បោះ​ខុស​ច្បាប់។ ភ្លាមៗ​នោះ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ឈាន ពិសិដ្ឋ ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ​ឧសភា ដើម្បី​បំភ្លឺ​អំពី​រឿង​បាញ់​ប្រហារ​នេះ ប៉ុន្តែ​លោក ឈាន ពិសិដ្ឋ មិន​បាន​ចូល​ខ្លួន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles