ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ រិះគន់សមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុថា មិនគួរអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ បើកបរចូលក្រុងនៅពេលថ្ងៃនាំឲ្យស្ទះផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដូចរាល់ថ្ងៃនេះទៀតទេ។
សាធារណជន និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានរអ៊ូរទាំថា រាល់ថ្ងៃនេះមានរថយន្តដឹកទំនិញធំៗ បន្តចូលក្រុងទេសចរណ៍មួយនេះអនាធិបតេយ្យ និងធ្វើអោយកកស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋស្នើដល់កម្លាំងសមត្ថកិច្ច ពិសេសអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជួយទប់ស្កាត់រថយន្តដឹកទំនិញធុនធំ ឬរថយន្តដឹកដីជាដើម កុំឲ្យបើកបរចូលក្រុងនៅពេលថ្ងៃបន្តទៀត ដើម្បីបញ្ចៀសការកកស្ទះ និងរក្សាសណ្ដាប់ធ្នាប់ផ្លូវសាធារណៈក្រុងឲ្យបានល្អ។
ប្រតិកម្មនេះ បានកើតមានជាថ្មីទៀត ដោយសារនៅក្នុងសប្ដាហ៍នេះ គេសង្កេតឃើញមានរថយន្តដឹកទំនិញធំៗ បានយកទ្រូងផ្លូវសាធារណៈដើម្បីចតដាក់ទំនិញនាំឲ្យស្ទះដល់អ្នកធ្វើដំណើរ និងបំផ្លាញប្រព័ន្ធផ្លូវ លូបង្ហូរទឹករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន។
ឆ្លើយតបបញ្ហានេះ លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្ដាលនគរបាលសណ្ដាប់ធ្នាប់សាធារណៈមានប្រសាសន៍ថា សមត្ថកិច្ចមិនបានអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ បើកចូលដឹក ឬដាក់ទំនិញក្នុងក្រុងពេលថ្ងៃទេ។ លោកថា រថយន្តដឹកទំនិញអាចបើកបរចូលក្នុងក្រុង គឺចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៧ព្រឹក ឲ្យចេញពីក្នុងក្រុងឲ្យអស់។ ជាងនេះសមត្ថកិច្ចបានហាមមិនឲ្យរថយន្តដឹកទំនិញទាំងនោះ បើកឆ្លងកាត់តាមផ្លូវក្រាលកៅស៊ូសំខាន់ៗមានដូចជាវិថីឯករាជ្យ និងផ្លូវប្របឆ្នេរសមុទ្រជាដើម ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិ និយមធ្វើដំណើរឆ្លងកាត់នោះទេ៖ «សូមឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ គឺទាក់ទងផ្លូវលំតូចៗ ចាក់បេតុងជាដើម នៅតាមមូលដ្ឋាននីមួយៗ គឺស្នើឲ្យអាជ្ញាធរជួយពិនិត្យមើលផង ហើយបើសិនជារថយន្តដឹកទំនិញទាំងអស់ហ្នឹងប្រព្រឹត្តខុសពីគោលការណ៍ណែនាំរបស់យើង គឺសុំជួយណែនាំ អប់រំ ឬពិន័យជាដើម ដល់អ្នកបើកបររថយន្តដឹកទំនិញទាំងនោះឲ្យស្របតាមច្បាប់កំណត់»។
លោក អ៊ី សុខា អះអាងថា រាល់ថ្ងៃនេះ កម្លាំងនគរបាលចរាចរណ៍របស់លោកបានដាក់ឲ្យប្រចាំការនៅតាមផ្លូវចេញ ឬចូល នៅជុំវិញជាយក្រុងព្រះសីហនុ មានដូចជា ផ្លូវចូលក្រុងនៅម្ដុំតំបន់អូរត្រេះ និងនៅម្តុំកំពង់ផែស្វយ័តជាដើម ដើម្បីទប់ស្កាត់រថយន្តដឹកទំនិញធំៗ ដែលមានបំណងលួចបើកចូលក្រុងនៅពេលថ្ងៃ។
បញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែនីមួយៗ តែងបានណែនាំ និងដាក់បទបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញឲ្យយកចិត្តទុកដាក់រក្សាសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈ បញ្ចៀសរាល់ការកកស្ទះឲ្យបានជាប្រចាំ។ ជាងនេះ ក៏បានដាក់បទបញ្ជាទៅមន្ត្រីក្រោមឱវាទស្ថាប័នពាក់ព័ន្ធ មិនត្រូវអនុញ្ញាតឲ្យរថយន្តសណ្ដោងដឹកទំនិញធំៗបើកចូលក្រុងពេលថ្ងៃ និងយកទ្រូងផ្លូវថ្នល់ ចតដាក់ទំនិញ បង្កើតឲ្យមានចរាចរណ៍កកស្ទះដល់អ្នកដំណើរទៀតទេ។
ទោះជាបែបនេះក្តី រាល់ថ្ងៃនេះគេសង្កេតឃើញថា នៅមានរថយន្តដឹកទំនិញធំៗ បានបន្តបើកចូលក្រុងពេលថ្ងៃ និងយកទ្រូងផ្លូវសាធារណៈ សម្រាប់ចតដាក់ទំនិញអនាធិបតេយ្យ បានបន្តកើតមានដដែល ទោះបីរដ្ឋបាលខេត្តព្រះសីហនុ ពិសេសកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់ពង្រាយនៅតាមគោលដៅជុំវិញខ្សែក្រវាត់ក្រុងដើម្បីឃាត់បែបណាក្ដី៕