Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រួសារ​សព​ទាហាន​មួក​ខៀវ​ម្នាក់​នៅ​ស្វាយរៀង​ចង់​ឱ្យ​រដ្ឋាភិបាល​និង​អ.ស.ប​ជួយ​កូន​រៀន

$
0
0

សាច់ញាតិ​របស់​ទាហាន​មួក​ខៀវ​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ធ្វើ​យ៉ាង​ណា​ឱ្យ​កូនៗ​ចំនួន ៣​នាក់ របស់​ជនរងគ្រោះ​អាច​បន្ត​ការ​សិក្សា​រហូត​ចប់​ចុង​ចប់​ដើម​ដូច​គេ​ដូច​ឯង ក្រោយ​ពី​ឪពុក​របស់​ពួកគេ​ត្រូវ​ស្លាប់​ដោយសារ​ការ​បំពេញ​សកម្មភាព​មនុស្សធម៌​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។ ការ​អំពាវនាវ​នេះ ដោយសារ​ភរិយា​របស់​ជនរងគ្រោះ​មិន​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​តែ​ម្នាក់​ឯង ដើម្បី​ឱ្យ​កូនៗ​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ដូច​ក្ដី​ប្រាថ្នា​របស់​ប្ដី​ឡើយ។

​អនុសេនីយ៍ឯក ម៉ៅ អេង ដែល​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ទាហាន​មួក​ខៀវ​ទាំង ៤​នាក់ បាន​ស្លាប់​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដោយសារ​ការ​វាយ​ប្រហារ​របស់​ឧទ្ទាម​មួយ​ក្រុម​គឺ​មាន​បំណង​ប្រាថ្នា​ថា នៅ​ពេល​លោក​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​មនុស្សធម៌​ឱ្យ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​សាធារណៈ​អាហ្វ្រិក​កណ្ដាល​វិញ លោក​នឹង​អាច​មាន​ថវិកា​ល្មម​អាច​យក​មក​សាងសង់​ផ្ទះ​ថ្មី​មួយ​ខ្នង ហើយ​សេសសល់​លុយ​ចំនួន​ទៀត ទុក​សម្រាប់​ទិញ​សម្ភារៈ​ពេទ្យ​ដើម្បី​បើ​កន្លែង​ព្យាបាល​ជំងឺ​ធម្មតា​មួយ នៅ​ឯ​ស្រុក​កំណើត​ខាង​ប្រពន្ធ ស្ថិត​ក្នុង​ក្រុង​ខេត្ត​ស្វាយរៀង។

ទោះ​ជា​យ៉ាង​ណា ក្ដី​ប្រាថ្នា​នេះ បាន​បាត់បង់​ទៅ​វិញ​នៅ​ពេល​ក្រុម​គ្រួសារ​ដឹង​ព័ត៌មាន​កាន់​តែ​ច្បាស់​ថា លោក ម៉ៅ អេង បាន​ស្លាប់​ទៅ​ហើយ ដោយសារ​ការ​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

លោក កេង ពន្លក ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​លោក ម៉ៅ អេង បញ្ជាក់​ថា ដំណឹង​អំពី​ការ​ស្លាប់​ប្អូន​ប្រុស​របស់​លោក ធ្វើ​ឱ្យ​ក្រុម​សាច់ញាតិ​ទាំង​អស់ ជាពិសេស​ប្រពន្ធ និង​កូនៗ តក់ស្លុត​ខ្លាំង​បំផុត៖​«»។

​លោក​លើក​ឡើង​ថា ការ​បាត់បង់​ប្អូន​ប្រុស​ពៅ​នេះ បាន​ធ្វើ​ឱ្យ​ប្អូន​ថ្លៃ និង​ក្មួយៗ​របស់​លោក​ទាំង ៣​នាក់ ហាក់​បាន​បាត់បង់​សេដ្ឋកិច្ច​ទាំង​មូល​នៅ​ក្នុង​គ្រួសារ​អ៊ីចឹង​ដែរ។

​កាល​ពី​រលង​អធ្រាត្រ​ថ្ងៃ​ទី​៨ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែ​ឧសភា ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុម​ឧទ្ទាម​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បាន​បើក​ការ​វាយ​ប្រហារ​មួយ​មក​លើ​ទាហាន​កង​វិស្វកម្ម​ខ្មែរ និង​ម៉ារ៉ុក នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​តាម​រថយន្ត​ត្រឡប់​ពី​កន្លែង​ធ្វើ​ផ្លូវ ដើម្បី​ចូល​មក​បន្ទាយ​វិញ។

ការវាយប្រហារ​នេះ បាន​ធ្វើ​ឱ្យ​ទាហាន​មួក​ខៀវ​ខ្មែរ​រង​របួស​ម្នាក់ និង​ស្លាប់​ម្នាក់​ភ្លាមៗ ហើយ​បាត់​ខ្លួន ៣​នាក់ ប៉ុន្តែ​ក្រោយ​មក​អ្នក​បាត់​ខ្លួន​ទាំង ៣​នាក់ ត្រូវ​បាន​រក​ឃើញ​សាកសព​នៅ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ ពី​កន្លែង​កើត​ហេតុ។ អ្នក​ស្លាប់​ទាំង​នោះ មាន​ឈ្មោះ​ថា អ៊ឹម សំ ជា​អ្នក​បើកបរ​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​សៀមរាប ឈ្មោះ ស៊ាង នរិន្ទ ជា​ជំនួយ​ការ​ត្រួត​ពិនិត្យ​គុណភាព​មាន​ស្រុក​កំណើត​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ លោក មុំ តុលា ជា​ជំនួយ​ការ​បើក​បរ​អ៊ិសស្កាវ៉ាទ័រ (Excavator) មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​មាន​ឈ្មោះ ម៉ៅ អេង ជា​បុគ្គលិក​ពេទ្យ មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ស្វាយរៀង។

លោក ម៉ៅ អេង ដែល​មាន​ឈ្មោះ​ដើម កេង សុខាល័យ បាន​រៀន​ចប់​ជា​ពេទ្យ​មធ្យម​នៅ​វិទ្យាស្ថាន​សុខាភិបាល នៅ​រាជធានី​ភ្នំពេញ ផ្នែក​ពិនិត្យ​ជំងឺ​ទូទៅ ហើយ​បាន​ចូល​បម្រើ​ជា​ទាហាន​តាំង​ពី​ឆ្នាំ​១៩៩៨ មក។ រី​ឯ​ជីវិត​គ្រួសារ​វិញ គឺ​លោក ម៉ៅ អេង បាន​រៀបការ​ជាមួយ​លោកស្រី ឆាយ ចំរើន និង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល​អស់​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ ព្រម​ទាំង​មាន​កូន​ប្រុស​ពីរ​នាក់ និង​ស្រី​ម្នាក់​ដែល​មាន​អាយុ​ចាប់​ពី ១២​ឆ្នាំ ដល់ ១៦​ឆ្នាំ​ទៀត​ផង។

លោក កេង ពន្លក ថ្លែង​ទៀត​ថា លោកស្រី ឆាយ ចំរើន ដែល​ជា​ស្ត្រី​មេផ្ទះ និង​ជា​ជាង​កាត់ដេរ​សំលៀក​បំពាក់​ធម្មតា​ម្នាក់​ផង នឹង​បាត់បង់​ភាព​កក់ក្ដៅ​ស្ទើរ​ទាំង​ស្រុង​ក្នុង​គ្រួសារ ហើយ​ត្រូវ​រាប់​រង​តែ​ម្នាក់​ឯង​ចាប់​ពី​ពេល​នេះ​ត​ទៅ ដើម្បី​ចិញ្ចឹម​កូនៗ​ទាំង ៣​នាក់ ឱ្យ​មាន​អនាគត​ល្អ ដែល​ជា​ក្ដី​ប្រាថ្នា​របស់​ប្ដី​ដែល​ស្លាប់​ទៅ​នោះ៖ «»។

​បងប្រុស​ដដែល​នេះ​រំលឹក​ថា លោក ម៉ៅ អេង បាន​ធ្វើ​ជា​​ទាហាន​ពេទ្យ​ឱ្យ​អង្គការ​សហប្រជាជាតិ បាន​ចំនួន ២​លើក​រួច​មក​ហើយ ដោយ​លើក​ទី​១ ទៅ​កាន់​ប្រទេស​ស៊ូដង់​ខាងត្បូង និង​លើក​ទី​២​នេះ​ទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​បេសកកម្ម​មួយ​លើកៗ មាន​រយៈពេល​មួយ​ឆ្នាំ​ពេញ និង​ត្រូវ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​នៅ​មាតុប្រទេស។ តែ​អកុសល បេសកកម្ម​ចុង​ក្រោយ​នេះ​បាន​ចាប់​ផ្ដើម​ប្រហែល ៦​ខែ លោក​ក៏​ជួប​ហេតុការណ៍​ពួន​វាយ​ស្ទាក់​សម្លាប់​ពី​សំណាក់​ក្រុម​ឧទ្ទាម​តែម្ដង។

​លោក កេង ពន្លក រាប់​រៀប​ថា ក្រៅ​ពី​ទទួល​បាន​ប្រាក់ខែ​ពី​រាជការ​ជាង ១​លាន​រៀល ប្អូន​ប្រុស​លោក​ក៏​តែងតែ​ផ្ញើ​លុយ​ជា​រៀង​រាល់​ខែ​មក​ប្រពន្ធ និង​កូន​នៅ​ឯ​ស្រុក​កំណើត ប្រហែល ៧០០​ដុល្លារ​បន្ថែម​ទៀត ដែល​ជា​ប្រាក់ខែ​ទទួល​បាន​ពី​ការងារ​មនុស្សធម៌​ឱ្យ​អង្គការ​សហប្រជាជាតិ។

​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម លោក សែម សុវណ្ណនី ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា សាកសព​របស់​ទាហាន​មួក​ខៀវ​ខ្មែរ​ទាំង ៤​នាក់ នឹង​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា វិញ​ប្រហែល ២​សប្ដាហ៍​ទៀត ចាប់​តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក។ លោក​បញ្ជាក់​ថា ចំពោះ​ការ​ពលី​របស់​ទាហាន​ទាំង​នេះ អង្គការ​សហប្រជាជាតិ​ក៏​បាន​រៀបចំ​កញ្ចប់​ថវិកា​ផ្ដល់​ជូន​ក្នុង​មួយ​គ្រួសារ​សព​ចំនួន ៧​ម៉ឺន​ដុល្លារ​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក កេង ពន្លក ថ្លែង​ថា ខាង​គ្រួសារ​លោក​មិន​ទាន់​ទទួល​បាន​ទឹក​ប្រាក់​ទាំង ៧​ម៉ឺន​ដុល្លារ​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​ប្រាក់​ឧបត្ថម្ភ​ពី​កាកបាទក្រហម និង​សប្បុរសជន​មួយ​ចំនួន។ លើស​ពី​នេះ លោក​ក៏​មិនទាន់​មាន​ព័ត៌មាន​ថា សព​ប្អូន​ប្រុស​លោក​ត្រូវ​ដឹក​មក​ដល់​កម្ពុជា នៅ​ពេល​ណា​ដែរ។ លោក​ក៏​បញ្ជាក់​ថា ទឹក​ប្រាក់ ៧​ម៉ឺន​ដុល្លារ​នេះ មិន​អាច​ទំនុកបម្រុង​ជីវភាព​ក្នុង​គ្រួសារ​ប្អូន​ប្រុស​បានជា​រៀង​រហូត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles