និស្សិតចំនួន ៤៥នាក់ នៅថ្ងៃទី១០ ខែឧសភា ចូលរួមស្វែងយល់អំពីការឈឺចាប់ពីអ្នករងគ្រោះដោយសារការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងរបបខ្មែរក្រហម ៥រូប ដើម្បីរួមគ្នាលើកស្ទួយយេនឌ័រ នៅក្នុងសង្គមបច្ចុប្បន្ន។
និស្សិតផ្នែកចិត្តវិទ្យា សង្គមកិច្ច និងច្បាប់ រួមជាមួយជនរងគ្រោះពីរបបខ្មែរក្រហមចំនួន ៥០នាក់ ចូលរួមកម្មវិធីពិភាក្សាគ្នាមួយស្ដីពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រ នៅក្នុងរបបខ្មែរក្រហម។ កម្មវិធីនេះ រៀបចំដោយអង្គការក្ដីករុណាក្រោមចំណងជើងថា "កិច្ចសន្ទនាអន្តរជំនាន់ រវាងយុវជន និងអ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម"។
អ្នកសម្របសម្រួលកម្មវិធីអង្គការក្ដីករុណាដែលរៀបចំកម្មវិធីពិភាក្សាគ្នានេះ គឺអ្នកស្រី យឹម សុធារីថ្លែងថា គោលបំណងនៃកិច្ចសន្ទនាអន្តរជំនាន់ គឺចង់ឲ្យយុវជនដែលរៀនមុខវិជ្ជាផ្នែកចិត្តវិទ្យា សង្គមកិច្ច និងច្បាប់ បានយល់ដឹងជាមុន ព្រោះគេនឹងត្រូវចេញទៅធ្វើការមួយជនរងគ្រោះនៃអំពើហិង្សាទាំងនេះ។
អ្នកស្រីបន្តថា វាជាឱកាសល្អដែលយុវជនបានជួបជនរងគ្រោះផ្ទាល់៖ «ជាពិសេសរៀនសូត្រពីជនរងគ្រោះ ឬពីអ្នកជំនាញ ដូចជាអ្នកជំនាញសម្របសម្រួល អ្នកជំនាញខាងសុខភាពផ្លូវចិត្ត...»។
អ្នកស្រីបញ្ជាក់ទៀតថា កម្មវិធីនេះក៏ជាការផ្ដល់ឱកាសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម បង្ហាញបទពិសោធន៍ដល់យុវជនដែលជាចំណែកមួយបន្ថយការឈឺចាប់ដែរ។
ជនរងគ្រោះនៃរបបខ្មែរក្រហមមកពីខេត្តកំពង់ស្ពឺ មួយរូប លោកស្រី អ៊ុំ នឿន មានប្រសាសន៍ថា លោកស្រីត្រូវរងការឈឺចាប់ក្នុងផ្លូវចិត្ត និងផ្លូវកាយ ដោយសារការវាយនឹងត្បូងចប និងការបង្ខំឲ្យរៀបការ៖ «»។
ជនរងគ្រោះនៅរស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ក្នុងរបបខ្មែរក្រហម ៤រូបផ្សេងទៀត សុទ្ធតែបង្ហាញអំពីការឈឺចាប់ដូចគ្នា។ ជាពិសេសការបង្ខំឲ្យរៀបការជាមួយអ្នកដែលគាត់មិនពេញចិត្ត ការធ្វើទារុណកម្ម និងការរំលោភបំពានផ្លូវភេទដោយហិង្សា។ ទោះជាការឈឺចាប់ និងមានភាពអាម៉ាស់យ៉ាងណាក្ដី ជនរងគ្រោះទាំងនេះ សុខចិត្តចេញមកប្រាប់យុវជនអំពីរឿងពិត ដើម្បីកុំឲ្យមានប្រវត្តិសាស្ត្រច្រំដែលកើតឡើងទៀត។
និស្សិតចិត្តវិទ្យា ឆ្នាំទី៣ នៃសកលវិទ្យាល័យភ្នំពេញ គឺយុវជន ងិន ធូវ័ណ ថ្លែងថា កិច្ចសន្ទនាជាមួយជនរងគ្រោះ បានធ្វើឲ្យលោកកាន់តែយល់ថែមទៀតអំពីទុក្ខវេទនានៅក្នុងរបបខ្មែរក្រហម៖ «»។
និស្សិតចិត្តវិទ្យានៃសកលវិទ្យាល័យភ្នំពេញ មួយរូបទៀត គឺកញ្ញា អ៊ុំ សូនីតា ចាប់អារម្មណ៍ថា កិច្ចសន្ទនា និងការចែករំលែកបទពិសោធន៍នេះ គឺត្រូវនឹងមុខវិជ្ជា ដែលនាងរៀន៖ «»។
យុវជនដែលបានចូលរួមក្នុងកិច្ចពិភាក្សាយល់ថា ការបង្ខំឲ្យរៀបការ និងដោយអំពើហិង្សា ជាពិសេសចំពោះស្ត្រីដែលគេធ្វើបាបដូចជាសត្វធាតុ ហើយមិនមានយេនឌ័រ។
អ្នកសម្របសម្រួលកម្មវិធីអង្គការក្ដីករុណា ដែលរៀបចំកម្មវិធីពិភាក្សាគ្នានេះ គឺអ្នកស្រី យឹម សុធារី មានប្រសាសន៍បន្ថែមថា បញ្ហាលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសង្គមកម្ពុជា ដែលមានរយៈពេល ១០ឆ្នាំមកហើយ នៅតែមិនទាន់បានពេញលេញ។ ទាំងអ្នកស្រី ជនរងគ្រោះ និងយុវជនចូលរួមកិច្ចពិភាក្សា ចង់ឲ្យពលរដ្ឋកម្ពុជា គ្រប់រូប រួមគ្នាបន្ថែមទៀតក្នុងការលើកកម្ពស់យេនឌ័រ។
អ្នកស្រី យឹម សុធារី វាយតម្លៃថា ការចូលរួមរបស់យុវជនរៀនសូត្រពីជនរងគ្រោះស្ដីពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រ នៅក្នុងរបបខ្មែរក្រហម កុំឲ្យប្រវត្តិសាស្ត្រហិង្សាកើតឡើងវិញ ហើយម្យ៉ាងទៀត គឺជួយរួមចំណែកឲ្យមានការផ្សះផ្សារបួសផ្លូវចិត្តដែរ៕