រដ្ឋមន្ត្រីក្រសួងដែនដី ដាក់កំហិតឲ្យពលរដ្ឋរស់ក្នុងអគារប៊ូឌីងលក់បន្ទប់ក្នុងតម្លៃ ១.៤០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ លោក ជា សុផារ៉ា ប្រាប់ឲ្យពលរដ្ឋដែលទទួលយកតម្លៃនេះ ទៅបំពេញបែបបទឯកសារដើម្បីរង់ចាំយកលុយ ចំណែកមិនអ្នកមិនព្រមលក់បន្ទប់ក្នុងតម្លៃនេះ លោកទុកឲ្យនៅម្ដុំ។
ការសម្រេចនេះធ្វើឡើងក្នុងពិធីជួបជាមួយអ្នកប៊ូឌីង នាទីស្ដីការក្រសួងដែនដី នៅព្រឹកថ្ងៃទី១២ ខែឧសភា។ ទោះជាយ៉ាងណា តំណាងពលរដ្ឋប្រមាណ ៥០០នាក់ ដែលចូលរួម អ្នកខ្លះសម្ដែងការសាទរក្នុងការទទួលយកការកំណត់តម្លៃនេះ តែអ្នកខ្លះទៀតមិនព្រមទទួលយកការកំណត់តម្លៃនេះទេ ដោយពួកគេទាមទារតម្លៃជាង ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បញ្ជាក់ថា ចំពោះអ្នកយល់ព្រមតាមការកំណត់នេះ អាចមកបំពេញបែបបទបណ្ដើរៗ ដើម្បីទទួលប្រាក់នៅពេលខាងមុខ។ លោកបន្តថា ពលរដ្ឋដែលលក់តាមតម្លៃលោកកំណត់ នឹងត្រូវរើអីវ៉ាន់ចេញពីផ្ទះចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ តទៅ ដោយលោកទុករយៈពេលមួយខែក្នុងការរុះរើ៖ «»។
ក្រៅពីការកំណត់តម្លៃនេះ លោក ជា សុផារ៉ា ប្រកាសឧបត្ថម្ភប្រាក់ពលរដ្ឋនៅតាមបន្ទប់នីមួយៗចំនួន ១០០ដុល្លារ ជាសោហ៊ុយសម្រាប់រើអីវ៉ាន់។ លោកថែមទាំងនិយាយបែបលេងសើចថា លោកនឹងផ្ដល់សារុងមួយ ក្រមាមួយដល់ពលរដ្ឋទៀតផង។ ប៉ុន្តែនៅពេលលោករដ្ឋមន្ត្រីប្រកាសជំហរម៉ឺងម៉ាត់កំណត់ទិញផ្ទះតម្លៃ ១.៤០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ពលរដ្ឋប្រមាណ ១០០នាក់ក្នុងចំណោមអ្នកចូលរួមប្រជុំ នាំគ្នាចេញពីក្រៅបន្ទប់ប្រជុំ ព្រោះមិនពេញចិត្តការកំណត់តម្លៃនេះ។ក្រុមអ្នកទាំងនោះទាមទារថ្លៃលក់បន្ទប់ប្រមាណ ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៖ «»។
ក្រោយចប់កិច្ចប្រជុំ ស្ត្រីម្នាក់វ័យជា ៧០ឆ្នាំ លោកស្រី ជា លិការ ដែលអះអាងថា រស់នៅអគារប៊ូឌីង ជាង ២០ឆ្នាំមកហើយ យកឯកសារទៅបំពេញ ព្រោះលោកស្រីយល់ព្រមលក់បន្ទប់តាមតម្លៃរបស់លោក ជា សុផារ៉ា កំណត់៖ «»។
ប៉ុន្តែអ្នករស់នៅអគារប៊ូឌីងម្នាក់ទៀត លោកស្រី ទូច រស្មី មិនយល់ដូច្នេះទេ។ លោកស្រីថា ការកំណត់ទិញបន្ទប់ក្នុងតម្លៃ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ មិនអាចឲ្យលោកស្រីយកលុយនោះទិញផ្ទះនៅភ្នំពេញ ដើម្បីរស់នៅបានទេ។ លោកស្រីទាមទារលក់បន្ទប់តម្លៃជាង ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៖ «»។
នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា ភាគីក្រសួង និងក្រុមពលរដ្ឋដែលមិនទាន់យល់ព្រមលក់បន្ទប់ត្រូវជជែកគ្នាបន្តទៀតដើម្បីរកចំណុចរួមមួយ។ ទោះបែបនេះក្ដី មន្ត្រីសង្គមស៊ីវិលរូបនេះ នៅតែចង់ឃើញពលរដ្ឋទទួលយកការអភិវឌ្ឍនៅនឹងកន្លែងដោយរង់ចាំជិត ៤ឆ្នាំក្រោយការសាងសង់អគារថ្មី ដែលលោកយល់ថា ពលរដ្ឋនឹងទទួលប្រយោជន៍ច្រើនជាងការយកលុយហើយចាកចេញ៖ «»។
ការកំណត់តម្លៃទិញបន្ទប់ពលរដ្ឋតម្លៃ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ របស់លោក ជា សុផារ៉ា បែបនេះ មិនមែនជាលើកទីមួយទេ។ កាលពីដើមខែមេសា លោក ជា សុផារ៉ា កំណត់តម្លៃ ១.២៦៣ដុល្លារ ទាមទារតម្លៃ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ក្រុមហ៊ុនរបស់ជប៉ុន មួយឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួលបានសិទ្ធិសាងសង់អគារកម្ពស់ ២១ជាន់ នៅទីតាំងអគារប៊ូឌីង ដែលត្រូវចំណាយពេលប្រមាណ ៤ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង ៨០លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានអះអាងប្រាប់ពលរដ្ឋថា ការផ្ដល់តម្លៃ ១.៤០០ដុល្លារ ជាតម្លៃខ្ពស់ដែលត្រូវកែប្រែលក្ខខណ្ឌជាមួយក្រុមហ៊ុន ដោយអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន អាចសាងសង់សណ្ឋាគារទំនើបពី ២១ជាន់ ទៅ ៣០ជាន់ ព្រោះក្រុមហ៊ុនចំណាយលុយទិញបន្ទប់របស់ពលរដ្ឋអស់ច្រើន។
លោក ជា សុផារ៉ា ព្យាយាមគេចមិនឆ្លើយសំណួររបស់ក្រុមអ្នកកាសែតដែលតាមសួរលោកថា តើក្រសួងដែនដី នឹងដោះស្រាយយ៉ាងណាចំពោះពលរដ្ឋដែលមិនព្រមលក់បន្ទប់របស់ខ្លួនក្នុងតម្លៃ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះ៕