គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសិក្ខាសាលានៅថ្ងៃទី១៨ ខែឧសភាសម្រាប់អ្នកសារព័ត៌មានស្ដីពីការបោះឆ្នោត នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ឲ្យដឹងថា សិក្ខាសាលានេះផ្ដោតសំខាន់ទៅលើការផ្សាយព័ត៌មានក្នុងដំណាក់កាលឃោសនាបោះឆ្នោត ការផ្សាយព័ត៌មាន ១ថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត និងការដោះស្រាយបណ្ដឹងទាក់ទងការឃោសនាបោះឆ្នោត និងការបោះឆ្នោត។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន ១២ ចូលរួមប្រកួតប្រជែងដណ្ដើមយកអាសនៈមេឃុំ និងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១.៦៤៦ទូទាំងប្រទេស។
ចំណែកការឃោសនាបោះឆ្នោតវិញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា៕