ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនវិនិយោគចិនធំៗចំនួន ៣ ដែលសុទ្ធតែជាក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគបង្កើតវារីអគ្គិសនីនៅស្ទឹងត្រែង និងខេត្តកោះកុង ព្រមទាំងជាក្រុមហ៊ុនវិនិយោគធ្វើផ្លូវ និងថ្នល់នៅកម្ពុជា។ ក្នុងជំនួបទាំងនេះ ក្រុមហ៊ុនចិន ក៏បានសម្រេចបន្ថែមវិនិយោគសាងសង់ផ្លូវល្បឿនលឿនមួយខ្សែនៅកម្ពុជា។ ចំណែកមន្ត្រីគណបក្សប្រឆាំងវិញ ហាក់មិនគាំទ្រឱ្យភាគីចិន សាងសង់ផ្លូវថ្នល់ឡើយ ប៉ុន្តែចង់ឃើញឱ្យចិន យកថវិកាទាំងនោះមកវិនិយោគដើម្បីបង្កើតជារោងចក្រកែច្នៃអ្វីមួយ ដែលអាចជួយទៅដល់កសិករនៅតាមទីជនបទទើបប្រសើរជាង។
មុនពេលពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ផ្ដើមនៅទីក្រុងប៉េងកាំង ប្រទេសចិន មួយថ្ងៃ គឺនៅថ្ងៃទី១៣ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនចិនធំៗ ចំនួន ៣ ដែលក្រុមហ៊ុនទាំងនេះសុទ្ធសឹងតែកំពុងបណ្ដាក់ទុនវិនិយោគសាងសង់ទំនប់វារីអគ្គិសនី និងវិនិយោគសាងសង់ផ្លូវនៅកម្ពុជា។
ទំព័រហ្វេកប៊ុក (Facebook) របស់លោក ហ៊ុន សែន បានឱ្យដឹងថា បន្ទាប់ពីជាន់លើទឹកដីចិន ភ្លាមលោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនចិន មួយឈ្មោះថា ឆាយណា ហួនណេង គ្រុប (China Huaneng Group) ជាក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង ដែលសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង។ នៅក្នុងខែកញ្ញា ខាងមុខនេះ លោក ហ៊ុន សែន នឹងអញ្ជើញជាកិត្តិយសបិទទំនប់ទឹកដើម្បីតភ្ជាប់បណ្ដាញអគ្គិសនីនេះ។
ប្រធានក្រុមហ៊ុនចិននេះ គឺលោក ឆាវ ភីស៊ី បានបញ្ជាក់ប្រាប់លោក ហ៊ុន សែន ថា ការវិនិយោគអគ្គិសនីដែលនឹងផ្ដល់ថាមពលអគ្គិសនីប្រើប្រាស់ជូនប្រជាពលរដ្ឋ គឺមិនធ្វើឱ្យប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិឡើយ ផ្ទុយទៅវិញ បានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ លោក ហ៊ុន សែន ឆ្លើយតបថា តាមការចុះទៅពិនិត្យផ្ទាល់របស់លោកទៅដល់កន្លែងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះ គឺក្រុមហ៊ុនចិន បានគិតគូរដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋ ដូចជាផ្ទះសម្បែង ដីធ្លី អភិវឌ្ឍន៍អណ្ដូងទឹក មន្ទីរពេទ្យ និងសាលារៀនជាដើម។
នៅក្នុងថ្ងៃជាមួយគ្នានេះ លោក ហ៊ុន សែន បានបន្តជួបជាមួយតំណាងក្រុមហ៊ុនចិន មួយទៀត គឺក្រុមហ៊ុនវិនិយោគទុនឈ្មោះ China National Heavy Machinery Company ដែលបានមកវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ២០០៧ ហើយមានទំហំទឹកប្រាក់ ១.៤៧០លានដុល្លារសហរដ្ឋអាមេរិក។ កាលពីពេលកន្លងទៅ ក្រុមហ៊ុនចិនមួយនេះ ទើបទទួលជោគជ័យក្នុងការបណ្ដាក់ទុនកសាងវារីអគ្គិសនីស្ទឹងតាតៃ នៅខេត្តកោះកុង និងបានដាក់ឱ្យដំណើរការដោយរលូន ជាពិសេសការកសាងខ្សែបណ្ដាញបញ្ជូនអគ្គិសនីទៅតាមតំបន់ជនបទ។
បន្ទាប់មកទៀត លោក ហ៊ុន សែន ក៏បានជួបជាមួយប្រធានក្រុមហ៊ុនវិនិយោគចិន មួយទៀតឈ្មោះថា China Communications Construction Company ដែលជាក្រុមហ៊ុនបានវិនិយោគកសាងផ្លូវថ្នល់ចំនួន ១៦គម្រោងរួចមកហើយនៅកម្ពុជា មានទំហំទឹកប្រាក់បណ្ដាក់ទុន ១.៦០០លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ភាគីក្រុមហ៊ុនចិន មួយនេះ បានសម្រេចបណ្ដាក់ទុនវិនិយោគបន្ថែម ដើម្បីសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រ ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយនឹងត្រូវបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៧ នេះ។ ក្រុមហ៊ុនដដែលនេះ ក៏ចាប់អារម្មណ៍លើគម្រោងសាងសង់ផ្លូវដែក និងកំពង់ផែក្នុងប្រទេសកម្ពុជា ដែរ។
ទោះជាយ៉ាងណាក៏ដោយ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ សង្កេតឃើញថា រាល់សំណង់ដូចជាផ្លូវ ថ្នល់ និងស្ពានរបស់ប្រទេសចិន ដែលសាងសង់ឱ្យកម្ពុជា មិនសូវមានគុណភាពឡើយ ហើយខ្លះទៀតបានខូចខាតទៅវិញស្ទើរទាំងស្រុង រីឯការសាងសង់ទំនប់វារីអគ្គិសនីវិញ ក៏បង្កឱ្យមានវិនាសកម្មព្រៃឈើ ប៉ះពាល់បរិស្ថាន បាត់បង់ជីវចម្រុះ និងនាំឱ្យពលរដ្ឋបាត់បង់ផ្ទះសម្បែងថែមទៀត។
លោកបន្ថែមថា កម្ពុជាបានជំពាក់លុយប្រទេសចិន ច្រើនណាស់ ដោយសារប្រាក់កម្ចីមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដូច្នោះលោកចង់ឱ្យរដ្ឋាភិបាលកម្ពុជា គួរឈប់ត្រេកត្រអាលនឹងប្រាក់កម្ចីថែមទៀត ផ្ទុយទៅវិញ ត្រូវជំរុញឱ្យអ្នកវិនិយោគចិន មកបង្កើតជារោងចក្រដើម្បីជួយទិញកសិផលពីពលរដ្ឋនៅតាមទីជនបទទើបប្រសើរជាង ស្របពេលពលរដ្ឋភាគច្រើនកំពុងប្រឈមនឹងបញ្ហានេះ៖ «សាងសង់រោងចក្រជួយកសិករនេះ វាជួយសេដ្ឋកិច្ចមួយផ្នែកផង ហើយមួយផ្នែកទៀត គួរតែមានរោងចក្រផ្សេងៗ ដើម្បីបង្កើតការងារដល់ពលរដ្ឋជាជាងឱ្យចិន យកកម្មកររបស់គេមកសាងសង់ថ្នល់ ហើយមិនសូវមានគុណភាពបែបនេះ»។
ក្នុងរយៈពេល ១៣ឆ្នាំ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានខ្ចីលុយពីសម្ព័ន្ធមិត្តចិន ជិត ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីយកមកអភិវឌ្ឍន៍នានា ដូចជាផ្លូវ ថ្នល់ ស្ពាន សាលារៀនជាដើម ស្របពេលចិន បានផ្ដល់ជំនួយឥតសំណងជាង ១៨០លានដុល្លារផ្សេងទៀត។
នៅថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីចូលរួមបើកវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានមេដឹកនាំចូលរួម ២៨ប្រទេស ព្រមទាំងប្រមុខអង្គការសហប្រជាជាតិ រួមទាំងសហគ្រិន និងអ្នកជំនាញខាងកិច្ចការហិរញ្ញវត្ថុប្រហែល ១ពាន់នាក់ នៅក្នុងទីក្រុងប៉េកាំង។ លោក ហ៊ុន សែន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានរឹងមាំ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅក្នុងឆ្នាំ១៩៥០ មក។
តាមការគ្រោងទុក លោក ហ៊ុន សែន និងគណៈប្រតិភូ នឹងបន្តទស្សនកិច្ចផ្លូវការនៅប្រទេសចិន ២ថ្ងៃបន្ថែមទៀត ដើម្បីតបតាមការអញ្ជើញរបស់រដ្ឋាភិបាល បន្ទាប់ពីវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា បានបញ្ចប់៕