អាជ្ញាធរស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្នើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ប្រគល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋវិញ ក្រោយពេលពលរដ្ឋអះអាងថា គេបានសងកម្ចីរួចរាល់ជាច្រើនខែហើយ ប៉ុន្តែគ្រឹះស្ថានមិនព្រមប្រគល់អត្តសញ្ញាណប័ណ្ណឲ្យវិញ។ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ប្រចាំខេត្តកំពង់ឆ្នាំង ថានឹងប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះ។
អភិបាលស្រុកបរិបូណ៌ លោក ឃួន សៅរុំ នៅថ្ងៃទី១១ ខែឧសភា ស្នើឲ្យប្រធានគ្រឹះស្ថានសហគ្រិនភាព ប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋនៅភូមិកាន់យួរ ឃុំមេលំ ឈ្មោះ ជុន ស៊ីណា វិញនៅចំពោះមុខអាជ្ញាធរមូលដ្ឋាន។ លោកបញ្ជាក់នៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ពលរដ្ឋបានខ្ចីប្រាក់មកប្រើប្រាស់ ហើយសងវិញចប់សព្វគ្រប់ហើយ គឺត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យគាត់វិញ។
អាស៊ីសេរី មិនអាចទាក់ទងពលរដ្ឋដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណ និងលោកអភិបាលស្រុក ដើម្បីសុំការអត្ថាធិប្បាយបន្ថែមលើការស្នើសុំនេះបានទេ។
ប៉ុន្តែមេឃុំមេលំ លោក កេត សុឃា ថាករណីដកហូតអត្តសញ្ញាណប័ណ្ណ ឬឯកសារដើមដើម្បីធានាលើការខ្ចីបុលដោយគ្រឹះស្ថាននេះ ទើបបែកធ្លាយពេលលោកចុះសួររកពលរដ្ឋដែលអត់អត្តសញ្ញាណប័ណ្ណ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោត៖ «កិច្ចការនេះ ខ្ញុំឯកភាពទៅតាមលោកអភិបាល ដែលលោកបានធ្វើការសំណូមពរ គឺចង់បានថាការប្រគល់មិនត្រូវប្រគល់ខ្សឹបទេ ត្រូវមានអាជ្ញាធរទទួលខុសត្រូវ កុំឲ្យថ្ងៃមុខថ្ងៃក្រោយ វាមានបញ្ហាឆ្លើយដាក់គ្នា។ ខ្ញុំចង់អំពាវនាវដល់មីក្រូហិរញ្ញវត្ថុ ទាំងមកពាក់ព័ន្ធលើឯកសាររបស់ពលរដ្ឋ មិនគិតតែពេលបោះឆ្នោតទេ គាត់មានតម្រូវការប្រើប្រាស់ទៅលើស្អីផ្សេងៗ ត្រូវថតឯកសារហ្នឹងទុកទៅ កុំឲ្យដកហូតឯកសាររបស់គាត់។ ដល់ពេលមានតម្រូវការរបស់គាត់ ធ្វើអត់បាន។ អ៊ីចឹងជាបញ្ហាប្រឈមដល់ពលរដ្ឋ»។
លោកមេឃុំបញ្ជាក់ថា ពលរដ្ឋក្នុងឃុំលោកឈ្មោះ ជុន ស៊ីណា បានខ្ចីប្រាក់ចំនួន ៩០ម៉ឺនរៀលពីគ្រឹះស្ថាន ហើយបានសងកម្ចីរួចអស់រយៈពេលជាច្រើនខែហើយ ប៉ុន្តែភ្នាក់ងារឥណទាននេះបានផ្អឹបអត្តសញ្ញាណប័ណ្ណគាត់ទុកជាច្រើនឆ្នាំហើយ បើគិតតាំងពីពេលដែលគាត់ខ្ចីលុយលើកដំបូងមក។ លោកថា គ្រឹះស្ថានឯកជនពុំមានសិទ្ធិដកហូត ឬរក្សាទុកឯកសារដើម ក្រៅពីឯកសារថតចម្លងឡើយ។
ឆ្លើយតបបញ្ហានេះ ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ប្រចាំខេត្តកំពង់ឆ្នាំង លោក សាន់ វណ្ណៈ បញ្ជាក់ថា គ្រឹះស្ថានរបស់លោកឈប់រក្សាទុកឯកសារដើម ឬអត្តសញ្ញាណប័ណ្ណរបស់អតិថិជនដែលបានខ្ចី ឬបញ្ចាំរបស់ហើយ ក្រោយពីរដ្ឋាភិបាលប្រកាសឲ្យបញ្ឈប់។ ប៉ុន្តែចំពោះករណីនេះ ប្រហែលកើតឡើងជាច្រើនឆ្នាំហើយ ទើបលោកដែលជាអ្នកគ្រប់គ្រងថ្មីមិនទាន់បានដឹង៖ «ខ្ញុំអត់មានឃើញអាជ្ញាធរ ឬសមត្ថកិច្ចណាចូលមកដាក់លិខិតអីអញ្ជើញទៅជួប ឬដោះស្រាយអីអត់ដែលមានផង! ពាក់ព័ន្ធនឹងបញ្ហាហ្នឹង ទាល់តែខ្ញុំជូនដំណឹងទៅថ្នាក់លើ ហើយឲ្យថ្នាក់លើខ្ញុំ គេចាត់ចែងដោះស្រាយតាមហ្នឹង បើសិនរឿងហ្នឹងយ៉ាងម៉េច ក៏ខ្ញុំអត់ទាន់ដឹងច្បាស់ដែរ។ និយាយទៅខ្ញុំទើបមកកាន់ ប៉ុន្តែខ្ញុំមកកាន់មួយរយៈនេះអត់ទាន់មានទេ គឺឯកសារបើអត់ដាក់ប្លង់ អាហ្នឹងឯកសារគេគ្រាន់តែកូពី (copy = ថតចម្លង) ទេណាបង»។
រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ជំរុញឲ្យនគរបាលចេញអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានទាន់ពេលវេលា និងទប់ស្កាត់ការរំខាននានាដល់ការប្រើអត្តសញ្ញាណប័ណ្ណស្របច្បាប់របស់ពលរដ្ឋ៕