Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពុទ្ធបរិស័ទ​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​​កំពង់ចាម​ចង់​ឱ្យ​គ្រប់​វត្ត​និង​សាលារៀន​ចូល​រួម​ថែរក្សា​និង​ដាំ​កូន​ឈើ

$
0
0

ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​អម្ពវនារាម ហៅ​វត្ត​ស្វាយសាច់ភ្នំ ឃុំ​ស្វាយសាច់ភ្នំ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ចូល​ព្រៃឈើ​នៅ​ក្នុង​ទី​វត្តអារាម​មួយ​នេះ ជា​តំបន់​ព្រៃ​អភិរក្ស​មួយ​ដើម្បី​ងាយស្រួល​ថែ​រក្សាទុក​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។ ក្រៅ​ពី​នេះ ពួកគាត់​ចង់​ឃើញ​នៅ​តាម​វត្តអារាម​នានា និង​នៅ​តាម​សាលារៀន ដែល​មាន​ដើម​ឈើ​ស្រាប់ គប្បី​នាំ​គ្នា​រក្សាទុក​ឱ្យ​បាន​គង់វង្ស​និង​ខិតខំ​ដាំ​បន្ថែម​ទៀត។

​ពលរដ្ឋ​នៅ​ឃុំ​ស្វាយសាច់ភ្នំ មើល​ឃើញ​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​របស់​មនុស្ស និង​សត្វ។ សារសំខាន់​ទាំង​នោះ ដូចជា​ការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ ជួយ​ស្រូប​កម្ដៅ និង​ស្រូប​យក​ទឹក​ភ្លៀង។ លើស​ពី​នេះ ជួយ​ឱ្យ​ផ្ទៃដី​មាន​សំណើម ទប់ស្កាត់​ខ្យល់​ព្យុះ និង​ជា​ជម្រក​សម្រាប់​សត្វ​បក្សី និង​ប្រភេទ​សត្វ​ព្រៃ​ផ្សេង​ទៀត។

លក្ខណៈ​ពិសេស​របស់​ព្រៃ​ឈើ​ដូច្នេះ ទើប​ប្រជាពលរដ្ឋ​គណៈកម្មការ​វត្ត ព្រមទាំង​ព្រះចៅ​អធិការ​វត្ត​ស្វាយសាច់ភ្នំ នាំ​គ្នា​ថែរក្សា​គម្រប​ព្រៃឈើ​នៅ​ទី​វត្ត​អារាម​នេះ ដែល​មាន​ដើម​ឈើ​ធំៗ ប្រៀប​បាន​ទៅ​នឹង​ដើម​ឈើ​នៅ​តំបន់​ព្រៃឡង់។ ដើម​ឈើ​ធំៗ​ទាំង​នោះ មាន​ដូចជា​ដើម​ឈើ​ទាល ដើម​គគីរ ដើម​គីនីន ដើម​ម៉ៃសាក់ ហើយ​ពួកគាត់​បាន​នាំ​គ្នា​ដាំ​កូន​ឈើ​ផ្សេងៗ​ទៀត ដូចជា​ដើម​គ្រញូង បេង នាងនួន និង​សុក្រំ ជាដើម។

គណៈកម្មការ​វត្ត​ស្វាយសាច់ភ្នំ លោក នាង ម៉ក់ មាន​ប្រសាសន៍​ថា ពួកគាត់​រីករាយ​ក្នុង​ការ​ថែរក្សា​ព្រៃ​ព្រឹក្សា​នៅ​ទី​វត្តអារាម​មួយ​នេះ ដែល​បាន​បន្សល់​ទុក​ពី​ដូនតា​មក។ លោក​បន្ត​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​មនុស្ស សត្វ ព្រម​ទាំង​អាច​បង្ហាញ​ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់​ប្រភេទ​ឈើ​ផ្សេងៗ និង​អាច​ពន្យល់​យុវជន​ឱ្យ​ដឹង​ពី​គុណប្រយោជន៍​របស់​ព្រៃឈើ៖ «ខ្ញុំ​ខំប្រឹង​ថែទាំ​ព្រោះ​ព្រៃ​ឈើ​នេះ ជា​សម្បត្តិ​កេរ្តិ៍​ពី​ដូនតា​មក ហើយ​ខ្ញុំ​ដឹង​ក្តី​មក​ឃើញ​ព្រៃ​ឈើ​ហ្នឹង​មាន​ធំៗ»

​គណៈកម្មការ​វត្ត​ដដែល​កាន់តែ​ត្រេកអរ​បន្ថែម​ទៀត ក្រោយ​ពេល​វត្ត​ស្វាយសាច់ភ្នំ ត្រូវ​បាន​ខាង​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ កាល​ពី​ឆ្នាំ​២០១៤ ហើយ​ជា​ផ្នែក​មួយ​អាច​រក្សា​ព្រៃឈើ​ទាំង​នោះ​ឱ្យ​នៅ​គង់វង្ស គេច​ផុត​ពី​ការ​កាប់​បំផ្លាញ​បាន។ ជាង​នេះ​ទៀត លោក​ចង់​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បញ្ចូល​តំបន់​ព្រៃឈើ​ទាំងនេះ ជា​តំបន់​អភិរក្ស និង​ចង់​ឃើញ​នៅ​តាម​វត្ត​អារាម ឬ​សាលារៀន​ទាំង​អស់​នាំគ្នា​ថែរក្សា​ដើមឈើ​ដែល​មាន​ស្រាប់ ព្រម​ទាំង​ខិតខំ​ដាំ​ដើម​ឈើ​ឡើង​វិញ​ឱ្យ​បាន​កាន់​តែ​ច្រើន។

ផ្ទៃដី​ព្រៃឈើ​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយសាច់ភ្នំ គឺ​មាន​ទំហំ​ប្រមាណ ៧០​ហិកតារ ដោយ​មាន​ដើម​ឈើ​តូច​ធំ ដុះ​ស្រោង និង​អម​ដោយ​សំឡេង​សត្វ​បក្សាបក្សី​យ៉ាង​អឺងអាប់៖ «សំឡេង​សត្វ»

ព្រះចៅ​អធិការ​វត្ត​អម្ពវនារាម ហៅ​វត្ត​ស្វាយសាច់ភ្នំ ព្រះតេជព្រះគុណ អ៊ឹម ប៊ុនធឿន មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិន​បាន​ដឹង​ច្បាស់​ទេ​ពី​ប្រវត្តិ​ដើម​ឈើ​ទាំង​នោះ ប៉ុន្តែ​ព្រះអង្គ​យល់​ថា អាយុកាល​របស់​វា​អាច​នឹង​ច្រើន​ជាង​ព្រះវិហារ ដែល​បាន​កសាង​ឡើង​កាល​ពី​ឆ្នាំ​១៩០៥ ទៅ​ទៀត។ ព្រះអង្គ​នៅចាំ​ថា​ដើម​ឈើ​នៅ​ក្នុង​វត្ត​ធ្លាប់​រង​ការ​កាប់​បំផ្លាញ​កាល​ពី​សម័យ​ខ្មែរ​ក្រហម​ម្តង។ ក្រោយ​មក​ទៀត ធ្លាប់​កាប់​ដើម្បី​យក​ឈើ​ទៅ​បម្រើ​ការងារ​សំណង់​ក្នុង​វត្ត​ខ្លះ​ដែរ ប៉ុន្តែ​ករណី​កាប់​ច្រើន​ជាង​គេ គឺ​មុន​ពេល​ព្រះអង្គ​ធ្វើ​ជា​ចៅ​អធិការ​វត្ត និង​ជា​ពេល​មួយ​ដែល​គ្រប់គ្រង​ដោយ​គណៈកម្មការ​វត្ត​ចាស់ គឺ​មាន​សកម្មភាព​កាប់​ដើម​ឈើ ពិសេស​ដើម​គគីរ​អស់​ជិត ៤០០​ដើម ដោយ​មិន​ដឹង​គេ​កាប់​ទៅ​ទី​ណា​ទេ។

ព្រះអង្គ​សម្ដែង​ព្រះទ័យ​សោកស្ដាយ​ចំពោះ​ការ​កាប់​ដើម​ឈើ​ពេល​នោះ ហើយ​ព្រះចៅ​អធិការ​វត្ត​ចាស់ ព្រះនាម ផេង រាម ក៏​មិន​ពេញ​ព្រះទ័យ​ដែរ។ ព្រះអង្គ​យល់​ថា ដើម​ឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ និង​ក្មេង​ជំនាន់​ក្រោយ។ បន្ថែម​ពី​នេះ នៅ​ពេល​មាន​ដើមឈើ​ច្រើន​នៅ​ក្នុង​វត្ត​អារាម ធ្វើ​ឱ្យ​ព្រះអង្គ​មាន​ព្រះទ័យ​ស្រស់ថ្លា ម្យ៉ាង​ធ្វើ​ឱ្យ​អាកាសធាតុ​ក្នុង​វត្ត​មិន​សូវ​ក្ដៅ​ទេ៖ «អាត្មា​ចង់​ឱ្យ​អ៊ីចឹង គឺ​ចង់​ឱ្យ​គ្រប់​វត្ត​អារាម​ទាំង​អស់ ពិសេស​នៅ​ស្រុក​ស្រីសន្ធរ គ្រប់​វត្ត​ទាំង​អស់​ឱ្យ​ដាំ​ដើម​ឈើ​ឡើង​វិញ ព្រោះ​ការ​ណែនាំ​របស់​ព្រះ​អនុគណ ក៏​ដូចជា​អាត្មា ចង់​ឱ្យ​គ្រប់​វត្ត​ទាំង​អស់​ដាំ​ដើម​ឈើ​ឡើង​វិញ»

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ទាំង​នេះ ពីព្រោះ​វា​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ក្រសួង​បរិស្ថាន​ផង។ បន្ថែម​ពី​នេះ កន្លង​មក​រាជរដ្ឋាភិបាល​ជា​អ្នក​ដាក់​ចេញ​នូវ​គោលនយោបាយ ហើយ​ក្រសួង​ពាក់ព័ន្ធ រួម​មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម បាន​ដឹកនាំ​អនុវត្ត​គោលនយោបាយ​ទាំង​នោះ តាម​រយៈ​សកម្មភាព​មួយ​ចំនួន ដូចជា​ការ​រៀបចំ​ពិធី​ដាំ​ដើម​ឈើ​នៅ​តំបន់​អភិរក្ស តំបន់​ឆ្នេរ តាម​វត្តអារាម សាលារៀន និង​នៅ​តាម​រមណីយដ្ឋាន​នានា ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ៖ «រាជរដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​របស់​យើង​ហ្នឹង​គឺ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ថែរក្សា​ព្រៃឈើ ការ​ថែរក្សា​ដើម​ឈើ​នៅ​តាម​ទី​វត្តអារាម សាលារៀន និង​នៅ​តាម​ទី​សាធារណៈ»

​ចំពោះ​ការ​ស្នើ​សុំ​របស់​គណៈកម្មការ​វត្ត​ដាក់​បញ្ចូល​ព្រៃឈើ​ទាំង​នោះ​ជា​តំបន់​អភិរក្ស លោក សៅ សុភាព ពន្យល់​ថា ជា​កិច្ចសហការ​មួយ​រវាង​មន្ទីរ​បរិស្ថាន​ខេត្ត និង​គណៈកម្មការ​អាចារ្យវត្ត ដើម្បី​សិក្សា និង​រៀបចំ​ឯកសារ​ដាក់​បញ្ចូល​ទី​វត្ត​អារាម​នោះ ជា​តំបន់​អភិរក្ស​កម្រិត​ថ្នាក់​ក្រោម​ជាតិ ឬ​ថ្នាក់​មូលដ្ឋាន។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មើល​ឃើញ​ថា ជា​រឿង​ល្អ​មួយ​ដែល​ពុទ្ធបរិស័ទ​នៅ​ឃុំ​ស្វាយសាច់ភ្នំ នាំ​គ្នា​ថែរក្សា​សម្បត្តិ​ដូន​តា ពិសេស​ការពារ​ព្រៃឈើ និង​ចេះ​នាំ​គ្នា​ដាំ​ដើម​ឈើ​ឡើង​វិញ។ លោក​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​ពលរដ្ឋ គឺ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូល​រួម និង​លើកទឹកចិត្ត​ដល់​ពួក​គាត់។ លោក​បន្ថែម​ថា ព្រៃឈើ​ជា​ផ្នែក​មួយ​ដែល​អាច​ផ្សារភ្ជាប់​រវាង​សាលារៀន សាសនា និង​បរិស្ថាន។

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​បាត់បង់​ព្រៃឈើ​ដ៏​ច្រើន​​បច្ចុប្បន្ន ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​រង​ផល​ប៉ះពាល់ ដូចជា​បាត់បង់​មុខរបរ និង​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​អនុផល​ព្រៃឈើ។ ជាង​នេះ​ទៀត បណ្ដាល​ឱ្យ​អាកាសធាតុ​ប្រែប្រួល​កាន់​តែ​ខ្លាំង បំផ្លាញ​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ និង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles