Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តើ​បេក្ខជន​ចៅសង្កាត់​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ លោក ចៅ វាសនា ជា​នរណា?

$
0
0

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា។ ទោះជា​យ៉ាង​ណា​ក៏ដោយ បេក្ខជន​ចៅសង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ចៅ វាសនា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា បក្ស​ប្រឆាំង​អះអាង​ថា នៅ​តែ​បន្ត​រក្សា​បេក្ខជន​ចៅសង្កាត់​នេះ​សម្រាប់​លោក ចៅ វាសនា ដដែល បើ​ទោះ​ជា​លោក​កំពុង​ជាប់​ឃុំ​ក្តី។

តើ​លោក ចៅ វាសនា ជា​នរណា? ហេតុ​អ្វី​បាន​ជា​បក្ស​ប្រឆាំង​នៅ​តែ​រក្សា​បេក្ខជន​ចៅសង្កាត់​សម្រាប់​លោក?

គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជិត ៣​ខែ​ហើយ​ដែល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​បញ្ជូន​លោក ចៅ វាសនា ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត គណបក្ស សម រង្ស៊ី ហើយ​ក៏​ជា​បេក្ខជន​ចៅសង្កាត់​ប៉ោយប៉ែត គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ពី​បទ​ចោទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។

បើ​ទោះ​ជា​ជិត​ដល់​ពេល​បោះឆ្នោត ហើយ​លោក ចៅ វាសនា កំពុង​ឋិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្តី គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​លេខ​រៀង​លោក ចៅ វាសនា ជា​បេក្ខជន​ចៅសង្កាត់​ប៉ោយប៉ែត ដដែល ដោយសារ​តែ​ភាព​ស្មោះត្រង់ ឧត្ដម​គតិ និង​ប្រជាប្រិយភាព​របស់​លោក​ដែល​បក្ស​ប្រឆាំង​ជឿជាក់​ថា អាច​ប្រជែង​យក​ឈ្នះ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់​អំណាច។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក មាន សារិទ្ធ មាន​ប្រសាសន៍​ថា លោក ចៅ វាសនា គឺ​ជា​មនុស្ស​ម្នាក់​ដែល​គណបក្ស​មាន​សង្ឃឹម និង​ជឿជាក់​លើ​គោលជំហរ​នយោបាយ និង​សកម្មភាព​ការងារ​របស់​គាត់​ដែល​ធ្វើ​កន្លង​ទៅ។

លោក មាន សារិទ្ធ បញ្ជាក់​ថា ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត ភាគ​ច្រើន​មាន​ទំនុក​ចិត្ត និង​គាំទ្រ​លោក ចៅ វាសនា ដូច្នេះ​ហើយ​ទើប​លោក​ថា​បក្ស​ប្រឆាំង​នៅ​តែ​រក្សា​បេក្ខជន​ចៅសង្កាត់​ប៉ោយប៉ែត សម្រាប់​លោក ចៅ វាសនា ដដែល៖ «លោក ចៅ វាសនា ជាប់​ឃុំឃាំង​ដោយសារ​រឿង​នយោបាយ​ភាគ​ច្រើន ហើយ​ប្រជាប្រិយភាព​របស់​លោក​ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត ស្រឡាញ់​គាត់​ច្រើន សង្ឃឹម​ជឿជាក់​លើ​ការងារ​របស់​គាត់។ ម្យ៉ាង​ទៀត​លោក ចៅ វាសនា ប្រសិន​ណា​គេ​ទុក​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​វា​ដូចជា​ឆ្អឹង​ទទឹង​ក​គណបក្ស​ប្រជាជន ពីព្រោះ​គាត់​ហ៊ាន​និយាយ ហ៊ាន​ថា ហ៊ាន​ធ្វើ នូវ​អ្វី​ដែល​អាជ្ញាធរ​ធ្វើ មិន​គប្បី គឺ​គាត់​ហ៊ាន​និយាយ​ហ៊ាន​តវ៉ា​ចំពោះ​មន្ត្រី​ណា​ដែល​ខិល​ខូច»

​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យកពន្ធ​ខ្ពស់​ហួសហេតុ​លើ​ការ​ដឹក​ទំនិញ​ចេញ-​ចូល​តាម​រទេះ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រមទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត។

ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ក្រុម​កម្មករ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួកគាត់​ខឹង​ក៏​ផ្ទុះ​ហិង្សា​ដាក់គ្នា​តែម្ដង។ ដោយសារ​លោក ចៅ វាសនា ក្នុង​នាម​ជា​ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត ចុះ​ទៅ​ឃ្លាំមើល​ការ​តវ៉ា​របស់​កម្មករ លោក​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ជា​អ្នក​ញុះញង់​កម្មករ​ឲ្យ​បង្ក​ហិង្សា។

លោក មាន សារិទ្ធ ថ្លែង​ថា មេធាវី​ការពារ​ក្តី​ឲ្យ​លោក ចៅ វាសនា បាន​ស្នើ​តុលាការ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​តុលាការ​មិន​អនុញ្ញាត​ឡើយ។ បើ​ទោះ​ជា​លោក ចៅ វាសនា ជាប់​ឃុំ​ក្តី លោក មាន សារិទ្ធ ថា​បក្ស​ប្រឆាំង​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ឃោសនា​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត៖ «ការ​ប៉ះពាល់​ទៅ​លើ​បេក្ខជន​ឈរ​ឈ្មោះ​ខ្ញុំ​គិត​ថា មិន​ប៉ះពាល់​ធំដុំ​ទេ តែ​ដោយសារ​ជន​ទី​១ ជាប់​ឃុំឃាំង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត លោក​ធ្វើការ​ពិចារណា ហើយ​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​បោះ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ណា ព្រោះ​យើង​ដឹង​ហើយ​ថា លោក ចៅ វាសនា លោក​ជាប់​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​នេះ គឺ​ដោយសារ​លោក​ជួយ​ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត ជា​ពិសេស​គឺ​កម្មករ​តែម្ដង»

​បច្ចុប្បន្ន​វ័យ ៥៣​ឆ្នាំ លោក ចៅ វាសនា គឺ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​មក​ពី​ស្រុក​ថ្កូវ ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម បាន​ប្ដូរ​ទៅ​ជា​ស្រុក​ត្រាគូ (Tra Cu) ខេត្ត​ត្រាវិញ (Tra Vinh)។ លោក​បាន​ឡើង​មក​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៩៣។ ក្រោយ​ពី​រស់​នៅ​ព្រៃវែង បាន ៥​ឆ្នាំ លោក ចៅ វាសនា និង​គ្រួសារ​បាន​ផ្លាស់​ទី​ទៅ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ភរិយា​លោក ចៅ វាសនា អ្នកស្រី វង់ គឹមហុង ដែល​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែរ​នោះ ឲ្យ​ដឹង​ថា ពេល​មក​រស់​នៅ​ប៉ោយប៉ែត លោកស្រី និង​ប្តី​បាន​ធ្វើ​ជា​កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ពី​ថៃ ចូល​កម្ពុជា។ លោកស្រី​ថា ក្រោយ​មក​លោកស្រី​និង​ស្វាមី​បែក​គំនិត​ដោយ​ឈប់​ធ្វើ​ជា​កម្មករ​ដឹក​ទំនិញ​ឲ្យ​គេ តែ​បាន​ដឹក​ទំនិញ​មក​លក់​ដោយ​ខ្លួន​ឯង​វិញ​រហូត​បច្ចុប្បន្ន។

លោកស្រី វង់ គឹមហុង ថ្លែង​បន្ត​ថា ដំបូង​ឡើយ​គ្រួសារ​លោកស្រី​គិតតែ​ពី​រឿង​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោយ​មិន​បាន​គិតគូរ​ដល់​រឿង​ឲ្យ​ប្ដី​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ឡើយ។ តែ​ក្រោយ​មក​ប្ដី​លោកស្រី​មាន​ទំនាក់ទំនង​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក យន្ត ថារ៉ូ ទើប​តំណាងរាស្ត្រ​រូប​នេះ​ណែនាំ​ប្ដី​លោកស្រី​ចូល​ប្រឡូក​នយោបាយ។ លោកស្រី​ថា ពេញ​ចិត្ត​ឲ្យ​ស្វាមី​ចូលរួម​ក្នុង​រឿង​នយោបាយ ព្រោះ​ដឹង​ថា លោក ចៅ វាសនា ជា​មនុស្ស​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។

បើ​ទោះ​ជា​ការ​ជាប់​ឃុំ​ប្ដី​របស់​លោកស្រី​អាច​កើត​ឡើង​ពី​រឿង​នយោបាយ​ក្ដី លោកស្រី វង់ គឹមហុង នៅ​តែ​រក្សា​ជំហរ​ឲ្យ​ប្ដី​បន្ត​ជីវិត​នយោបាយ​នៅ​ពេល​ខាង​មុខ​ទៀត៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​ធ្វើ​ដោយសារ​គាត់​ល្អ គាត់​ស្មោះត្រង់ ពេល​គេ​មក​ប្ដឹង​ម៉ោង​ណា​ក៏​គាត់​ទៅ ដល់​គេ​វិញ​គេ​អត់​ទៅ​ទេ ដល់​គាត់ៗ​គាត់​ទៅ​ដោះស្រាយ​ឲ្យ​ទាំង​អស់។ ខ្ញុំ​ដឹង​អ៊ីចឹង​បាន​ខ្ញុំ​ឈឺ​ចាប់ បាន​ឲ្យ​ប្តី​ខ្ញុំ​ខំ​ធ្វើការ ខំ​ប្រឹងប្រែង​ ដល់​គាត់​ធ្វើ​បាន​ល្អ ខ្ញុំ​ក៏​ជំរុញ​ឲ្យ​គាត់​ធ្វើ​រហូត​ទៅ»

​ជុំវិញ​ករណី​ឃុំ​ខ្លួន​លោក ចៅ វាសនា ដោយ​តុលាការ​ខេត្ត​បន្ទាយមានជ័យ នេះ សង្គម​ស៊ីវិល​ធ្លាប់​លើក​ឡើង​ថា សំណុំ​រឿង​នេះ​គេ​អាច​សន្និដ្ឋាន​បាន​ពីរ​ករណី គឺ​ទី​១ តុលាការ​មាន​សិទ្ធិ​ចោទ​ប្រកាន់​ទៅ​លើ​លោក ចៅ វាសនា ពី​បទ​ញុះញង់​បង្ក​ហិង្សា​បាន ប្រសិនបើ​លោក​ពិត​ជា​បាន​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​អូស​រទេះ​កាល​ពី​ឆ្នាំ​២០១៥ មែន។ ចំណែក​ករណី​ចុង​ក្រោយ សង្គម​ស៊ីវិល​ថា រឿង​នេះ​ប្រសិនបើ​តុលាការ​ចោទ​ប្រកាន់​លោក ចៅ វាសនា តុលាការ​ក៏​គួរ​តែ​កោះ​ហៅ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ចូល​ទៅ​បំភ្លឺ ហើយ​ធ្វើការ​ចោទ​ប្រកាន់​ដូច​គ្នា ព្រោះ​លោក​អភិបាល​ក្រុង​រូប​នេះ ក៏​បាន​ទៅ​ឃ្លាំមើល​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដូច​គ្នា។

ទោះជា​បែប​នេះ​ក្តី អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​កន្លង​ទៅ​មាន​តែ​ក្រុម​កម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ចៅ វាសនា និង​លោក ឌិន ពុទ្ធី អតីត​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា។ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​បង្ក​ហិង្សា​ដាក់​កម្មករ​អូស​រទេះ ពុំ​មាន​នៅ​ក្នុង​បណ្ដឹង​នោះ​ឡើយ។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​តុលាការ​នឹង​បើក​សវនាការ​ជំនុំជម្រះ​លោក ចៅ វាសនា នៅ​ពេល​ណា។

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា អះអាង​ថា ផ្អែក​តាម​ផ្លូវ​ច្បាប់ បើទោះជា​លោក ចៅ វាសនា ជាប់​ឃុំ​នៅ​ពេល​នេះ​ក្តី ប៉ុន្តែ​បើ​តុលាការ​រក​មិន​ឃើញ​ថា លោក​មាន​ទោស លោក​អាច​វិល​មក​ទទួល​យក​តំណែង​ជា​ចៅសង្កាត់​បាន​នៅ​ពេល​លោក​មាន​សេរីភាព ប៉ុន្តែ​បើ​តុលាការ​រក​ឃើញ​ថា លោក ចៅ វាសនា មាន​ទោស ឬ​មាន​សាលក្រម​ស្ថាពរ​ហើយ លោក ចៅ វាសនា មិន​អាច​មក​ធ្វើ​ជា​ចៅសង្កាត់​បាន​ឡើយ បើ​ទោះ​ជា​គណបក្ស​លោក​ឈ្នះ​ឆ្នោត​ក្តី៖ «ករណី​ទី​១ បើសិនជា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ប៉ុន្តែ​ជាប់​ឃុំ​គ្មាន​សាលក្រម​របស់​តុលាការ​ទេ គាត់​អាច​ត្រឡប់​មក​វិញ​បាន អាស្រ័យ​ទៅ​លើ​គណបក្ស​របស់​គាត់ និង​មូលហេតុ​សមស្រប។ ឧទាហរណ៍​ថា បេក្ខជន​គាត់​ដាក់​ជំនួស​មិន​សភាព​មិន​ល្អ​ជាដើម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ករណី​ដែល​គាត់​ត្រូវ​ទទួល​សាលក្រម​ដាក់ទោស​ស្ថាពរ​ពី​តុលាការ​ហើយ គឺ​ចប់​ហើយ​គាត់»

មក​ទល់​បច្ចុប្បន្ន មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៩​នាក់​ហើយ​ដោយ​រាប់​បញ្ចូល​ទាំង​លោក ចៅ វាសនា ផង ត្រូវ​បាន​តុលាការ​កាត់​ទោស និង​ឃុំ​ខ្លួន។ ពួកគេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​បង្ក​ហិង្សា ចូលរួម​ចលនា​ដឹកនាំ​កុប្បកម្ម ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ជាដើម។

ទោះ​ជា​យ៉ាង​ណា គ្រួសារ​លោក ចៅ វាសនា និង​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ចៅ វាសនា រួច​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ពួកគេ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​លោក ចៅ វាសនា នេះ​ថា មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដោយសារ​តែ​លោក ចៅ វាសនា គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​នៅ​សង្កាត់​ប៉ោយប៉ែត ហើយ​លោក​អាច​នឹង​ជាប់​ឆ្នោត​ជា​ចៅសង្កាត់ បើ​គេ​អនុញ្ញាត​ឲ្យ​លោក​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​មែន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles