ស្ថានទូតកម្ពុជា ប្រចាំរដ្ឋធានីហាណូយ ប្រទេសវៀតណាម អន្តរាគមន៍ជួយនារីខ្មែរ ៣នាក់ដែលមេខ្យល់បោកទៅរៀបការជាមួយបុរសជនជាតិចិន។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឲ្យដឹងថា នារីខ្មែរ ៣នាក់នោះមកពីខេត្តក្រចេះ និងខេត្តកំពង់ចាម អាយុចន្លោះពី ១៨ ដល់ ២០ឆ្នាំ។
ពួកគេត្រូវបានមេខ្យល់នាំឆ្លងចូលប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមេសា និងបន្តធ្វើដំណើរតាមច្រកព្រំដែនវៀតណាម-ចិន ម៉ុងកាយ (Mong Cai) នៃខេត្តក្វាង និញ (Quang Ninh) បម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ជាថ្នូរនឹងប្រាក់ចន្លោះពី ១.៥០០ ទៅ ២.០០០ដុល្លារសហរដ្ឋអាមេរិក។ បច្ចុប្បន្នអ្នកទាំង៣ ឋិតក្រោមការគាំពារពីអង្គការ Blue Dragon Children’s Foundation ក្នុងប្រទេសវៀតណាម។
ក្រសួងការបរទេសបញ្ជាក់ថា ស្ថានទូតកម្ពុជា កំពុងសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងនគរបាលវៀតណាម និងអង្គការ Blue Dragon Children’s Foundation ដើម្បីធ្វើបែបបទបញ្ជូននារីខ្មែរទាំង ៣នាក់ត្រឡប់មកកម្ពុជា វិញ ក្នុងពេលឆាប់ៗខាងមុខ៕