ភូមិរហាល នៃឃុំតាសៀម ស្ថិតនៅចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ភាគខាងជើងពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប ហើយក៏ជាតំបន់ដែលព័ទ្ធជុំវិញទៅដោយព្រៃ។ ភូមិនោះ គឺជាភូមិមួយក្នុងចំណោមភូមិចំនួន៥ ផ្សេងទៀត ដែលប្រជាពលរដ្ឋតែងប្រឈមមុខនឹងការខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង។ ក្នុងមួយថ្ងៃៗ អ្នកភូមិជាច្រើនបានចំណាយពេលពី៣ ទៅ ៤ម៉ោង ដើម្បីធ្វើដំណើរទៅដងទឹកនៅតាមអូរ ឬក៏ទៅកន្លែងដែលមានទឹកនៅជិតទីរួមស្រុកស្វាយលើ ជាដើម។
ប្រជាពលរដ្ឋជាង ៣០០គ្រួសារ រស់នៅភូមិរហាល នៃឃុំតាសៀម ឱ្យដឹងថា ពួកគេកំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំងនៅរដូវប្រាំងជារៀងរាល់ឆ្នាំ។ ការខ្វះទឹកប្រើប្រាស់នៅតាមគ្រួសារជាប្រចាំថ្ងៃនេះ ដោយសារតែនៅក្នុងភូមិរបស់ពួកគេជីកអណ្ដូងមិនចេញ ព្រមទាំងមានស្រះទឹកតិចតួច ដែលមិនអាចស្ដុកទឹកទុកបានច្រើនទេ។ នៅរដូវប្រាំងឆ្នាំនេះ ជារៀងរាល់ថ្ងៃអ្នកភូមិរហាល ទាំងស្រី ទាំងប្រុស ខ្លះនាំគ្នារែកធុង និងខ្លះទៀតបើកគោយន្តធ្វើដំណើរទៅស្វែងរកទឹកដងមកទុកប្រើប្រាស់នៅតាមគ្រួសារ។
បុរសអ្នកភូមិរហាលម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀត ដែលបើកគោយន្តដើររកដងទឹកតាមស្រះ គឺលោក ឌឿន ញ៉ង។ លោកមានប្រសាសន៍ថា ពេលបច្ចុប្បន្ន គ្រួសាររបស់គាត់ក៏ដូចជាអ្នកភូមិរហាលទាំងអស់ គឺខ្វល់ខ្វាយចំពោះរឿងខ្វះទឹកប្រើប្រាស់ជាប្រចាំថ្ងៃ។ ជារៀងរាល់ថ្ងៃរូបគាត់ត្រូវគិតគូរទៅលើរឿងរកទឹកមកទុកប្រើប្រាស់ជាមុនសិនមុននឹងចេញទៅប្រកបមុខរបរផ្សេងទៀតដើម្បីចិញ្ចឹមជីវិត។
លោក ឌឿន ញ៉ង បញ្ជាក់ថា ក្នុង១ថ្ងៃលោកត្រូវចំណាយពេលប្រហែលជា ៣ម៉ោង ដើម្បីបើកគោយន្តទៅដឹកទឹកមកទុកប្រើប្រាស់ទម្រាំបានចេញទៅប្រកបការងារផ្សេងៗ៖ «ប្រហែលជា ៣-៤ម៉ោង ទម្រាំបានដឹកមកឱ្យគ្រប់ ៣ធុង។ យកមកដល់ផ្ទះអត់ហ៊ានប្រើខ្ជះខ្ជាយដូចដែលកន្លែងសំបូរទឹកទេ គឺប្រើទឹកសន្សំសំចៃបំផុត»។
ភាពខ្វះទឹកប្រើប្រាស់នៅក្នុងភូមិរហាល បានក្លាយទៅជាក្ដីកង្វល់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិនោះទាំងមូល ហើយនៅពេលដែលអ្នកភូមិជួបជុំគ្នាដើម្បីប្រារព្ធពិធីបុណ្យម្ដងៗ គឺគណៈកម្មការបុណ្យភូមិតែងអំពាវនាវឱ្យអ្នកភូមិចេះរួមគ្នាធ្វើវិភាគទានដើម្បីយកទៅជីកស្រះទឹកនៅតាមកន្លែងមួយចំនួន។
ប្រធានគណៈកម្មការនៃពិធីបុណ្យរបស់ភូមិរហាល លោក ពក ប៊ី មានប្រសាសន៍ថា នៅក្នុងភូមិរបស់លោកសព្វថ្ងៃនេះគឺមានបញ្ហាខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំងនៅរដូវប្រាំង។ លោកតែងអំពាវនាវសុំឱ្យអ្នកភូមិជួយធ្វើវិភាគទានជាលុយខ្លះ ដើម្បីរួមគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាលយកទៅជីក និងស្ដារស្រះចាស់ៗ ឱ្យបានច្រើនកន្លែងសម្រាប់ស្ដុកទឹកទុកប្រើប្រាស់ឱ្យគ្រប់គ្រាន់ ក៏ប៉ុន្តែអ្នកភូមិរបស់លោកហាក់ពិបាកក្នុងការចូលរួមវិភាគទាននេះ។
លោក ពក ប៊ី បញ្ជាក់ថា បច្ចុប្បន្ននៅកណ្ដាលភូមិ គឺមានស្រះទឹកតូចមួយដែលអ្នកភូមិជាង ៣០០គ្រួសារតែងសម្រុកទៅដងប្រើប្រាស់ ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់តាមតម្រូវការទេ៖ «បញ្ហាទឹកនេះ គឺសំខាន់ណាស់សម្រាប់បងប្អូនប្រើប្រាស់។ ក្នុង១ថ្ងៃនៅរដូវប្រាំង គឺមិនហ៊ានប្រើប្រាស់ទឹកខ្ជះខ្ជាយទេ បើងូតគឺ ៣-៤ផ្តិលប៉ុណ្ណោះ»។
ប្រជាពលរដ្ឋនៅភូមិរហាល អះអាងថា ពួកគេមានបញ្ហាខ្វះទឹកប្រើប្រាស់ជាយូរមកហើយរហូតដល់ពេលមានការបោះឆ្នោតជ្រើសរើសមេឃុំ រយៈពេល ៣អាណត្តិមកនេះ ក៏មិនដែលឃើញមេឃុំណាយកចិត្តទុកដាក់ដោះស្រាយរឿងប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់នោះទេ។
អតីតមេភូមិរហាល ដែលទើបតែចេញពីតំណែងរយៈពេលជាង ១ខែ លោក ម៉ៅ ស៊ីវ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅរដូវប្រាំងអ្នកភូមិរបស់គាត់គឺខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំងដោយខ្លះទៅដងទឹកចម្ងាយប្រហែល ៧គីឡូម៉ែត្រ ពីភូមិ និងខ្លះទៅរែកទឹកអូរដែលដក់នៅតាមព្រៃ។
លោក ម៉ៅ ស៊ីវ បញ្ជាក់ថា ដោយសារតែអ្នកភូមិរបស់លោកដើរដងទឹកដែលដក់នៅតាមអូរ និងត្រពាំងយកមកប្រើប្រាស់បានធ្វើឱ្យអ្នកខ្លះប្រឈមមុខនឹងជំងឺរាករូស ឬក៏ជំងឺក្រពះជាដើម ក៏ប៉ុន្តែមិនដឹងជាធ្វើយ៉ាងណា ពីព្រោះតែគ្មានជម្រើសឱ្យប្រសើរជាងនេះ៖ «ពេលខែកុម្ភៈ មីនា នេះ ទឹកស្រះដែលនៅក្នុងភូមិរីងអស់ ដល់ពេលរីងអស់ ទាំងខ្ញុំទាំងគេ គឺស្វះស្វែងដើររកទឹកតាមដងអូរចម្ងាយប្រហែលជា ២គីឡូម៉ែត្រពីភូមិ»។
អតីតមេឃុំតាសៀម ដែលទើបតែលាលែងពីតំណែង លោក ញឹក រ៉ែម ទទួលស្គាល់ថា អ្នកភូមិរហាល ជាង ៣០០គ្រួសារ គឺពិតជាមានបញ្ហារឿងខ្វះទឹកប្រើប្រាស់មែន។ អតីតមេឃុំរូបនោះបញ្ជាក់ថា បញ្ហាខ្វះទឹកប្រើប្រាស់នៅភូមិរហាលនេះ មិនមែនរូបលោកដែលជាមេឃុំ១អាណត្តិមកហើយមិនយកចិត្តទុកដាក់ដោះស្រាយទេ ក៏ប៉ុន្តែគឺប្រជាពលរដ្ឋទៅវិញទេ ដែលមិនហ៊ានបរិច្ចាគដីឱ្យអាជ្ញាធរជីកស្រះទឹក។
លោក ញឹក រ៉ែម អះអាងថា រយៈពេលជាង ៤ឆ្នាំដែលលោកកាន់តំណែងជាមេឃុំ គឺលោកមានទាំងអង្គការក្រៅរដ្ឋាភិបាល និងម្ចាស់គ្រឿងចក្រមួយចំនួនរង់ចាំសហការជីកស្រះទឹកឱ្យអ្នកភូមិរហាល ប៉ុន្តែនៅពេលដែលគ្រឿងចក្រទៅដល់ប្រជាពលរដ្ឋបែរជាមិនឱ្យជីកដោយថា ប៉ះពាល់លើដីកម្មសិទ្ធិរបស់ពួកគេ៖ «ខ្ញុំប្រគល់ភារកិច្ចឱ្យមេភូមិប្រជុំជាញឹកញាប់ ធ្វើយ៉ាងណាដោះស្រាយឱ្យចេញរឿងរកដីជីកស្រះ ប៉ុន្តែដាក់ត្រង់ណាក៏អ្នកភូមិមិនឱ្យកាយ មិនឱ្យជីក»។
នៅក្នុងភូមិរហាល ដែលមានប្រជាពលរដ្ឋជាង ៣០០គ្រួសារ គឺភាគច្រើនមានជីវភាពក្រីក្រ ដោយប្រកបមុខរបរធ្វើស្រែចម្ការ និងខ្លះចូលព្រៃដើម្បីបោចវល្លិ និងរកអនុផលព្រៃឈើមកចិញ្ចឹមជីវិត។ អ្នកភូមិខ្លះត្អូញត្អែរថា នៅរដូវប្រាំងពេលដែលស្រះនៅក្នុងភូមិរីងទឹក គឺប្រជាពលរដ្ឋក្រីក្រដែលគ្មានមធ្យោបាយទៅដឹកជញ្ជូនទឹកពីទីឆ្ងាយបាន ត្រូវបង្ខំចិត្តចំណាយប្រាក់ទិញទឹកពីអ្នកភូមិដូចគ្នា ដោយ១ធុងសាំងតម្លៃ ៥.០០០រៀល។ បញ្ហានេះបានធ្វើឱ្យអ្នកភូមិដែលមានជីវភាពក្រីក្រស្រាប់ កាន់តែប្រឈមមុខនឹងរឿងពិបាករកប្រាក់ទៅទិញទឹកមួយជាន់ថែមទៀត៕