ជាមួយនឹងកំណើនការតភ្ជាប់អ៊ីនធឺណិត (Internet) និងការមានបានរបស់ប្រជាពលរដ្ឋ អ្នកជំនាញផ្នែកវិនិយោគលើកឡើងថា ប្រជាពលរដ្ឋតំបន់អាស៊ាន មានឱកាសចាប់ផ្ដើមអាជីវកម្មងាយស្រួលជាងជំនាន់ឪពុកម្ដាយរបស់ពួកគេ។
ក្រុមអ្នកវិនិយោគ និងសហគ្រិនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ឲ្យយោបល់ និងគន្លឹះមួយចំនួនដើម្បីទាញយកឱកាសប្រកបអាជីវកម្មឌីជីថល ឬអនឡាញ (Digital Businesses) ឲ្យទទួលបានជោគជ័យ។
ប្រជាជនអាស៊ានចំនួន ១២ម៉ឺន ៤ពាន់នាក់ ចាប់ផ្ដើមប្រើប្រាស់អ៊ីនធឺណិត ជារៀងរាល់ថ្ងៃ។
អ្នកនាង តាន់ ហយ លីង (Tan Hooi Ling) សហស្ថាបនិកនៃក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ី ហ្គ្រាប (Grab) នៃប្រទេសសិង្ហបុរី កត់សម្គាល់ថា តំបន់អាស៊ានមានលទ្ធភាពផ្លោះ (leapfrog) ទៅបច្ចេកវិទ្យាចល័តតែម្ដង។ Grab ជា App សម្រាប់កុម្ម៉ង់តាក់ស៊ីជោគជ័យមួយនៅតំបន់អាស៊ាន ដែលបច្ចុប្បន្នមានប្រតិបត្តិការនៅប្រទេសចំនួន៧។
អ្នកនាង តាន់ ហយ លីង ថ្លែងនៅក្នុងកិច្ចពិភាក្សាស្ដីពី "ការចាប់ផ្ដើមអាជីវកម្មបែបឌីជីថលនៅតំបន់អាស៊ាន" នៃវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី១២ ខែឧសភា ថា ការស្វែងយល់ពីបញ្ហាពិតប្រាកដ និងតម្រូវការរបស់អ្នកប្រើប្រាស់ ហើយរកដំណោះស្រាយសម្រាប់បញ្ហានោះ ជាយុទ្ធសាស្ត្រសំខាន់ដើម្បីជោគជ័យពេលចាប់ផ្ដើមអាជីវកម្មណាមួយ៖ «ដើម្បីបង្កើតតម្លៃផលិតផលរបស់ខ្លួន សហគ្រិនត្រូវយល់ពីបញ្ហាពិតប្រាកដរបស់អតិថិជន។ Grab បានកើតឡើង បន្ទាប់ពីក្រុមការងារយើងសិក្សាពីអ្នកប្រើប្រាស់តាក់ស៊ីនៅប្រទេសម៉ាឡេស៊ី ឃើញថា ពួកគេពិបាកស្វែងរកសេវាកម្មតាក់ស៊ី ដែលទាន់ចិត្តសុវត្ថិភាព និងធូរថ្លៃ»។
បន្ថែមលើការស្វែងយល់បញ្ហារបស់អតិថិជន និងមានដំណោះស្រាយហើយនោះ អ្នកនាង តាន់ ហយ លីង បញ្ជាក់ថា សហគ្រិនដែលចង់សាកល្បងរកស៊ីត្រូវប្រាកដក្នុងខ្លួនថា ពួកគេស្រលាញ់ពេញចិត្តនឹងប្រភេទអាជីវកម្មដែលពួកគេគ្រោងបង្កើតនោះ។
ចំណែកសហគ្រិនអ៊ីនធឺណិត និងជាដៃគូស្ថាបនិកនៃក្រុមហ៊ុនវិនិយោគ ប្រាហ្គែល ប្រាឌ័រ (Bragiel Brothers) លោក ផូល ប្រាហ្គែល (Paul Bragiel) ឲ្យយោបល់ថា បើទោះជាអាជីវកម្មឌីជីថល ឬអនឡាញនេះ ពឹងផ្អែកលើបច្ចេកវិទ្យាមែន ក៏ប៉ុន្តែក្រុមការងារ និងបណ្តាញរកស៊ីឯណោះទេ ជាកត្តាសំខាន់ជាងគេ។
លោកថា ការមានខ្សែបណ្ដាញច្រើននឹងជួយឲ្យសហគ្រិនចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ហើយពេលដែលពួកគេស្គាល់គ្នា នោះគេសហការគ្នាបានល្អពេលរកស៊ី៖ «កុំចុះចាញ់! បើសិនយើងធ្វើខុសអ្វីមួយ យើអាចរៀនពីវា។ យើងអាចសារ៉េ (តម្រែតម្រង់) ផ្លូវដែលយើងដើរបានដដែល។ សំខាន់ យើងត្រូវអំណត់អត់ធន់ និងចេះបត់បែន»។
សហគ្រិនដែលមកពីតំបន់ ស៊ីលីខន វ៉ាឡេយ៍ (Silicon Valley) នៅសហរដ្ឋអាមេរិក រូបនេះបន្ថែមថា តំបន់អាស៊ានមានធនធានមនុស្សវៃឆ្លាត ហើយមានឱកាសវិនិយោគច្រើន បើធៀបទៅនឹងសហរដ្ឋអាមេរិក ដោយមនុស្សត្រឹម ២ ទៅ ៣នាក់ អាចរួមគ្នាបង្កើតក្រុមហ៊ុនមួយបាន ហើយដើមទុនត្រឹមមួយម៉ឺនដុល្លារក៏អាចចាប់រកស៊ីបាន។
ដើម្បីទទួលបានជោគជ័យក្នុងការសម្លឹងមើលទីផ្សារក្រៅប្រទេស ពិសេសទីផ្សារនៅតំបន់អាស៊ានដែលមានប្រជាជនជាង ៦២០លាននាក់ សហគ្រិនត្រូវការជាចាំបាច់នូវការយល់ដឹងពីវប្បធម៌នៃប្រទេសនោះ ជាពិសេសភាសាប្រាស្រ័យទាក់ទង។ នេះបើតាមលោក ម៉ាគូស ឡរ៉ែនហ្សីនី (Markus Lorenzini) ប្រធានក្រុមហ៊ុនស៊ីមែន (Siemens) នៃប្រទេសថៃ មីយ៉ាន់ម៉ា និងកម្ពុជា៖ «យល់ពីតម្រូវការរបស់អតិថិជន និងវប្បធម៌នៃប្រទេសនោះ។ ក្រៅពីនេះ សហគ្រិនត្រូវប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ សម្រាប់ដំណើរការអាជីវកម្មឌីជីថលរបស់គេ ហើយបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតភ្ជាប់អ៊ីនធឺណិត ក៏ត្រូវយកចិត្តទុកដាក់»។
បន្ថែមពីលើនេះ លោក ម៉ាគូស ឡរ៉ែនហ្សីនី លើកឡើងថា រដ្ឋាភិបាលក៏ត្រូវផ្លាស់ប្ដូរគោលនយោបាយខ្លះដើម្បីឲ្យស្របនឹងការវិវត្តរបស់បច្ចេកវិទ្យា ហើយក៏ត្រូវពិនិត្យមើលពីគុណភាពនៃកម្លាំងពលកម្មពីកម្រិតលើដល់ក្រោម។
លោក ផាធ្រីក វ៉ាលូចូ (Patrick Walujo) សហស្ថាបនិកនៃក្រុមហ៊ុនវិនិយោគឯកជន ណតហ៍ ស្ដារ (Northstar) នៅប្រទេសឥណ្ឌូនេស៊ី ហាក់មិនយល់ស្របនឹងការលើកឡើងរបស់លោក ម៉ាគូស ឡរ៉ែនហ្សីនី។ លោក ផាធ្រីក និយាយថា រដ្ឋាភិបាលដើរតួនាទីសំខាន់មួយដើម្បីលើកទឹកចិត្តដល់សហគ្រិនឲ្យមានទំនុកចិត្ត ហ៊ានប្រថុយចាប់ផ្ដើមអាជីវកម្មឌីជីថល៖ «ឥណ្ឌូនេស៊ី ជាទីផ្សារធំមួយសម្រាប់សហគ្រិន ដើម្បីដាក់លក់ផលិតផល។ រដ្ឋាភិបាលផ្ដល់ការគាំទ្រខ្លាំងដល់អាជីវកម្មកើតថ្មីៗ។ សេវាបង់ប្រាក់ឌីជីថល ត្រូវបានយកចិត្តទុកដាក់ផងដែរ»។
ពេលនិយាយដល់រឿងចាប់ផ្ដើមរកស៊ី សហគ្រិន ជារឿយៗ គិតគូរពីប្រភពទុនដើម្បីដំណើរការអាជីវកម្មរបស់ខ្លួន។ ក៏ប៉ុន្តែសម្រាប់លោក ផាធ្រីក លុយមិនមែនជាបញ្ហាធំនោះទេចំពោះការចាប់ផ្ដើម (Start up) ក្នុងការប្រកួតប្រជែងលើទីផ្សារពិភពលោក៖ «ការជ្រើសរើសមនុស្សត្រូវ វាមានសារសំខាន់ជាងការទទួលបានទុនវិនិយោគដ៏ច្រើនទៅទៀត។ វាអាស្រ័យលើមនុស្សដែលនៅជុំវិញខ្លួនយើង។ ក្រុមហ៊ុន Google បានចាប់ផ្ដើមដោយមនុស្សមួយក្រុមដែលឆ្លាត ក្មេង និងរហ័សរហួន»។
លោកយល់ថា ដោយសារការទទួលបានបច្ចេកវិទ្យាទូលំទូលាយ ខួរក្បាល ការខំប្រឹងប្រែងធ្វើការ និងការយកចិត្តទុកដាក់ គឺជាដែនកំណត់របស់សហគ្រិន។ លោកមើលឃើញថា ការផលិតនៅក្នុងតំបន់អាស៊ាន គ្របដណ្ដប់ដោយក្រុមហ៊ុនចម្រុះជាតិសាសន៍ ហើយប្រជាជនអាស៊ាន នៅខ្វះការអប់រំផ្នែកជំនាញវិជ្ជាជីវៈ ដែលបញ្ហានេះតម្រូវឲ្យចំណាយពេលយូរដើម្បីដើរឲ្យទាន់តំបន់ផ្សេងទៀត៕