Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​កាន់​អំណាច​នៅ​បាត់ដំបង​ខ្វែង​គំនិត​គ្នា​រឿង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត

$
0
0

មន្ត្រី​គណបក្ស​កាន់​អំណាច​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​​មាន​ជម្លោះ​ហែកហួរ​មើល​មុខ​គ្នា​មិន​ចំ​ដោយសារ​ខ្វែង​គំនិត​គ្នា​រឿង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ យក​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មក​ឈរ​ឈ្មោះ​ជំនួស​រូប​លោក។

ក្រុមប្រឹក្សា​ឃុំ​ត្រែង គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា លោក​មេ​ឃុំ និង​អភិបាល​ស្រុក​នេះ​ឃុបឃិត​គ្នា​ដក​រូប​គាត់​ចេញ ហើយ​ដាក់​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ឲ្យ​ឈរ​ឈ្មោះ​ជំនួស​ទៅ​វិញ។ ប៉ុន្តែ​មេ​ឃុំ​ត្រែង បញ្ជាក់​ថា មូលហេតុ​​ដែល​ក្រុមប្រឹក្សា​រូប​នេះ​មិន​បាន​​ឈរ​ឈ្មោះ​ដោយសារ​ពលរដ្ឋ​មិន​គាំទ្រ។

​​​​​​​​​​​ក្រុមប្រឹក្សា​ឃុំ​ត្រែង មក​ពី​គណបក្ស​កាន់​អំណាច បាន​ប្រតិកម្ម​ទៅ​នឹង​វិធានការ​របស់​មេ​ឃុំ និង​អភិបាល​ស្រុក​រតនៈមណ្ឌល ដែល​បាន​ដក​រូប​លោក​ចេញ​​ពី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​អាណត្តិ​ទី​៤​នេះ ថា​ជា​រឿង​អយុត្តិធម៌​បំផុត​មិន​អាច​ទទួល​យក​បាន។

ក្រុមប្រឹក្សា​ឃុំ​ត្រែង គណបក្ស​ប្រជាជន​កម្ពុជា​ លោក សៅ សុខ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ថា លោក​ចូល​បម្រើ​ជា​សមាជិក​​បក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ឃុំ​មួយ​នេះ​ប្រមាណ​​ឆ្នាំ​៣០​ហើយ។ លោក​អះអាង​ថា អំឡុង​ពេល​ជិត ៣០​ឆ្នាំ​កន្លង​ទៅ​នេះ លោក​បាន​ជួយ​អភិវឌ្ឍ​​ផ្លូវ​ថ្នល់​វត្តអារាម និង​សាលា​រៀន​ជា​ច្រើន​កន្លែង ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក​សង្កត់​ធ្ងន់​ថា​ មេ​ឃុំ​ត្រែង ឃុបឃិត​គ្នា​ជា​មួយ​អាជ្ញាធរ​ស្រុក​យក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ នូ ស៊ីណា ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ត្រែង ជំនួស​លោក​ទៅ​វិញ៖ «បាទ! គេ​ទាត់​ខ្ញុំ​ចោល​តែ​ម្ដង។ ខ្ញុំ​សូម​ជម្រាប​ថា​ នៅ​ក្នុង​ឃុំ​ត្រែង បើ​អត់​ពី​ខ្ញុំ​ទៅ​ គឺ​គណបក្ស​ប្រជាជន​នឹង​ចាញ់​ឆ្នោត​ជា​ពុំ​ខាន​ទេ។ ខ្ញុំ​មាន​ជំនឿ​ថា​ ខ្ញុំ​មាន​ប្រជាប្រិយភាព​ ហើយ​បើ​ខ្ញុំ​បាន​ឈរ​ឈ្មោះ​គណបក្ស​ប្រជាជន នឹង​ឈ្នះ​ការ​បោះ​ឆ្នោត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ត្រែង​ លោក រ៉ាន់ កុង មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា មូលហេតុ​ដែល​មិន​ដាក់​ឲ្យ​លោក​ សៅ សុខ ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​​ ដោយសារ​ពលរដ្ឋ​មិន​គាំទ្រ​ឲ្យ​លោក​ឈរ​ឈ្មោះ៖ «បើ​គាត់​ល្អ​មិន​ដែន​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ឲ្យ​គាត់​ឈរ​ឈ្មោះ​ទេ។ មាន​ពី​ណា​គេ​ដាក់​ឈ្មោះ​គាត់​កើត បើ​ពលរដ្ឋ​មិន​បោះ​ឆ្នោត​ឲ្យ​គាត់​ផង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ករណី​នេះ​ប្រហែល​ដោយសារ​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច​​ស្រុក​រតនៈមណ្ឌល មើល​ឃើញ​ថា ​ក្រុម​ប្រឹក្សា​ឃុំ​រូប​នេះ​គ្មាន​ប្រយោជន៍​សម្រាប់​គណបក្ស​ដើម្បី​ទាញ​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ៖ «ហើយ​បើ​សិន​ជា​ឲ្យ​ឈរ​ទៀត​នឹង​ធ្វើ​បក្ស​បាត់បង់​អំណាច​ ដូច្នេះ​បក្ស​គេ​នឹង​មិន​ឲ្យ​គាត់​ឈរ​ឈ្មោះ​ទេ។ អ៊ីចឹង​រឿង​នេះ​វា​មិន​ចម្លែក​​ទេ តែ​ប្រហែល​ជា​គាត់​មិន​យល់​ខ្លួន​ឯង​ថា គាត់​នៅ​មាន​តម្លៃ ឬ​គ្មាន​តម្លៃ​នៅ​ក្នុង​បក្ស​តទៅ​ទៀត»

​​​​​​​​​​​​​​​​​​​​​សកម្មជន​បក្ស​ប្រឆាំង​ដែល​ឈរ​ឈ្មោះ​ជំនួស​នោះ​ ដើម​ឡើយ​ជា​មនុស្ស​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ត្រែង។ ទោះ​ជា​យ៉ាង​ណា លោក​​មិន​ទាន់​បាន​លាលែង​ពី​គណបក្ស​នេះ​​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

ក្រុម​ប្រឹក្សា​ឃុំ​ដែល​ជិត​ផុត​អាណត្តិ​រូប​នេះ​ អះអាង​ថា​ មូលហេតុ​ដែល​មេ​ឃុំ​ និង​អាជ្ញាធរ​ស្រុក​​មិន​ឲ្យ​​​រូប​លោក​​ឈរ​ឈ្មោះ​បោះឆ្នោត ដោយសារ​គេ​មិន​ពេញ​ចិត្ត​រឿង​លោក​ចេញ​មុខ​តាម​ទូរទស្សន៍​ញឹកញាប់ ដែល​ជា​ឆ្អឹង​ទទឹង​ក​ធ្វើ​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក​មិន​សប្បាយចិត្ត។ ការ​បោះឆ្នោត​អាណត្តិ​កន្លង​ទៅ​ ​ឃុំ​ត្រែង មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៩​នាក់​ គឺ​មកពី​បក្ស​កាន់​អំណាច ៨​នាក់ និង​​បក្ស​ប្រឆាំង​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles