Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពុទ្ធសាសនិកជន​ទូទាំង​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា

$
0
0

ពុទ្ធសាសនិកជន​នៅ​ទូទាំង​សកលលោក រួម​ទាំង​កម្ពុជា ផង តែង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ​នៅ​រៀង​រាល់​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​ពិសាខ គឺ​បុណ្យ​វិសាខ​បូជា ឬ​ពិសាខ​បូជា។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​ពុទ្ធសាសនិក​ចាត់​ទុក​ថា ជា​បុណ្យ​មាន​សារសំខាន់​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​មួយ​ចំនួន​ក្នុង​ព្រះពុទ្ធ​សាសនា ដ្បិត​បាន​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​បី​នៃ​សម័យ​កាល​ព្រះពុទ្ធ​អង្គ។

ពុទ្ធសាសនិក​ខ្មែរ​ទូទាំង​ប្រទេស ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ​នៅ​តាម​ទី​វត្ត​អារាម​រៀងៗ​ខ្លួន។ តាម​ទី​វត្ត​អារាម​ជាច្រើន បាន​រៀបចំ​ឲ្យ​មាន​ការ​ហែ​ក្បួន​ដោយ​ក្រុម​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ។

វត្ត​ឧណ្ណាលោម ក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ហែ​ក្បួន​ប្រារព្ធ​ពិធី​នេះ​ដែរ។ ព្រះសង្ឃ ពុទ្ធសាសនិក និង​ក្រុម​និស្សិត បាន​ជួប​ប្រជុំ​គ្នា ហើយ​ចាប់​ផ្ដើម​ហែ​ក្បួន​នៅ​ពេល​រសៀល នៅ​ក្រោយ​ពេល​សូត្រ​រំឭក​ព្រះ​គុណ​ព្រះសម្មាសម្ពុទ្ធ និង​លើក​ពី​អត្ថន័យ​នៃ​ទង់​ព្រះពុទ្ធ​សាសនា។

ព្រះ​លេខា​វត្ត​ឧណ្ណាលោម ព្រះតេជព្រះគុណ សៀរ ភារ៉ា មាន​ថេរ​ដីកា​ថា ពិធី​បុណ្យ​នេះ​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យ​កាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើត​ឡើង​នៅ​ចំ​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ៖ «ទាក់ទង​នឹង​ការ​កកើត​ឡើង​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង និង​កាល​ដែល​ព្រះអង្គ​បាន​ត្រាស់ និង​ថ្ងៃ​ដែល​ព្រះអង្គ​បរិនិព្វាន គឺ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ជា​ថ្ងៃ​ពេញ​បូណ៌មី​ក្នុង​ខែ​ពិសាខ ដូច​គ្នា ទើប​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទាំងអស់​ចាត់​ទុក​ថ្ងៃ​នេះ​ថា​វិសេសវិសាល​បំផុត ហើយ​ជា​ថ្ងៃ​ដែល​ត្រូវ​រំឭក​នឹក​ដល់​គុណ​ព្រះសម្មាសម្ពុទ្ធ​នៃ​យើង»

នៅ​កម្ពុជា ការ​រាប់​ព្រះពុទ្ធ​សករាជ នឹង​ចាប់​ផ្ដើម​នៅ​មួយ​ថ្ងៃ​ក្រោយ​ពិធី​បុណ្យ​ពិសាខ​បូជា​នេះ ពោល​គឺ​ចាប់​ផ្ដើម​រាប់​សករាជ​ថ្មី​នៅ​ថ្ងៃ​១​រោច ខែ​ពិសាខ។

ទាក់ទិន​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ ពុំ​មាន​ឯកសារ​ណា​បញ្ជាក់​ថា ពុទ្ធសាសនិកជន​ខ្មែរ​បាន​ចាប់​ផ្ដើម​ធ្វើ​ពិធី​នេះ​នៅ​ត្រឹម​ណា​ពិត​ប្រាកដ​ឡើយ គឺ​គ្រាន់​តែ​មាន​ការ​សន្និដ្ឋាន​ថា អាច​មាន​អាយុកាល​យូរ​លង់​ហើយ​ដែរ។

ព្រះតេជព្រះគុណ ព្រឹម ហួន មាន​ថេរ​ដីកា​ថា ពុទ្ធសាសនិក​តែង​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ​នៅ​តាម​ទី​វត្ត​អារាម ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​សូត្រ​មន្ត​តាម​ព្រះពុទ្ធ​សាសនា៖ «ពុទ្ធបរិស័ទ ព្រះសង្ឃ តែងតែ​ជួប​ជុំ​គ្នា​ប្រារព្ធ​កម្មវិធី​ដូចជា​ហែ​ក្នុង​ពេល​នេះ​ចឹង ហើយ​បន្ទាប់​មក គឺ​មាន​បំភ្លឺ​នូវ​ប្រទីប​ជ្វាលា ដុត​ធូប និង​សូត្រ​ធម៌​បទ​នៅ​ក្នុង​ព្រះវិហារ»

នៅ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ មាន​ចង​បដា​ស្វាគមន៍​បុណ្យ​វិសាខ​បូជា មាន​ដាក់​បង្ហាញ​រូបភាព​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត ទ្រង់​ត្រាស់​ដឹង និង​ចូល​បរិនិព្វាន។ ចំណែក​នៅ​តាម​ខេត្ត​មួយ​ចំនួន ក៏​ប្រារព្ធ​ពិធី​នេះ​អធិកអធម​ដែរ ជាពិសេស​គឺ​នៅ​ខេត្ត​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ ជាដើម។ នៅ​ខេត្ត​បន្ទាយមានជ័យ ព្រះសង្ឃ រួម​នឹង​អាជ្ញាធរ​ខេត្ត បាន​ដាក់​បង្ហាញ​ផ្ទាំង​រូបភាព​ធំ ឬ​ហៅ​ថា​ប៉ាណូ កាត់​ទទឹង​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សិរីសោភ័ណ។ រូបភាព​នៅ​លើ​ផ្ទាំង​ប៉ាណូ​មាន​បង្ហាញ​អត្ថន័យ ៣​យ៉ាង​របស់​ព្រះពុទ្ធ គឺ​ព្រះពុទ្ធ​ទើប​ប្រសូត រូប​ព្រះអង្គ​ត្រាស់​ដឹង និង​រូប​បរិនិព្វាន ដែល​មាន​ព្រះសង្ឃ​សាវក​ជាច្រើន​អង្គ​គង់​ហែហម​ជុំវិញ​ព្រះពុទ្ធ​អង្គ។

ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​មាន​ជំនឿ​ខាង​ព្រះពុទ្ធ​សាសនា​ក្នុង​ខេត្ត​នេះ យល់​ឃើញ​ថា ការ​បិទ​រូប​ព្រះពុទ្ធ​សាសនា​តាម​ដង​ផ្លូវ គឺ​ជា​ការ​ទាក់ទាញ​ទឹក​ចិត្ត​របស់​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ងាក​មក​គោរព​សាសនា និង​រួម​គ្នា​ធ្វើ​តែ​អំពើ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ។

ពុទ្ធសាសនិក​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ អ្នក​នាង ហ៊ៅ សុភេន ដែល​ចូលរួម​ហែ​ក្បួន​នៅ​វត្ត​ឧណ្ណាលោម ថ្លែង​ថា ជា​ពុទ្ធសាសនិក គឺ​តែង​ចាត់​ទុក​ពិធី​បុណ្យ​វិសាខ​បូជា ថា​ជា​ពិធី​បុណ្យ​សំខាន់​ដែល​ត្រូវ​ចូលរួម​ដោយ​ចិត្ត​ជ្រះ​ថ្លា៖ «ពុទ្ធបរិស័ទ​ខ្មែរ ត្រូវ​ចូលរួម​កម្មវិធី​ដើម្បី​រំឭក​ដល់​គុណ​ព្រះអង្គ ដែល​ព្រះអង្គ​បរិនិព្វាន​ទៅ ហើយ​ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​យើង​ឲ្យ​បាន​តាំង​នៅ​គ្រប់ ៥​ពាន់​ព្រះវស្សា»

បុណ្យ​វិសាខ​បូជា ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ប្រកាស​ទទួល​ស្គាល់​ថា ជា​ទិវា​បុណ្យ​អន្តរជាតិ​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​ប្រទេស​ដែល​គោរព​ព្រះពុទ្ធ​សាសនា​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​វិសាខ​បូជា​ជា​សកល ដែល​មាន​ឈ្មោះ​ថា «យូ.អ៊ិន-វិសាខ ឬ​វិសាខ​បូជា​នៃ​អង្គការ​សហប្រជាជាតិ» ដោយ​មាន​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ​ប្រចាំ​ឆ្នាំ​នៅ​រៀង​រាល់​ថ្ងៃ​វិសាខ​បូជា​ម្ដងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles