Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាច់ញាតិ​អ្នក​ទោស​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​រក​អន្តរាគមន៍​ពី​អង្គការ​អាដហុក

$
0
0

សាច់ញាតិ​អ្នក​ទោស​​ដែល​ស្លាប់​នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក (ADHOC) ឲ្យ​ជួយ​​ផ្លូវ​ច្បាប់​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​ពន្ធនាគារ​ខេត្ត​នេះ​ទៅ​តុលាការ​ ដើម្បី​​ផ្ដល់​​យុត្តិធម៌​ដល់​​អ្នក​ស្លាប់។ សាច់ញាតិ​អះអាង​​ថា​ ប្រធាន ពន្ធនាគារ​ខេត្ត​នេះ​​ធ្វេសប្រហែស ជា​ហេតុ​បណ្ដាល​​ឲ្យ​អ្នក​ទោស​ស្លាប់​ ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ តាម​ផ្លូវ​ច្បាប់។

​​​​​សាច់ញាតិ​អ្នក​ទោស​ដែល​ស្លាប់​នៅ​ខេត្ត​បន្ទាយមានជ័យ​ លើក​ឡើង​ថា ករណី​អ្នក​ទោស​ស្លាប់​នេះ​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។

ម្ដាយ​ចិញ្ចឹម​អ្នក​ទោស​ដែល​បាន​​ស្លាប់ លោកស្រី ខុន ធី រស់​នៅ​ភូមិ​សែសិន សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា មូលហេតុ​ដែល​លោកស្រី​ប្ដឹង​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​ករណី​នេះ​ជា​រឿង​អយុត្តិធម៌​មក​លើ​កូន​ស្រី ​ដ្បិត​ដោយសារ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​​ទើប​បណ្ដាល​អោយ​នាង​ស្លាប់៖ «ខ្ញុំ​ចង់​ឲ្យ​រក​យុត្តិធម៌​ដើម្បី​កុំ​មន្ត្រី​ពន្ធនាគារ​បណ្ដោយ​ឲ្យ​អ្នក​ទោស​ស្លាប់​ទៅ​ថ្ងៃ​ក្រោយ​ទៀត ហើយ​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ដែល​មន្ត្រី​ពន្ធនាគារ​មិន​ឲ្យ​ខ្ញុំ​សុំ​យក​កូន​ទៅ​ព្យាបាល តាំង​ពី​ដំបូង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុំ ស៊ីផាន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា អ្នក​ទោស​ស្លាប់​ដោយសារ​​មាន​ជំងឺ​ធ្ងន់ធ្ងរ គឺ​ពុំ​មែន​ជា​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច​នោះ​ទេ៖ «ហើយ​ពួក​ខ្ញុំ​ចំណាយ​ពេល​មើល​គាត់​រាប់​ខែ​ហើយ​ គឺ​ពេល​គាត់​ឈឺ​យើង​ដឹក​ទៅ​ពេទ្យ​ភ្លាម។ ព្រោះ​ជីវិត​មនុស្ស​សំខាន់​ណាស់ គឺ​ពេល​ឈឺ​យើង​អត់​មាន​ទុក​ទេ គឺ​យើង​គិត​គុណធម៌​ជា​ធំ​ ដោយ​មិន​គិត​បញ្ហា​អ្វី​ផ្សេង​ពី​នេះ​ឡើយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា​ ករណី​នេះ​គឺ​ជា​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​ដែល​បណ្ដាល​ឲ្យ​អ្នក​ទោស​ស្លាប់ ហើយ​ប្រធាន​ពន្ធនាគារ​ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់៖ «ករណី​នេះ​មិន​មែន​ជា​កំហុស​ទេ គឺ​ជា​ទោស ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ទៀត​ បើ​សិន​ជា​ជន​ណា​ប្រព្រឹត្ត​បទល្មើស​មនុស្សឃាត​ដោយ​អចេតនា​នេះ។ សាក្សី​ដែល​ចង្អុល​បង្ហាញ​គឺ​គាត់​បាន​បីត្រកង​ គឺ​ជនរងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​តាំង​ពី​នៅ​ក្នុង​ពន្ធនាគារ។ អ៊ីចឹង​ការ​ឆ្លើយ​របស់​មន្ត្រី​ពន្ធនាគារ​ គ្រាន់​តែ​ជា​លេស​ដោះសា​យក​រួច​ខ្លួន​ទេ»

​អ្នក​ទោស​ឈ្មោះ សុខ ចាន់ថន ភេទ​ស្រី អាយុ ២៧​ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា។ លោកស្រី ខុន ធី អះអាង​ថា​​ កូន​របស់​លោកស្រី​​មាន​ជំងឺ​សួត​តាំង​​ពី​អាយុ ៧​ឆ្នាំ​មក​ ហើយ​ជំងឺ​របស់​នាង​កន្លង​មក​ត្រូវ​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ប្រចាំ​ ក៏ប៉ុន្តែ​អំឡុង​ពេល​ដែល​នាង​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មក​នេះ​​ មិន​អាច​ទៅ​ព្យាបាល​បាន​ដូច​ពេល​មុន​ឡើយ។ ម្ដាយ​ចិញ្ចឹម​រូប​នេះ​អះអាង​ថា​​ កូន​ស្រី​ដែល​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា​នោះ​ ​លោកស្រី​ពុំ​បាន​ទៅ​ទាន់​ដង្ហើម​នាង​​នោះ​ទេ។

លោកស្រី​សង្កត់​ធ្ងន់​ថា​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា កូនស្រី​​បាន​ទូរស័ព្ទ​មក​ប្រាប់​លោកស្រី​​​ឲ្យ​ប្រញាប់​បញ្ជូន​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ ហើយ​ភ្លាម​នោះ​លោកស្រី​​ក៏​ប្រញាប់​ទៅ​សុំ​មន្ត្រី​ពន្ធនាគារ​នាំ​កូន​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ដែរ តែ​ពុំ​​ទទួល​បាន​លទ្ធផល​ ដោយ​មន្ត្រី​ពន្ធនាគារ​ប្រាប់​ថា ជំងឺ​របស់​អ្នក​ទោស​មិន​ធ្ងន់ធ្ងរ ហើយ​លោកស្រី​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។ លុះ​មក​​ដល់​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ​មេ​ភូមិ​បាន​​​ប្រាប់​លោកស្រី​ថា​ កូន​របស់​គាត់​​បាន​ស្លាប់​​បាត់​ទៅ​ហើយ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-ជប៉ុន ស្រុក​មង្គលបូរី។ លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ករណី​នេះ​ទៅ​​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles