ប្រជាពលរដ្ឋនៅស្រុកសង្កែ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភខ្លាចហិនហោចព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនៅក្នុងស្រុកនេះ ដោយត្រូវក្លាយកម្មសិទ្ធិឯកជន។ អ្នកភូមិប្រទះឃើញព្រៃលិចទឹកជាច្រើនហិកតារនៅក្នុងខេត្តនេះត្រូវបានគេយកគ្រឿងចក្រឈូសឆាយយកដី ដោយពុំមានអាជ្ញាធរទប់ស្កាត់នៅឡើយ។ អភិបាលស្រុកសង្កែ បញ្ជាក់ថា លោកពុំទាន់ទទួលដំណឹងនេះនៅឡើយ។
ពលរដ្ឋនៅស្រុកសង្កែ បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ទៅនឹងការទន្ទ្រានព្រៃលិចទឹកយកដី ដោយពុំមានការទប់ស្កាត់នេះ។
ពលរដ្ឋម្នាក់រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ លោក ម៉ឹង នី ឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ថា ព្រៃលិចទឹកនៅតំបន់ ៣ចំណុច អូរជំនុំ អូរតាសេក និងខាងកើតបឹងតាផូ ស្ថិតក្នុងភូមិអូសទូក ប្រមាណ ៧០ហិកតារ ត្រូវបានអ្នកមានទ្រព្យយកត្រាក់ទ័រឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ។ លោកអះអាងថា សកម្មភាពទន្ទ្រានយកដីខ្លាំងចាប់ពីដើមខែមេសា មក ដោយពុំមានសមត្ថកិច្ចណាទប់ស្កាត់នោះទេ៖ «ដើមឈឺមានតូចមានធំដោយដើមខ្លះប្រមាណមួយអោបក្មេងជំទង់ ហើយដើមណាឈូសមិនដាច់គេកាប់វាចោល។ ឈឺទាំងនោះ មានដើមភ្នំភ្នែង ដើមខ្ទមតាសេក និងដើមត្រស់ ជាដើម ហើយឃើញបោះបង្គោលស៊ីម៉ង់ពេញព្រៃ»។
ឆ្លើយតបនឹងបញ្ហានេះអភិបាលស្រុកសង្កែ លោក គឹម វណ្ណៈ មានប្រសាសន៍ថា កន្លងមកអាជ្ញាធរស្រុកតែងចុះទប់ស្កាត់ពលរដ្ឋទន្ទ្រានព្រៃលិចទឹកនៅតំបន់២ ជាច្រើនលើកមកហើយ។
ចំណែកព្រៃរនាមនៅតំបន់៣ លោកថា ជាតំបន់ហាមឃាត់ ហើយពុំទទួលដំណឹងពីការទន្ទ្រានព្រៃនៅឡើយទេ៖ «បញ្ហានេះកើតមានតាំងពីមុនចូលឆ្នាំខ្មែរមក ហើយកាលពីថ្ងៃចូលឆ្នាំខ្ញុំក៏បានដាក់វិធានការឲ្យកម្លាំងខ្ញុំចុះទៅឃ្លាំមើលដែរ ប៉ុន្តែជាក់ស្ដែងអត់មានអីទេ ហើយការឈូសឆាយនៅតំបន់អីគឺគាត់ធ្វើនៅលើដីចាស់ដែលគាត់ធ្លាប់អាស្រ័យផលយូរឆ្នាំមកហើយ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលជុំវិញតំបន់បឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ព្រៃលិចទឹកជាជម្រកត្រីពងដ៏សំខាន់នៅតំបន់បឹងទន្លេសាប និងជារនាំងការពារខ្យល់ព្យុះ ហើយការទន្ទ្រានព្រៃលិចទឹកនឹងធ្វើឲ្យចំនួនត្រីថយចុះ ហើយប៉ះពាល់ដល់របរធ្វើនេសាទរបស់ពលរដ្ឋ៖ «ខ្ញុំគិតថា គ្មានការរុករានព្រៃទេ ប្រសិនបើសមត្ថកិច្ចអនុវត្តបានច្បាប់តឹងតែង កន្លងមកអនុវត្តច្បាប់ធូររលុង ជួនកាលអាចថា ជាការឃុបឃិតជាមួយអ្នកមានអំណាចមួយចំនួននៅមូលដ្ឋាន ធ្វើឲ្យជនល្មើសនៅតែបន្តទន្ទ្រានដីព្រៃមិនឈប់ឈរ»។
របាយការណ៍របស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលជុំវិញតំបន់បឹងទន្លេសាប ឲ្យដឹងថា ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប មានផ្ទៃដីជាង ៦០ម៉ឺនហិកតារ (៦៤០.០០០) គឺមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ កំពង់ឆ្នាំង និងខេត្តសៀមរាប។
អ្នកស្រី នូ សារឹម កត់សំគាល់ថា ការកាប់ទន្ទ្រានយកដីធ្វើស្រែពីសំណាក់ពលរដ្ឋ និងអ្នកមានលុយមានអំណាច តែងកើតមានជារៀងរាល់ឆ្នាំ។ អង្គការសង្គមស៊ីវិល និងពលរដ្ឋសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនទប់ស្កាត់ឲ្យបានទាន់ពេលទេ ព្រៃលិចទឹកនៅតំបន់នេះ នឹងរលាយអស់ក្នុងពេលឆាប់ៗ៕