ក្រសួងយុត្តិធម៌បង្កើតយុទ្ធនាការ ១០០ថ្ងៃដើម្បីវាយតម្លៃគុណភាព និងប្រសិទ្ធភាពប្រព័ន្ធតុលាការនៅកម្ពុជា ដោយចាប់ផ្ដើមអនុវត្តចាប់ពីខែមិថុនា ខាងមុខនេះតទៅ។ មន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថាលទ្ធផលទទួលបានពីយុទ្ធនាការនេះ នឹងដាក់ជូនក្នុងកិច្ចប្រជុំពិភាក្សាដោយមានការចូលរួមពីភាគីពាក់ព័ន្ធដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធតុលាការនៅកម្ពុជា។ ចំណែកសង្គមស៊ីវិលយល់ថាយុទ្ធនាការនេះនឹងពុំសូវមានប្រសិទ្ធភាពទេ បើក្រសួងមិនមានឆន្ទៈពិតប្រាកដក្នុងការកែទម្រង់ប្រព័ន្ធតុលាការ។
នេះជាលើកដំបូងហើយដែលក្រសួងយុត្តិធម៌ ដាក់ចេញការអនុវត្តយុទ្ធនាការ១០០ថ្ងៃដើម្បីវាយតម្លៃគុណភាព និងប្រសិទ្ធភាពតុលាការនៅកម្ពុជា ចាប់តាំងពីច្បាប់គោលទាំង៣ នៃវិស័យយុត្តិធម៌ត្រូវបានដាក់ឲ្យអនុវត្តកាលពីចុងឆ្នាំ២០១៤ មក។
សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៃក្រសួងយុត្តិធម៌ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ថា យុទ្ធនាការនេះមានគោលដៅធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីឲ្យមានភាពជាក់លាក់ ជាពិសេសដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដោយតម្រូវឲ្យធ្វើការវាយតម្លៃ ពីប្រសិទ្ធភាពការងាររបស់តុលាការគ្រប់រាជធានី-ខេត្ត ព្រមទាំងបញ្ហាប្រឈមផងដែរ។
ក្រសួងថា យុទ្ធនាការនេះ ត្រូវបានរៀបចំតាក់តែងឡើង និងអនុវត្តតាមបែបវិទ្យាសាស្ត្រផ្អែកលើធាតុទាំង៧ នៃកម្មវិធីតុលាការប្រណិត ដែលរួមមាន ការដឹកនាំ និងគ្រប់គ្រងស្ថាប័ន ផែនការ និងគោលនយោបាយស្ថាប័ន ធនធានស្ថាប័ន (មនុស្ស សម្ភារៈ និងហិរញ្ញវត្ថុ) នីតិវិធី ដំណើរការស្ថាប័ន សេចក្ដីត្រូវការ និងការពេញចិត្តរបស់អតិថិជន ភាពងាយស្រួល និងតម្លៃសេវារបស់ស្ថាប័ន ព្រមទាំងភាពជឿទុកចិត្ត និងជឿជាក់ពីសាធារណជន។
យុទ្ធនាការនេះ ធ្វើឡើងក្នុង២ដំណាក់កាល ទី១ គឺការបំពេញរបាយការណ៍ស្វ័យវាយតម្លៃរបស់តុលាការដោយផ្អែកលើកម្រងសំណួរអង្កេតដែលប្រគល់ជូន និងទី២ គឺការសិក្សាបឋម លើរបាយការណ៍ស្វ័យវាយតម្លៃរបស់តុលាការ និងការចុះជួបដោយផ្ទាល់នៅតាមតុលាការ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមដោយផ្អែកទៅលើរបាយការណ៍ស្វ័យវាយតម្លៃ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់បន្ថែមថា យុទ្ធនាការនេះធ្វើឡើងដើម្បីឲ្យដឹងពីការសម្រេចបានលទ្ធផលការអនុវត្តផែនការរបស់តុលាការដែលក្រសួងដាក់ចេញកន្លងមក និងដឹងពីបញ្ហាប្រឈមរបស់តុលាការដើម្បីស្វែងរកដំណោះស្រាយ។
លោក ជិន ម៉ាលីន អះអាងថា ការធ្វើយុទ្ធនាការនេះ ក្រសួងគ្មានហេតុផលអ្វីផ្សេងឡើយ តែវាជាកម្មវិធីកំណែទម្រង់ដែលក្រសួងដល់ពេលត្រូវធ្វើ។ លោកថា នៅក្រោយយុទ្ធនាការនេះ ក្រសួងនឹងធ្វើសិក្ខាសាលារួមមួយជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នា៖ «ច្បាប់យើងដាក់ចេញកាលពីដើមអាណត្តិ អ៊ីចឹងពាក់កណ្ដាលអាណត្តិយើងត្រូវវាយតម្លៃម្ដង ហើយកន្លងមកយើងឃើញមានការទិតៀនពីសង្គមស៊ីវិល ពីក្រុមសាធារណជន យើងឃើញថា មិនមានលក្ខណៈជាវិទ្យាសាស្ត្រ គឺរិះគន់ទៅតាមនិន្នាការនយោបាយ សូម្បីអង្គការសង្គមស៊ីវិលមួយចំនួនធ្វើការស្ទង់មតិ (Survey) ប្រព័ន្ធយុត្តិធម៌របស់យើងក៏មិនអាចទទួលយកបានទៀត មានភាពលំអៀង ហើយអយុត្តិធម៌ចំពោះយើងដោយសារតែមិនមានការចូលរួមពីខាងយើង»។
ចំពោះការបង្ហាញផែនការអនុវត្តយុទ្ធនាការ១០០ថ្ងៃរបស់ក្រសួងយុត្តិធម៌ នៅពេលខាងមុខនេះ ត្រូវបានអ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សំ ច័ន្ទគា យល់ថា អាចនឹងមិនមានប្រសិទ្ធភាពឡើយ បើក្រសួងមិនមានឆន្ទៈពិតប្រាកដក្នុងការកែទម្រង់ប្រព័ន្ធតុលាការ។ ទោះជាយ៉ាងណា លោកថា វាដល់ពេលហើយដែលក្រសួងត្រូវធ្វើឲ្យពលរដ្ឋមានទំនុកចិត្តលើតុលាការឡើងវិញ៖ «បើសិនជាក្រសួងយុត្តិធម៌មានឆន្ទៈនយោបាយធ្វើរឿងហ្នឹងឲ្យចេញជារូបរាង ចេញជាលទ្ធផល នោះវានឹងធ្វើឲ្យពលរដ្ឋខ្មែរផ្ដល់កិត្តិយសដល់ប្រព័ន្ធតុលាការឡើងវិញ»។
តុលាការនៅកម្ពុជា ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិរិះគន់ថា មិនមានឯករាជ្យ ហើយតែងធ្វើតាមខ្សែញាក់របស់អ្នកនយោបាយ ជាពិសេសគឺបក្សកាន់អំណាច។ ការរិះគន់ធ្ងន់ៗបែបនេះ ដោយសារគេមើលឃើញតុលាការតែងចាត់ការយ៉ាងឆាប់រហ័សទៅលើជនទាំងឡាយណាដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមប្រឆាំង ក្នុងនោះមានទាំងពីមេដឹកនាំបក្សប្រឆាំង មន្ត្រី និងសកម្មជនបក្សប្រឆាំង ព្រមទាំងមន្ត្រីការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកការពារបរិស្ថានជាដើម។
ចំណែកពលរដ្ឋមួយចំនួនដែលតែងទទួលនូវអយុត្តិធម៌នៅក្នុងសង្គម តែងហៅតុលាការថា ជាតុលាការតេឡេ ដែលមានន័យថា ជាតុលាការស្ដាប់តែបញ្ជាពីអ្នកមានអំណាច រួចធ្វើសេចក្ដីសម្រេច ឬពេលខ្លះថា ពួកគេថាស្ថាប័នតុលាការជាស្ថាប័នរង់ចាំស្ដាប់ខ្យល់ សួរយោបល់រួចសម្រេច៕