Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ពន្យល់​មូលហេតុ​នាំ​ទំនិញ​ចេញ​តិច​ជាង​នាំ​ចូល

$
0
0

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ តាម​រយៈ​ប្រធាន​រដ្ឋសភា ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​ពី​មូលហេតុ​ដែល​កម្ពុជា នាំ​ចូល​ទំនិញ​ច្រើន​ពី​ប្រទេស​ជិត​ខាង ប៉ុន្តែ​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ជិត​ខាង​វិញ​តិចតួច។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម ឆ្លើយ​វិញ​ថា ក្រសួង​នឹង​ផ្តល់​ចម្លើយ ឬ​របាយការណ៍​តាម​សំណើ​របស់​រដ្ឋសភា។

លិខិត​របស់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បំភ្លឺ​តាម​រយៈ​លិខិត ចំពោះ​សំណួរ​ថា តើ​ទិន្នន័យ​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង​រយៈពេល ៥​ឆ្នាំ​កន្លង​ទៅ មាន​តួលេខ​ដូចម្តេច? តើ​កម្ពុជា ទិញ និង​លក់​អ្វី​ខ្លះ​ទៅ​ប្រទេស​ជិត​ខាង? វិធានការ​របស់​រដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ឱនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម ឬ​ការ​នាំ​ចេញ​តិច​ជាង​ការ​នាំ​ចូល​ជាមួយ​ប្រទេស​ជិត​ខាង។

បញ្ជាក់​បន្ថែម​ពី​ខ្លឹមសារ​លិខិត​នេះ លោក សុន ឆ័យ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​ព្រួយ​បារម្ភ​ពី​អតុល្យភាព​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា ដែល​មាន​ចំនួន​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចូល​ទំនិញ​ជាមួយ​ប្រទេស​ជិត​ខាង។ លោក​ថា បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​មក​កម្ពុជា ក្នុង​ពេល​ខាង​មុខ។ លោក​បន្ត​ថា ការ​ចង់​ដឹង​ពី​ការ​ផ្លាស់ប្ដូរ​ទំនិញ​នេះ អាច​ទប់ស្កាត់​ការ​នាំ​ចូល​ទំនិញ​ណា​ដែល​កម្ពុជា កំពុង​ផលិត​បាន៖ «ដើម្បី​ចង់​ដឹង​ថា តើ​អ្វី​ខ្លះ​ដែល​យើង​អាច​ផលិត​បាន? ហេតុ​អី​បាន​ជា​យើង​ត្រូវ​ទិញ​ពី​គេ​ទៀត? ឧទាហរណ៍ បន្លែ​ដែល​មាន​ជាតិ​គីមី​ពី​ប្រទេស​វៀតណាម ដើម្បី​យើង​យក​មកពិនិត្យ​មើល​ថា យើង​មាន​មធ្យោបាយ​អ្វី​ដើម្បី​ទប់ស្កាត់»

មូលហេតុ​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ចង់​ដឹង​ពី​បញ្ហា​ទាំងនោះ ក្រោយ​ពេល​លោក សុន ឆ័យ ទទួល​ព័ត៌មាន​អំពី​តួលេខ​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ឆ្នាំ​២០១៦ របស់​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ រួម​មាន ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​វៀតណាម មាន​តម្លៃ ២.២០០​លាន​ដុល្លារ​អាមេរិក ចំណែក​កម្ពុជា នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​វៀតណាម វិញ​បាន​ត្រឹម ៧២៥,៨​លាន​ដុល្លារ​អាមេរិក។ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ មាន​តម្លៃ ៤.៧០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កម្ពុជា នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ថៃ វិញ ៩៣៦​លាន​ដុល្លារ​អាមេរិក។

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា ខុទ្ទកាល័យ​នៃ​ក្រសួង​មិន​ទាន់​ទទួល​លិខិត​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កញ្ញា​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នឹង​ឆ្លើយតប​តាម​រយៈ​លិខិត​ទៅ​រដ្ឋសភា វិញ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ពន្យល់​ថា មូលហេតុ​ដែល​កម្ពុជា នាំ​ចេញ​ទំនិញ​តិច​ជាង​ការ​នាំ​ចូល ព្រោះ​សមត្ថភាព​ផលិត​បាន​តិច ធនធាន​មនុស្ស សម្ភារ ទំនាក់ទំនង​អន្តរជាតិ ជាដើម៖ «អត់​បញ្ហា​ចំពោះ​ការ​ឆ្លើយ​បំភ្លឺ មក​ពីជួនកាល​គាត់អត់​បានចំណាយ​ពេល​ស្គាល់​ពី​សាវតា​ពី​ប្រទេស​របស់​យើង យើង​ត្រូវ​ឆ្លុះ​កញ្ចក់មើល​ខ្លួន​ឯង​ថា តើ​យើង​មាន​សមត្ថភាព​ផលិត​បាន​ប៉ុនណា»

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី លើក​ឡើង​ថា បញ្ហា​ទាំងនេះ​មិន​មែន​ជា​ការ​ទទួល​បន្ទុក​របស់​ក្រសួង​ពាណិជ្ជកម្ម តែ​ឯង​នោះ​ទេ គឺ​ទាមទារ​អន្តរ​ក្រសួង​ជួយ​ដោះស្រាយ។

ទោះ​ភាគី​ក្រសួង​ពាណិជ្ជកម្ម លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាំងនោះ​ក្តី សមាជិក​សភា លោក សុន ឆ័យ ថា​ប្រសិន​បើ​លិខិត​របស់​រដ្ឋមន្ត្រី​បំភ្លឺ​បែប​នេះ ជា​ការ​ពន្យល់​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ព្រោះ​លោក​ថា​រយៈពេល​ជាង ៣០​ឆ្នាំ​ដែល​កម្ពុជា មាន​សុខ​សន្តិភាព។ ហេតុ​អី​នៅ​ជួប​បញ្ហា​ទាំងនេះ​ទៀត?

លោក សុន ឆ័យ ពន្យល់​ថា មូលហេតុ​ដែល​លោក​ចង់​បាន​ការ​ឆ្លើយ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា តាម​រយៈ​លិខិត ព្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​សភា។ ម្យ៉ាង​វិញ​ទៀត លោក​ថា​ការ​ឲ្យ​បំភ្លឺ​តាម​រយៈ​លិខិត​នេះ​ជា​នីតិវិធី​ដំបូង ប្រសិន​បើ​លិខិត​របស់​រដ្ឋមន្ត្រី​ឆ្លើយ​បំភ្លឺ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ លោក​នឹង​កោះ​ហៅ​មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles