ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងជាព្រះរាជអធិបតីភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅវាលព្រះស្រែ ក្នុងបរិវេណសាកលវិទ្យាល័យ ជាស៊ីម កំចាយមារ ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ ការចាប់ផ្ដើមព្រះរាជពិធីច្រត់ព្រះនង្គ័លប្រចាំឆ្នាំ គឺជាការផ្សងនូវភោគផលកសិកម្មផង និងជាការដាសតឿនមួយទៅប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា រដូវវស្សាបានចាប់ផ្ដើមហើយ ដែលត្រូវត្រៀមលក្ខណៈបង្កបង្កើនផលឲ្យបានទាន់ពេល។
គណៈកម្មការព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លបានប្រកាសឲ្យដឹងថា គោឧសភរាជបានទទួលទានពោតច្រើនជាងគេ បង្ហាញថា ផលដំណាំនេះមានភាពល្អប្រសើរ រីឯស្រូវ និងសណ្ដែកទទួលទានបានផលល្អបង្គួរ។
ព្រះរាជពិធីនេះព្រះមហាក្សត្រទ្រង់ប្រោសប្រទានឲ្យអភិបាលខេត្តព្រៃវែង លោក ជា សុមេធី ធ្វើជាស្ដេចមាឃ ហើយភរិយារបស់លោកគឺជាមេហួ។
ក្នុងព្រះរាជពិធីនេះដែរ គេបានលែងគោឧសភរាជឲ្យបរិភោគអាហារចំនួន ៧មុខ ដែលដាក់លើជើងពានកណ្ដាលវាលព្រះស្រែ មានដូចជាស្រូវ ពោត សណ្ដែក ល្ង ទឹក ស្រា និងស្មៅ ដើម្បីចង់ដឹងប្រផ្នូល ឬទស្សន៍ទាយថា នៅឆ្នាំនេះ មុខដំណាំណាមួយមានផលល្អ និងមានគ្រោះកាចចង្រៃអ្វីខ្លះក្នុងរបរកសិកម្មនៅឆ្នាំថ្មី។
ជាលទ្ធផលគណៈកម្មការព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅថ្ងៃទី១២ ខែឧសភា បានប្រកាសឲ្យដឹងថា គោឧសភរាជបានទទួលទានពោតចំនួន ៩៥% ស្រូវ ៩០% និងសណ្ដែក ៩០%។
ជុំវិញការប្រារព្ធពិធីនេះ ទាំងកសិករ និងអ្នកធ្វើការក្នុងវិស័យកសិកម្មយល់ថា ជាបុណ្យប្រពៃណីមួយ ប៉ុន្តែវាមិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ច ឬវិស័យកសិកម្មកម្ពុជាប៉ុន្មានទេ។
កសិករដាំពោតនៅខេត្តប៉ៃលិន លោក ឃិន ប៉ុន ថ្លែងថា ការដាំដុះពិតជាទទួលបានផលល្អពិតប្រាកដមែន ដែលលោករំពឹងថា ប្រមូលផលខ្ពស់។ ប៉ុន្តែអ្វីដែលចោទជាបញ្ហានៅពេលនេះ គឺលោកនៅតែដេកភ័យពីបញ្ហាតម្លៃ ដោយសារកាលពីឆ្នាំមុនពោតគ្មានតម្លៃសោះ តម្លៃលក់បានទាបហើយចំណាយថ្លៃដើមខ្ពស់។
លោកមានប្រសាសន៍បន្តដូច្នេះ៖ «ទីផ្សារនៅលើប្រទេសជិតខាង បើសិនណាអាជ្ញាធរជួយសម្រួលបន្ទុកខាងខេត្តអីហ្នឹង លុបចោលការយកពន្ធពីការដឹកចេញថ្លៃ អាចធ្វើឲ្យតម្លៃរបស់កសិករឡើងគ្រាន់បើ ហើយបើកឲ្យឈ្មួញថៃ ចូលដូចឆ្នាំ២០០៨ ២០១០ យើងមានឈ្មួញថៃ ក្រៅពីដីឡូត៍ អាចចូលមកទិញដល់តាមចម្ការរបស់កសិករ ប៉ុន្តែមានការរាំងខ្ទប់មិនឲ្យចូល ហើយឲ្យពួកឈ្មួញចូលមកលុបពន្ធនៅតាមព្រំដែនអាចជួយបានមួយកម្រិតធំ ព្រោះពន្ធតាមព្រំដែនថ្លៃមកដល់ពេលនេះ១តោន ដល់ទៅ ២០០បាត យកចង់ប្រហែលអ្នកម្ចាស់ចម្ការដែរ»។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) លោក សម វិទូ ថ្លែងស្រដៀងគ្នាថា ការចំណាយថ្លៃផលិត ឬថ្លៃដើមមានតម្លៃថ្លៃជាងប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលមិនអាចឲ្យកម្ពុជា ប្រកួតប្រជែងតម្លៃទីផ្សារបាន។
លោកថា បញ្ហានេះបានបង្ខំចិត្តឲ្យកសិករខ្មែរលក់ក្នុងតម្លៃថោក នាំឲ្យកសិករធ្លាក់ខ្លួនជាប់បំណុល៖ «យើងត្រូវរៀបចំឲ្យមានទីផ្សារផលិតសម្ភារៈកសិកម្ម ឬក៏ផលិតនូវចំណីរបស់សត្វ ទាំងចំណីជ្រូក មាន់ សម្រាប់ការផ្គត់ផ្គង់នៅប្រទេសកម្ពុជា យើងវិញ»។
កាលពីឆ្នាំ២០១៦ កសិករអាចលក់ពោតឲ្យឈ្មួញថៃ បានតម្លៃ ៣បាត ២កាក់ ឬ ៣បាតកន្លះ ដែលប្រហែលជិត ៤០០រៀល ក្នុង១គីឡូក្រាម។
ពិធីច្រត់ព្រះនង្គ័លដែលជាពិធីទស្សន៍ទាយភោគផលកសិកម្ម គេតែងប្រារព្ធធ្វើពេញផ្លូវការនៅថ្ងៃ ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ។ តាមពិតនោះ ពិធីនេះបានត្រូវក្រុមបារគូរាជវាំងប្រារព្ធឡើងតាំងពីថ្ងៃ ១រោច មកម្ល៉េះ។ ទោះបីយ៉ាងណាក្ដី ពុំមានសេចក្ដីពន្យល់ច្បាស់លាស់ថា ហេតុអ្វីបានជាបុរាណាចារ្យ ជ្រើសរើសយកថ្ងៃ ៤រោច ខែពិសាខ នោះ ជាពិធីផ្លូវការឡើយ៕