Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"គ.ជ.ប​គ្មាន​លទ្ធភាព​សម្រួល​ឲ្យ​បក្ស​នយោបាយ​ជួល​ម៉ោង​ផ្សាយ​បាន​ស្មើភាព​គ្នា"

$
0
0

នៅ​សល់​តែ​១​សប្ដាហ៍​ទៀត យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នឹង​ចូល​មក​ដល់ ប៉ុន្តែ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក មិន​ទាន់​ប្រកាស​ឲ្យ​បាន​ទូលាយ​អំពី​គម្រោង​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​ផ្សាយ​ពី​គោលនយោបាយ​ក្នុង​ឱកាស​យុទ្ធនា​ការ​ឃោសនា​នោះ​ទេ។ សង្គម​ស៊ីវិល​យល់​ថា គ.ជ.ប នឹង​មិន​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​សម្រួល​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​បាន​ជួល​ម៉ោង​ផ្សាយ​ដោយ​ស្មើ​ភាព​នៅ​តាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​នោះ​ទេ។

​សង្គម​ស៊ីវិល​នៅ​តែ​យល់​ថា គោលការណ៍​ស្មើភាព​គ្នា​នៅ​ពេល​ឃោសនា​គណបក្ស​នយោបាយ​នៅ​តែ​ជួប​ការ​លំបាក​សម្រាប់​គណបក្ស​នយោបាយ​ដែល​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​តែ គ.ជ.ប គ្មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​អាច​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ជួល​ម៉ោង​ផ្សាយ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ និង​វិទ្យុ​ឯកជន​បាន។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា បាន​ស្នើ​ឲ្យ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន ត្រូវ​ប្រកាស​ជា​សាធារណៈ​អំពី​ចំនួន​ម៉ោង​ដែល​ខ្លួន​មាន​សម្រាប់​លក់ ឬ​ជួល តាម​ម៉ោង ឬ​ថ្ងៃ ឬ​ពេញ​មួយ​យុទ្ធនាការ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់។ មក​ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា នេះ នៅ​មិន​ទាន់​មាន​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ណា​ប្រកាស​ឲ្យ​បាន​ទូលាយ​អំពី​ការ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​ផ្សាយ​ឃោសនា​នៅ​ឡើយ​ទេ។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា មក​ដល់​ពេល​នេះ មាន​តែ​វិទ្យុ​មួយ​ទេ​ដែល​បាន​ប្រកាស​ម៉ោង​លក់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ជួល​ម៉ោង​ផ្សាយ​នៅ​វិទ្យុ​មហានគរ បន្ថែម​ពី​លើ​ម៉ោង​ផ្សាយ​បច្ចុប្បន្ន។ លោក​ស្នើ​ឲ្យ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ផ្សាយ​ជា​សាធារណៈ​ពី​គម្រោង​តម្លៃ និង​ម៉ោង​សម្រាប់​ជួល​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​តាម​ការ​ស្នើ​របស់ គ.ជ.ប។

​លោក យឹម សុវណ្ណ៖ «យើង​ឲ្យ​មាន​ការ​កែលំអ​ខ្លះ​ទាក់ទង​នឹង​ទូរទស្សន៍​ជាតិ ទូរទស្សន៍​ឯកជន​ហ្នឹង ជា​ពិសេស​ទូរទស្សន៍ វិទ្យុ​ឯកជន​ហ្នឹង សូម​ឲ្យ​ផ្សាយ​មក​ថា មាន​ម៉ោង​លក់ លក់​តម្លៃ​ប៉ុន្មាន?»

​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា បាន​ជូន​ដំណឹង​ណែនាំ​ឲ្យ​គ្រប់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ចាងហ្វាង​កាសែត និង​ម្ចាស់​គេហទំព័រ ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លិខិត​របស់ គ.ជ.ប ដែល​ណែនាំ​ដល់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ក្នុង​ការ​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត និង​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ឃោសនា ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត។

​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​១២ ចូលរួម​ប្រកួតប្រជែង នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ហើយ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បោះឆ្នោត។

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​សមាជិក​ខ្លួន​បាន​កាន់​តំណែង​មេ​ឃុំ​ច្រើន​ជាង​គេ​មិន​ទាន់​មាន​គម្រោង​ទិញ​ម៉ោង​ផ្សាយ​ឃោសនា​នៅ​តាម​វិទ្យុ និង​ទូរទស្សន៍​នោះ​ទេ។ អ្នកនាំពាក្យ​គណបក្ស​នេះ លោក សុខ ឥសាន ថា លោក​មិន​ទាន់​ដឹង​ពី​គោលការណ៍​ខាង​គណបក្ស​កាន់​អំណាច​នៅ​ឡើយ​នោះ​ទេ។

