សហភាពការងារកម្ពុជា និងក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានស្នើឲ្យស្ថាប័នពាក់ព័ន្ធជំរុញទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រួល និងផ្ដល់ឲ្យកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស និងពលករកំពុងបម្រើការនៅប្រទេសថៃ បានទៅចូលរួមបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចូលមកដល់នៅថ្ងៃទី៤ មិថុនា ខាងមុខ។
មន្ត្រី គ.ជ.ប នឹងពិចារណាចំពោះការស្នើសុំរបស់សហភាពការងារកម្ពុជា លើការស្នើណាមួយដែលជាការបង្កលក្ខណៈឲ្យមានការចូលរួមបោះឆ្នោតកាន់តែច្រើន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃទី១០ ឧសភា ថា ទោះជាភាគីណាក៏ដោយដែលស្នើឲ្យ គ.ជ.ប ជួយសម្រួលដើម្បីជាការផ្ដល់ឱកាសឲ្យកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស និងពលករកំពុងបម្រើការនៅប្រទេសថៃ បានទៅចូលរួមបោះឆ្នោតច្រើននោះ វាជាការប្រសើរ។ លោកបញ្ជាក់ថា គ.ជ.ប នឹងពិនិត្យពិចារណាបើមានការស្នើសុំណាមួយជាមួយសមាជិកក្នុងគណៈកម្មាធិការ៖ «ទី១ គ.ជ.ប អត់ទាន់បានទទួលលិខិតហ្នឹងទេ បើសិនជាទទួលបាន គ.ជ.ប នឹងធ្វើការពិចារណា ហើយការសម្រេចចិត្តផ្សេងៗ គឺផ្អែកទៅលើសមាជិក ៩នាក់ដែលជាសមាសភាពរបស់ គ.ជ.ប។ គ.ជ.ប មិនមានបញ្ហាចោទទេ បើសិនជាមានការចូលរួម ហើយបង្កលក្ខណៈ ឬក៏ចាត់យ៉ាងណាឲ្យមានការចូលរួមបោះឆ្នោតច្រើន គឺ គ.ជ.ប មានការចូលរួមអបអរទៅវិញទេ»។
ការថ្លែងរបស់លោក ហង្ស ពុទ្ធា បន្ទាប់ពីសហភាពការងារកម្ពុជា ដាក់លិខិតស្នើទៅប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក សហការជាមួយក្រសួងការងារ ជួយសម្រួលផ្ដល់ថ្ងៃឈប់សម្រាកចំនួន ២ថ្ងៃបន្ថែមទៀត គឺថ្ងៃទី៣ និងថ្ងៃទី៥ ខែមិថុនា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា យោងតាមការជួបប្រជុំ និងស្ទង់មតិជាមួយកម្មករ ពួកគេភាគច្រើនចង់បានការឈប់លើសថ្ងៃឈប់សម្រាក គឺថ្ងៃអាទិត្យ ទី៤ មិថុនា ដែលជាថ្ងៃបោះឆ្នោត ចំនួន ២ថ្ងៃបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅខេត្ត។ លោកបន្តថា កម្មករថាបើសិនជាមានគោលការណ៍ឲ្យឈប់សម្រាកបន្ថែមនោះ ឬម្ចាស់រោងចក្រសហគ្រាសផ្ដល់ឲ្យសម្រាកលើសពី ១ថ្ងៃ ពួកគេនឹងមានឱកាសទៅបោះឆ្នោតច្រើន៖ «ជារៀងរាល់ឆ្នាំ ក្រសួងការងារ បានចេញលិខិតយោងលិខិតរបស់ គ.ជ.ប។ កាលពីស្នើឲ្យកម្មករទៅចូលរួមចុះឈ្មោះនោះ គឺយើងបានដាក់ស្នើទៅក្រសួងការងារ ប៉ុន្តែក្រសួងបានបញ្ជាក់ថា ទាល់តែមានការស្នើពី គ.ជ.ប ទើបក្រសួងមានហេតុផលដើម្បីស្នើឲ្យម្ចាស់រោងចក្រ គាត់ផ្អាកសកម្មភាព។ ហេតុនេះហើយបានជាយើងដាក់ទៅ គ.ជ.ប ដើម្បីឲ្យជជែកពិភាក្សាជាមួយក្រសួងការងារ ចេញលិខិតឲ្យកម្មករបានឈប់សម្រាកបានទៅបោះឆ្នោតផង»។
អង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា កម្មករក្នុងវិស័យវាយនភ័ណ្ឌ និងស្បែកជើងនៅកម្ពុជា មានជិត ៧០ម៉ឺននាក់គិតត្រឹមចុងឆ្នាំ២០១៥។
ទាក់ទងទៅនឹងបញ្ហានេះដែរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តាមរយៈរដ្ឋសភា ក៏បានផ្ញើលិខិតជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដោយសុំឲ្យជួយអន្តរាគមន៍ឲ្យពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ បានចូលរួមបោះឆ្នោត។
លិខិតដដែលបានឲ្យដឹងថា ពលករខ្មែរនៅប្រទេសថៃ មានបញ្ហាប្រឈមជាច្រើនដូចជា មានការលំបាកក្នុងការសុំច្បាប់ពីថៅកែថ្ងៃបោះឆ្នោត។ អាជ្ញាធរតាមច្រកព្រំដែន បង្កការលំបាកធ្វើឲ្យយឺតយ៉ាវដល់ពលករ បង្កឲ្យមានការខកខាននៅក្នុងការបោះឆ្នោតទាន់ពេលវេលា។ ទិដ្ឋាការការងាររបស់ពលករខ្មែរដែលជាប្រភេទទិដ្ឋាការអាចចេញចូលបានច្រើនដងនោះ មានតម្លៃខ្ពស់រហូតដល់ ៣.៩០០បាត ឬជាង ១០០ដុល្លារ (១១២,១៣៣ដុល្លារ) ដែលបង្កការលំបាកចំពោះពលករក្នុងការធ្វើដំណើរទៅមក ដើម្បីមកចូលរួមការបោះឆ្នោត។ ពលករខ្មែរដែលមានប័ណ្ណពណ៌ស៊ីជម្ពូ មានការលំបាកក្នុងការចាកចេញពីប្រទេសថៃ ព្រោះពួកគេជាពលករពុំមានលក្ខណៈស្របច្បាប់ឡើយ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ព្រួយបារម្ភថា បើសិនពុំមានការជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់ទាន់ពេលវេលាទេនោះ ពួកគាត់នឹងត្រូវបាត់បង់ឱកាសចូលរួមបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
មន្ត្រីទទួលបន្ទុកពលករចំណាកស្រុកក្រសួងមហាផ្ទៃ ឲ្យដឹងថា របាយការណ៍នៅឆ្នាំ២០១៦ មានពលករកំពុងបំពេញការងារនៅប្រទេសថៃ ប្រមាណជាង ១លាននាក់ ក្នុងនោះមាន ៣៦ម៉ឺននាក់ពុំមានឯកសារច្បាប់ត្រឹមត្រូវ៕