មន្ត្រីក្រសួងមហាផ្ទៃ អះអាងនៅថ្ងៃទី១៣ ខែឧសភា ថា កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត មិនបានអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ដើម្បីសុំសញ្ជាតិខ្មែរឲ្យមិត្តភ័ក្ដិលោកជាជនជាតិប៉ាគីស្ថាន (Pakistan) ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ឡើយ។ ការអះអាងនេះនៅក្រោយពីម្ចាស់ហ្វេសប៊ុក (Facebook) ឈ្មោះ "ធ្លាយហើយ" បានបង្ហោះលិខិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើទៅកាន់លោក ហ៊ុន សែន ពីការស្នើសុំសញ្ជាតិខ្មែររបស់លោក ចូសេហ្វ ម៉ាត់ស៊ូ។
ការបែកធ្លាយសារពីការសុំអន្តរាគមន៍ដើម្បីបានសញ្ជាតិខ្មែររបស់ជនជាតិប៉ាគីស្ថាន ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ ពីលោក ហ៊ុន ម៉ាណែត បានកើតឡើងតាំងពីខែដើមខែមីនា។
ក្នុងសារបែកធ្លាយកាលពីដើមខែមីនា នោះ លោក ចូសេហ្វ ម៉ាត់ស៊ូ បានសរសេរទៅកាន់លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសុំសញ្ជាតិខ្មែរតាមរយៈការដោះដូរគម្រោងមួយដែលមានឈ្មោះថា Psychological Tactics: Fear Factor ឬជាភាសាខ្មែរហៅថា យុទ្ធវិធីបែបចិត្តសាស្ត្រសម្រាប់ការបំភិតបំភ័យ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របោះឆ្នោត។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ លោក ចូសេហ្វ ម៉ាស៊ូ បានសរសេរទៅកាន់លោក ហ៊ុន ម៉ាណែត ម្ដងទៀត ដោយបង្ហាញពីសេចក្ដីត្រេកអរដែលបុរសរូបនេះទទួលបានសញ្ជាតិខ្មែរដូចបំណង ហើយប្ដេជ្ញាបម្រើគ្រួសារត្រកូល "ហ៊ុន" តាមជំនាញ និងសមត្ថភាពដែលគាត់មាន។
ទោះជាយ៉ាងណា ការបែកធ្លាយព័ត៌មាននេះមិនត្រូវបានលោក ហ៊ុន ម៉ាណែត និងលោក ចូសេហ្វ ម៉ាត់ស៊ូ ចេញមុខបំភ្លឺឡើយ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី១២ ខែឧសភា ទើបម្ចាស់ហ្វេសប៊ុក ឈ្មោះ "ធ្លាយហើយ" បានទម្លាយលិខិតដែលមានហត្ថលេខាលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការស្នើសុំសញ្ជាតិខ្មែររបស់លោក ចូសេហ្វ ម៉ាត់ស៊ូ។
ក្នុងលិខិតចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ផ្ញើទៅកាន់លោក ហ៊ុន សែន លោក ស ខេង បានបញ្ជាក់ប្រាប់លោក ហ៊ុន សែន ថា លោក ចូសេហ្វ ម៉ាត់ស៊ូ ជនជាតិប៉ាគីស្ថាន សញ្ជាតិ ប៉ាគីស្ថាន។ ជនជាតិប៉ាគីស្ថាន រូបនេះ បានចូលមករស់នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០១ ហើយបានបំពេញគ្រប់លក្ខខណ្ឌទាំងឡាយស្របទៅតាមច្បាប់ស្ដីពីសញ្ជាតិ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចអនុញ្ញាតឲ្យសញ្ជាតិខ្មែរបាន។ លោក ស ខេង ស្នើឲ្យលោក ហ៊ុន សែន ពិនិត្យ និងសម្រេចបញ្ហានេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា លិខិតនេះជារបស់លោក ស ខេង ផ្ញើទៅកាន់លោក ហ៊ុន សែន ឬយ៉ាងណានោះ? ព្រោះលោកថា មិនទាន់បានឃើញលិខិតនេះនៅឡើយ។
លោក ខៀវ សុភ័គ ក៏បដិសេធថា កន្លងទៅលោក ហ៊ុន ម៉ាណែត មិនដែលអន្តរាគមន៍ទៅក្រសួងដើម្បីទាមទារសញ្ជាតិឲ្យជនបរទេសណាឡើយ។ ផ្ទុយទៅវិញ លោកថា នៅពេលជនណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសញ្ជាតិខ្មែរ ក្រសួងនឹងផ្ដល់ជូនតាមនីតិវិធីតាមការស្នើសុំដោយមិនចាំបាច់មានអន្តរាគមន៍ពីនរណាម្នាក់ឡើយ៖ «មិនដែលមានទេ រឿងអន្តរាគមន៍ រឿងចូលសញ្ជាតិ។ យើងមើលទៅឲ្យតែគ្រប់គ្រាន់តាមច្បាប់សញ្ជាតិគេធ្វើជូនហើយ មានពិបាកអីមិនបាច់អ្នកណាអន្តរាគមន៍អី»។
មាត្រា៨ នៃច្បាប់ស្ដីពីសញ្ជាតិឆ្នាំ១៩៩៦ ចែងថា ជនបរទេសដែលអាចសុំចូលសញ្ជាតិខ្មែរបានលុះត្រាមានលិខិតបញ្ជាក់ថា មានគំនិតមារយាទ និងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅសង្កាត់នៃទីលំនៅរបស់ខ្លួន។ ជននោះត្រូវមានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ ហើយរស់នៅជាប់លាប់ក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល ៧ឆ្នាំ ចេះនិយាយ សរសេរ យល់ដឹងពីប្រវត្តិ និងទទួលយកបានពីប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។
ទោះជាយ៉ាងណា កន្លងទៅអ្នកច្បាប់ធ្លាប់អះអាងថា ប្រសិនបើជនណាមានបំណងប្រើយុទ្ធសាស្ត្របំភិតបំភ័យស្មារតីប្រជាពលរដ្ឋខ្មែរដើម្បីដោះដូរនឹងការបានសញ្ជាតិខ្មែរនោះ គឺជននោះកំពុងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរក្នុងការធ្វើឲ្យចលាចលដល់ស្ថិរភាព និងសន្តិសុខសង្គម ចំណែកឯសម្របសម្រួលវិញក៏អាចមានទោសដូចគ្នាដែរ។
ក្រៅពីទម្លាយលិខិតរបស់លោក ស ខេង ទៅកាន់លោក ហ៊ុន សែន ម្ចាស់ហ្វេសប៊ុក ឈ្មោះ "ធ្លាយហើយ" ក៏បានទម្លាយសារជាអក្សររបស់ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ ផ្ញើទៅកាន់ឈ្មោះ ហ៊ុន ម៉ាណែត។ សារទាំងនោះនិយាយពីការស្នើអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត ដើម្បីទទួលបានសញ្ជាតិខ្មែរពីការណាត់ជួបគ្នាដើម្បីនិយាយពីយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោត និងពីយុទ្ធសាស្ត្របំភិតបំភ័យគូប្រកួតជាដើម។
អាស៊ីសេរីបានព្យាយាមទាក់ទងលោក ចូសេហ្វ ម៉ាត់ស៊ូ នៅថ្ងៃទី១៣ ខែឧសភា តាមរយៈលេខទូរស័ព្ទដែលបង្ហាញនៅក្នុងសារបែកធ្លាយដើម្បីឆ្លើយតបចំពោះបញ្ហាទាំងនេះ ដោយទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល៕