​សង្គម​ស៊ីវិល​យល់​ថា គណបក្ស​កាន់​អំណាច ទោះ​មិន​បាច់​ជួល​ម៉ោង​ឃោសនា ក៏​មាន​ទូរទស្សន៍ និង វិទ្យុ ចាំ​ជួយ​ឃោសនា​ឲ្យ​ដែរ។

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី សន្និដ្ឋាន​ថា គណបក្ស​កាន់​អំណាច​បាន​ព្យាយាម​ឃោសនា​តាម​វិទ្យុ និង​ទូរទស្សន៍​ឯកជន​ច្រើន​ជាង​គេ គឺ​តាំង​ពី​មិន​ទាន់​ដល់​យុទ្ធនាការ​ឃោសនា​គណបក្ស​ទៅ​ទៀត៖ «ឃោសនា​មុន​ពេល​កំណត់​ផង ចុះ​ទម្រាំ​ពេល​កំណត់​ទៀត អ៊ីចឹង​ហើយ​ប្រហែល​គាត់​មាន​ធនធាន​របស់​គាត់​ហើយ បាយ័ន​អ៊ីចឹង ឧទាហរណ៍»

​អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ប្រកាស​នៅ​ក្នុង​កម្មវិធី​ដាក់​ចេញ​គោលការណ៍​សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ លក់ ឬ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ថា មក​ដល់​ពេល​នេះ មាន​តែ​ស្ថានីយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) តែ​មួយ​គត់ ដែល​បាន​ប្រកាស​រៀបចំ​កម្មវិធី​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ បាន​ផ្សព្វផ្សាយ​អំពី​កម្មវិធី​គោលនយោបាយ​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ខាង​មុខ​នេះ។

លោក ទេព នីថា បញ្ជាក់​បន្ថែម​ថា នឹង​មិន​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ជួល​ម៉ោង​ផ្សាយ​ឲ្យ​តែ​គណបក្ស​មួយ និង​រើសអើង​គណបក្ស​មួយ​ទៀត​ឡើយ ហើយ​ចំពោះ​គណបក្ស​ដែល​ពុំ​សូវ​មាន​លទ្ធភាព​ច្រើន ដើម្បី​ជួល​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​ទេ គឺ គ.ជ.ប បាន​រៀបចំ​កម្មវិធី​ផ្សាយ​នៅ​តាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ ដោយ​មិន​គិត​ថ្លៃ​សម្រាប់​ផ្ដល់​ជូន​គណបក្ស​ទាំង​នោះ ដែល​ក្នុង​មួយ​ថ្ងៃ​អាច​ផ្សាយ​បាន​ពីរ​ដង​នៅ​អំឡុង​រយៈពេល ១៤​ថ្ងៃ​នៃ​ថ្ងៃ​ឃោសនា​បោះឆ្នោត។

អគ្គនាយក​នាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា លោក កឹម គុណវឌ្ឍន៍ ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ប្រគល់​ម៉ោង​សម្រាប់​ផ្សាយ​គ្រប់​គណបក្ស​នយោបាយ​ឲ្យ​ទៅ គ.ជ.ប ចាត់ចែង​ហើយ៖ «យើង​បាន​ប្រគល់​កម្មវិធី​នេះ​ជូន គ.ជ.ប ដោយ​ទទក ប្រគល់​ម៉ោង ដោយ​មិន​គិត​ប្រាក់​ជូន​ដល់ គ.ជ.ប សម្រាប់​ដំណើរ​ការ»

​បើ​ទោះ​ជា គ.ជ.ប បាន​រៀបចំ​ម៉ោង​ផ្សាយ​នៅ​ទូរទស្សន៍ និង​វិទ្យុជាតិ ឲ្យ​គ្រប់​គណបក្ស​នយោបាយ​មាន​ឱកាស​ស្មើ​ភាព​គ្នា​ក្នុង​ការ​ផ្សាយ​ពី​គោលនយោបាយ​ក្ដី ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា នៅ​មិន​ទាន់​មាន​ភាព​ស្មើ​គ្នា ដោយសារ​គណបក្ស​កាន់​អំណាច​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​ចាំ​ជួយ​ឃោសនា​ឲ្យ។ ឯ​តំណាង​គណបក្ស​ប្រឆាំង​ដែល​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាំ​ជួយ ទាមទារ​ឲ្យ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន ប្រកាស​ម៉ោង​ជួល និង​តម្លៃ​ជា​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles