Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

នាយក​អង្គការ លោក សៀ ភារម្យ ត្រូវ​តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​រឿង​ព្រហ្មទណ្ឌ

$
0
0

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ កោះ​ហៅ​ទៅ​សាកសួរ​ពី​បទ​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែ​ឧសភា។

លោក សៀ ភារម្យ ឲ្យ​ដឹង​ក្រោយ​កិច្ច​ស៊ើបសួរ​នោះ​ថា ចៅក្រម​ស៊ើបសួរ​​លោក ហង្ស ស៊ីថា កោះ​ហៅ​លោក​តាម​ដីកា​បញ្ជូន​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដែល​ស្នើ​សុំ​ឲ្យ​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​ថា លោក​បាន​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ឆបោក​ក្នុង​សំណុំ​រឿង​ដី​ជា​អំណោយទាន​មួយ​កន្លែង នៅ​ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​ចៅក្រម​មិន​ឃុំ​ខ្លួន​លោក ព្រោះ​មិន​មាន​ភស្តុតាង​មាន​ទម្ងន់​គ្រប់គ្រាន់។

លោក សៀ ភារម្យ៖ «ជា​លទ្ធផល គឺ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​មិន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ដីកា​បញ្ជូន​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ។ ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​របស់​លោក​ចៅក្រម​ស៊ើបសួរ ដែល​គាត់​ជា​ប្រធាន​តុលាការ​កំពង់ស្ពឺ ថ្មី ដោយ​គាត់​ធ្វើការ​សម្រេច​ចិត្ត​មិន​តាម​ការ​ស្នើ​សុំ​របស់​ព្រះរាជអាជ្ញា ហើយ​យើង​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ចៅក្រម​ដែរ ដែល​មាន​សុភវិនិច្ឆ័យ​ត្រឹមត្រូវ​ក្នុង​ការ​ពិនិត្យ​យ៉ាង​លម្អិត​ស៊ីជម្រៅ​អំពី​ករណី​ព្រហ្មទណ្ឌ​នេះ»

លោក​បញ្ជាក់​បន្ថែម​ថា ម្ដាយ​ធំ​របស់​លោក​មុន​ពេល​ស្លាប់​បាន​ផ្ដល់​ដី​ជា​អំណោយ​មួយ​កន្លែង​ក្នុង​ផ្សារ​ត្រាំខ្នារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ភាគី​ម្ខាង​ទៀត ចោទ​ថា បាន​ក្លែង​លិខិត​ប្រគល់​ដី។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​ឈ្នះ​ក្ដី​រដ្ឋប្បវេណី​ជា​ម្ចាស់​កម្មសិទ្ធិ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា។ នៅ​ពេល​លោក​ចូល​ទៅ​ជួប​ចៅក្រម​នោះ ក៏​មាន​ពលរដ្ឋ​ពី​សហគមន៍​មាន​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ ប្រមាណ ៣០​នាក់ ទៅ​ឃ្លាំមើល និង​គាំទ្រ​លោក​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles