ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង កោះហៅបេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបង ពីគណបក្សសង្គ្រោះជាតិ ឲ្យចូលបំភ្លឺជាលើកទី២ នៅថ្ងៃទី២៣ ខែឧសភា ក្នុងដំណើររឿងក្នុងរឿងមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការលើសំណុំរឿងទំនាស់ដី។
សកម្មជនបក្សប្រឆាំងរូបនេះ កាលពីថ្ងៃទី១៦ ខែមករា បានចុះឃ្លាំមើលពលរដ្ឋតវ៉ាដែលរារាំងការអនុវត្តដីកាស្ថាពររបស់តុលាការខេត្តបាត់ដំបង ក្នុងសំណុំរឿងជម្លោះដីសាលារវាងពលរដ្ឋ និងមន្ត្រីនគរបាល។
បេក្ខនារីឈរឈ្មោះបោះឆ្នោតសង្កាត់អូរចារ លេខរៀងទី១ គណបក្សប្រឆាំង អះអាងថា នាងនឹងចូលបំភ្លឺតាមដីកាកោះ នៅថ្ងៃទី២៣ ខែឧសភា ខាងមុខ ដោយមិនរុញរាឡើយ ទោះបីប្រឈមនឹងការចាប់ខ្លួនក្ដី។
បេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អូរចារ គណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត មានប្រសាសន៍នៅថ្ងៃទី១៤ ឧសភា ថា នាងព្រួយបារម្ភយ៉ាងខ្លាំងអំពីដីកាកោះនេះ ថាអាចនឹងប៉ះពាល់ដល់ការឈរឈ្មោះបោះឆ្នោតរបស់នាងនៅថ្ងៃ៤ ខែមិថុនា ខាងមុខ។
កញ្ញាសម្បុរស រាងតូចច្រឡឹង មុខស្រស់រូបនេះ បង្ហាញអារម្មណ៍មិនសប្បាយចិត្តនឹងដីការបស់សាលាដំបូងខេត្តបាត់ដំបង ទេ ដោយថា ជាការគំរាមកំហែងផ្នែកនយោបាយធ្ងន់ធ្ងរមកលើរូបនាង ធ្វើឲ្យនាងពុំមានសិទ្ធិឃោសនារកសំឡេងឆ្នោតបានទូលំទូលាយដូចបេក្ខជនដទៃទៀត។ កញ្ញាវ័យ ៣០ឆ្នាំប្លាយរូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើតុលាការឃាត់រូបនាង ដោយសារតែរឿងទៅឃ្លាំមើលពលរដ្ឋតវ៉ាបញ្ហាទំនាស់ដីធ្លីនោះ ពលរដ្ឋមួយចំនួនធំនៅសង្កាត់អូរចារ នឹងមិនទៅបោះឆ្នោតឡើយ៖ «ខ្ញុំជឿជាក់ថា នៅថ្ងៃទី២៣ (ឧសភា) តុលាការនឹងសម្រេចត្រឹមអនុញ្ញាតឲ្យនាងខ្ញុំត្រឡប់មកឃោសនារកសំឡេងឆ្នោតតាមធម្មតាវិញ ពីព្រោះខ្ញុំស្នើកន្លងមកគឺមានមូលហេតុច្បាស់លាស់របស់ខ្ញុំ ដោយខ្ញុំជាបេក្ខនារីចៅសង្កាត់។ ប៉ុន្តែបើសិនជាថ្ងៃទី២៣ នោះមានហេតុការណ៍ណាមួយចំពោះខ្ញុំ គឺជារូបភាពអាក្រក់ណាស់ កាលណាឃុំឃាំង មិនមែនឃុំខ្ញុំ ដូចឃុំខ្លួនពលរដ្ឋក្នុងសង្កាត់អូរចារ ទាំងមូល»។
ដីកាកោះដែលចុះហត្ថលេខាដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង លោក ប៉ង់ ចាន់សុយុទ្ធារា ចុះថ្ងៃទី៨ ខែឧសភា កោះហៅកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ជាជនសង្ស័យចូលបំភ្លឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ដើម្បីសាកសួរអំពីដំណើររឿងមិនគោរពតាមសេចក្ដីរបស់តុលាការតាមបណ្ដឹងរបស់មន្ត្រីប៉ូលិសនៃស្នងការដ្ឋានខេត្តបាត់ដំបង ម្នាក់ឈ្មោះ សៅ ប៊ុនទិត្យ។
កាលពីថ្ងៃទី១៦ មករា កន្លងទៅ ប្រជាពលរដ្ឋប្រមាណ ៥០នាក់ បាននាំគ្នាតវ៉ានៅមុខសាលាសង្កាត់អូរចារ ដើម្បីជំទាស់នឹងមន្ត្រីតុលាការដឹកនាំសមត្ថកិច្ចចុះអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តបាត់ដំបង។ កាលណោះកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានទៅឃ្លាំមើលដល់ទីកន្លែងពលរដ្ឋដែលកំពុងតវ៉ានោះ។ ការតវ៉ានេះ ដោយសារពលរដ្ឋមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់តុលាការ ដែលបានកាត់ក្ដីឲ្យមន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ម្នាក់ឈ្មោះ សៅ ប៊ុនទិត្យ ឈ្នះក្ដីលើសំណុំរឿងទំនាស់ដីសាលាមត្តេយ្យនៅក្នុងសង្កាត់អូរចារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ ពលរដ្ឋលើកឡើងថា ពួកគាត់ចង់ឲ្យតុលាការសើរើឡើងវិញ ដើម្បីរក្សាដីរបស់សាលាទុកប្រើប្រាស់ជាសម្បត្តិសាធារណៈរបស់រដ្ឋ ពីព្រោះការប្ដឹងកន្លងមកពួកគាត់ពុំបានដឹងឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា បញ្ហានេះជានីតិវិធីមួយរបស់ព្រះរាជអាជ្ញារងក្នុងការកោះហៅបេក្ខនារីបក្សប្រឆាំងដើម្បីទៅសាកសួរ។ លោកបន្តថា ករណីទី១ ក្រោយពីការសាកសួរហើយ តុលាការអាចទម្លាក់បទចោទក៏ថាបាន ឬក៏តុលាការបន្តការស៊ើបអង្កេតទៅចៅក្រម ហើយពេលនោះចៅក្រមអាចនឹងឃាត់ខ្លួនជនសង្ស័យតែម្ដង។
ទោះជាយ៉ាងនេះក្ដី លោកកត់សំគាល់ថា តុលាការខេត្តបាត់ដំបង ជាង ៩០ភាគរយ មិនអនុវត្តច្បាប់ ដោយការឃុំខ្លួននៅពេលកោះហៅសាកសួរនោះទេ៖ «ហើយអ៊ីចឹងនៅតែទទូចថា ការអនុវត្តសាលក្រមពេលខ្លះមន្ត្រីមួយចំនួនក៏គាត់មិនយល់ថា ការទៅរារាំងមានទោសកំហុសដែរ។ អ៊ីចឹងខ្ញុំស្នើសុំឲ្យព្រះរាជអាជ្ញាទម្លាក់បទចោទនេះចោលទៅក្រោយពីការសាកសួរ ពីព្រោះភាគីម្ខាងទៀតក៏បានអនុវត្តសាលក្រមនេះរួចរាល់ដែរ ហើយពលរដ្ឋជាច្រើននាក់ផ្សេងទៀតក៏បានចូលទៅបំភ្លឺតុលាការហើយដែរ»។
ចំណែកមន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង លើកឡើងថា រឿងនេះតុលាការបានកោះហៅពលរដ្ឋជាច្រើននាក់ទៅសាកសួររួចអស់ទៅហើយ ដែលតុលាការគួរបញ្ចប់ត្រឹមនេះ ដោយមិនចាំបាច់បន្តសាកសួរមន្ត្រីគណបក្សនោះឡើយ៖ «ទាក់ទងនឹងការកោះហៅនេះឃើញថា ជាដំណាក់កាលមួយជិតដល់យុទ្ធនាការបោះឆ្នោត គួរតែលើកពេលសាកសួរទៅថ្ងៃក្រោយបោះឆ្នោតប្រសើរជាង។ ព្រោះរឿងនេះជារឿងរដ្ឋប្បវេណី ដែលពលរដ្ឋតវ៉ាចង់បានដីធ្លីជាប្រយោជន៍រួមសាធារណៈរបស់ពលរដ្ឋក្នុងសហគមន៍ មិនមែនជាប្រយោជន៍បុគ្គលទេ»។
មន្ត្រីអង្គការសង្គមស៊ីវិលទាំង២ស្ថាប័ន សង្កត់ធ្ងន់ថា ករណីនេះអាចជារឿងនយោបាយច្រើនជាងការស្វែងរកដំណោះស្រាយផ្លូវច្បាប់ ដោយសារបេក្ខនារីគណបក្សប្រឆាំងរូបនេះ មានប្រជាប្រិយភាពខ្លាំង ដែលជាឆ្អឹងទទឹងករបស់គូប្រកួតប្រជែងគណបក្សកាន់អំណាច ដល់ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា។
កន្លងមក តុលាការបានកោះហៅពលរដ្ឋចំនួន ១៣នាក់ហើយ ទៅសាកសួរពីការតវ៉ាក្នុងសំណុំរឿងតែមួយ ប៉ុន្តែពុំមានពលរដ្ឋណាម្នាក់ត្រូវបានឃុំខ្លួននោះទេ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវបានតុលាការកោះហៅចំនួន២លើកមកហើយ ដោយលើកដំបូងកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២០ មេសា ប៉ុន្តែសាមីខ្លួនបានដាក់ពាក្យសុំពន្យារពេលទៅថ្ងៃក្រោយវិញ ចំណែកលើកទី២នេះ សាមីខ្លួនអះអាងថា នឹងត្រូវចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៣ ខែឧសភា៕