យោធាការពារព្រំដែនកម្ពុជា នៅខែត្រស្ទឹងត្រែង អះអាងថា យោធាឡាវ នៅតែបន្តឈរជើងលើទឹកដីខ្មែរនៅកោះឫស្សីដដែល ពុំមានអ្វីប្រែប្រួលទេ បំណងរារាំងកងកម្លាំងវិស្វកម្មកម្ពុជា មិនឲ្យស្ថាបនាផ្លូវនៅតំបន់នោះ និងចង់គ្រប់គ្រងទីនោះ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា ក្រសួងសាមីមិនទាន់ឃើញរបាយការណ៍ស្ដីពីការឈ្លានពានអធិបតេយ្យភាពកម្ពុជា ដោយយោធាឡាវ នោះទេ។
បើទោះបីជាមានការអះអាងពីមន្ត្រីយោធាការពារព្រំដែនកម្ពុជា នៅខែត្រស្ទឹងត្រែង ថាយោធាឡាវ បានបញ្ជូនកម្លាំងប្រដាប់អាវុធឈរជើងលើទឹកដីខ្មែរនៅចំណុចកោះឫស្សី និងបានជីកលេណដ្ឋាននៅតំបន់នោះជាងមួយខែមកហើយក្តី ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិ បានទាត់ចោលការលើកឡើងនេះ។
យោធាការពារព្រំដែនខែត្រស្ទឹងត្រែង ថ្លែងសុំមិនបញ្ចេញឈ្មោះ និងសំឡេង អះអាងនៅថ្ងៃទី១១ ឧសភា ថា ការប្រឈមមុខដាក់គ្នារវាងភាគីប្រទេសទាំងពីរ មិនអាចឈានដល់ផ្ទុះអាវុធនោះទេ ក៏ប៉ុន្តែភាគីឡាវ កំពុងបំពានអធិបតេយ្យភាពរបស់កម្ពុជា ទាំងស្រុង ដោយបានជីកលេណដ្ឋានច្រើនទីតាំងនៅតំបន់នោះ និងដាក់កម្លាំងទ័ពឈរជើងឡោមព័ទ្ធទីស្នាក់ការយោធារបស់កម្ពុជា ហើយចំណុចដែលឡាវ ឈ្លានពាននោះ ឆ្ងាយពីអ័ក្សព្រំដែននៃទន្លេសេកុងច្រើនគីឡូម៉ែត្រ។
លោកអះអាងថា គោលបំណងដែលឡាវ ចង់គ្រប់គ្រងកោះឫស្សី ដោយសារសក្ដានុពលទីនោះសម្បូររ៉ែមាស និងរ៉ែត្បូងធម្មជាតិមានតម្លៃ។ លោកបញ្ជាក់ថា កោះឫស្សីឋិតក្នុងទន្លេសេកុង នៃស្រុកសៀមប៉ាង គឺជាទឹកដីរបស់ខ្មែរដែលយោធារបស់កម្ពុជា គ្រោងស្ថាបនាផ្លូវក្រវាត់ព្រំដែននៅតំបន់នោះ និងបានកសាងស្ពានឆ្លងទៅកោះនោះសម្រេចបានប្រហែល ៣០ភាគរយហើយ។
អាជ្ញាធរឡាវ បានបញ្ជូនកងកម្លាំងយោធាប្រដាប់ដោយអាវុធមករារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា ជាថ្មីទៀតឲ្យផ្អាកការស្ថាបនាផ្លូវតាមបណ្ដោយព្រំដែននៅចំណុចអូរតាងាវ និងអូរអាល័យ លើកោះឫស្សី នៃស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង កាលពីចុងខែមីនា ឆ្នាំ២០១៧ ដោយលើកហេតុផលថា តំបន់នោះ រដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាជាផ្លូវការ ដើម្បីបោះបង្គោលព្រំដែននៅឡើយ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បដិសេធថា ពុំមានការជីកលេណដ្ឋាន និងបញ្ជូនកម្លាំងទ័ពចូលដីខ្មែរដោយយោធាឡាវ នោះទេ ហើយការវាស់វែងបច្ចេកទេសព្រំដែន គឺជាកាតព្វកិច្ចរបស់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ។ ចំណែកយោធាកម្ពុជា កំពុងរង់ចាំតែគណៈកម្មការព្រំដែនប្រទេសទាំងពីរដោះស្រាយបញ្ហានេះ។
លោកបញ្ជាក់ថា ការស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលយោធាឡាវ ធ្លាប់រារាំងកន្លងទៅ អាជ្ញាធរនៃប្រទេសទាំងពីរបានដោះស្រាយរួចរាល់ហើយ៖ «មកដល់ថ្ងៃនេះ ខ្ញុំបានត្រួតពិនិត្យតាមបណ្តោយព្រំដែនជាមួយឡាវ ហើយគឺពុំមានស្ថានភាពហ្នឹងទេ គឺស្ថានភាពដែលមានជីកលេណដ្ឋានចូលដីខ្មែរ គឺអត់មានទេរឿងហ្នឹង។ ធ្វើផ្លូវយើងនៅតែបន្តធ្វើដដែល ពុំមានពាក់ព័ន្ធបញ្ហាហ្នឹងទេ ដោយឡែកការវាស់វែងព្រំដែន គណៈកម្មការព្រំដែននឹងធ្វើការបន្តជាមួយភាគីឡាវ ខាងយោធាគឺរង់ចាំតែគណៈកម្មការព្រំដែនជាតិទាំងពីរដោះស្រាយទៅ យើងធ្វើតាមហ្នឹងទៅ វាអត់មានបញ្ហាទំនាស់ទាស់ទែងនោះទេ។ ខ្ញុំមិនសន្និដ្ឋានថា វាពិត ឬមិនពិតទេ។ តែខ្ញុំពុំទាន់មានរបាយការណ៍មកក្រសួងការពារជាតិ នៅឡើយទេរឿងហ្នឹង»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ឲ្យដឹងនៅថ្ងៃទី១១ ឧសភា ថា ក្រោយពីអាជ្ញាធរខែត្របានផ្ញើលិខិតស្នើទៅក្រសួងការបរទេស ពាក់ព័ន្ធបញ្ហាព្រំដែន ក្រសួងការបរទេសនៃប្រទេសទាំងពីរ បានធ្វើការជាមួយគ្នារួចហើយ។ តែយ៉ាងណា លោកពុំបញ្ជាក់លម្អិតពីលទ្ធផលនៃការដោះស្រាយបញ្ហានេះទេ៖ «ទំនាក់ទំនងការទូតគេបានកំណត់គ្នាថា ធ្វើម៉េច? អាហ្នឹងការងារផ្ទៃក្នុងរបស់ក្រសួងការបរទេស ដែលគាត់បានឯកភាពគ្នា ហើយបានជូនព័ត៌មានទៅគណៈកម្មការចម្រុះកិច្ចការព្រំដែនប្រទេសទាំងពីរ និងកម្លាំងសមត្ថកិច្ចតាមព្រំដែនដែរ។ ដោយឡែកភាគីកម្ពុជា យើងនៅតែមានគោលជំហរការពារបូរណភាពទឹកដីរបស់ខ្លួន»។
កាលពីចុងខែមេសា ឆ្នាំ២០១៧ អាជ្ញាធរខែត្រស្ទឹងត្រែង បានធ្វើរបាយការណ៍បញ្ហានេះទៅក្រសួងការបរទេស និងចម្លងជូនក្រសួងមហាផ្ទៃ ហើយខ្លឹមសារដែលរាយការណ៍នោះទាក់ទិនស្ថានភាពព្រំដែនដែលកម្លាំងសមត្ថកិច្ចរបស់ឡាវ ឆ្លងចូលមកក្នុងបន្ទាត់មួយចំនួនឋិតក្នុងទឹកដីរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បដិសេធមិនអធិប្បាយករណីនេះទេនៅថ្ងៃទី១១ ឧសភា ដោយលោកបញ្ជាក់ថាកំពុងជាប់រវល់។
ចំណែកមេបញ្ជាការប្រតិបត្តិការសឹករងខែត្រស្ទឹងត្រែង លោក ស្វាយ ញ៉ន បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣ ឧសភា ថា យោធាឡាវ បានជីកលេណដ្ឋានក្នុងទឹកដីកម្ពុជា ច្រើនថ្ងៃមកហើយ ក៏ប៉ុន្តែកងកម្លាំងវិស្វកម្មរបស់កម្ពុជា នៅតែបន្តស្ថាបនាផ្លូវព្រំដែនដដែល ពោលគឺដោះស្រាយបណ្ដើរ និងចរចាបណ្ដើរ ហើយរហូតមកទល់ពេលនេះ កងកម្លាំងវិស្វកម្មរបស់កម្ពុជា បានស្ថាបនាផ្លូវបានប្រហែល ១៧០គីឡូម៉ែត្រហើយ៖ «ថ្នាក់ជាតិ ថ្នាក់ខែត្រ និងថ្នាក់យោធា គេកំពុងដោះស្រាយមិនអីទេ! ធ្វើបណ្ដើរ ចរចាដោះស្រាយបណ្ដើរ ព្រោះកន្លែងវាមិនទាន់បោះបង្គោល»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ សង្ស័យថា អាជ្ញាធរកម្ពុជា ហាក់ដូចជាធ្វេសប្រហែសក្នុងការស្វែងរកដំណោះស្រាយតាមរយៈការទូត និងការដោះស្រាយដោយទ្វេភាគីក្តី។ លោកមើលឃើញថា អន្តរាគមន៍ និងការឆ្លើយតបរបស់ភាគីកម្ពុជា ហាក់មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅតំបន់នោះទេ។ បញ្ហានេះ លោកបារម្ភថា ភាគីកម្ពុជា នៅតែចាញ់ប្រៀបជាងភាគីឡាវ ក្នុងរឿងព្រំដែន៕