គិតត្រឹមថ្ងៃទី១០ ខែឧសភា នេះ គឺជាខួប ១០ខែគត់នៃឃាតកម្មលើអ្នកវិភាគសង្គម និងនយោបាយដ៏មានប្រជាប្រិយ គឺលោកបណ្ឌិត កែម ឡី។ ក្នុងសំណុំរឿងនៃបទឧក្រិដ្ឋនេះ គឺមានមនុស្សតែម្នាក់ប៉ុណ្ណោះដែលត្រូវបានតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ក្រោយពេលសាលក្រមត្រូវគេប្រកាសជាសាធារណៈភ្លាម មានអង្គការ និងសមាគមប្រមាណ ៦០ស្ថាប័ន បានទាមទារឲ្យតុលាការក្រុងភ្នំពេញ បើកការស៊ើបអង្កេត និងជំនុំជម្រះឡើងវិញដែរ។
ថ្វីបើសាលក្រមបានចូលជាស្ថាពរ និងបើកផ្លូវប្ដឹងឧទ្ធរណ៍ប្រឆាំងសេចក្ដីសម្រេចនេះក៏ដោយចុះ សំណុំរឿងនេះ ទាំងក្រុមគ្រួសារ និងអ្នកឃ្លាំមើលសង្គម យល់ឃើញថា ពន្លឺនៃយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី អស់ពេល ១០ខែមកហើយនេះ គឺមិនទាន់មាននៅឡើយទេ។
សមាជិកគណៈកម្មការរៀបចំចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី គឺលោក សៅ កុសល ឲ្យដឹងថា ការផ្ដន្ទាទោសត្រឹមទណ្ឌិត អឿត អាង ហៅ ជួប សម្លាប់ នេះ គឺមិនទាន់អាចផ្ដល់យុត្តិធម៌ពេញលេញ និងគ្រប់គ្រាន់នៅឡើយទេសម្រាប់ក្រុមគ្រួសារជនរងគ្រោះ។ លោកបន្តថា រឿងក្ដីនេះ លោកជឿថានៅមានអ្នកពាក់ព័ន្ធ និងអ្នកប្រព្រឹត្តិផ្ទាល់ ដែលតុលាការមិនទាន់អាចបើកផ្លូវកាត់ទោសបាននៅឡើយ។ មិនតែប៉ុណ្ណោះ ករណីលោកបណ្ឌិត កែម ឡី នេះ ទំនងមិនខុសពីឃាតកម្មលើសកម្មជនមុនៗដទៃទៀតប៉ុន្មាននោះឡើយ។ លោកបន្តថា «នេះយើងមានឧទាហរណ៍ជាក់ស្ដែងមួយចំនួនរួចហើយ ដូចជាករណីលោក ជា វិជ្ជា ប្រធានសហជីពកម្មករ កន្លងមកឃើញថាយកអ្នកនេះយកអ្នកនោះធ្វើឃាតកដាក់គុក ប៉ុន្តែធាតុពិត វាមិនមែនជាឃាតកពិតប្រាកដ»។
នៅថ្ងៃទី១០ ខែឧសភា ដែលជាខួប ១០ខែនៃឃាតកម្មនេះ គឺពុំមានឃើញក្រុមអង្គការ សមាគម ឬក្រុមគ្រួសារ ប្រារព្ធពិធីរំឭកខួបនៃការបាញ់សម្លាប់នៅតាមទីតាំងសំខាន់ៗ ដូចជាទីតាំងដែលឃាតកបាញ់ប្រហារ កន្លែងតម្កល់សព និងទីតាំងបញ្ចុះសពនៅស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី ទេ។
បច្ចុប្បន្ន រឿងក្ដីនេះកំពុងស្ថិតនៅក្នុងដៃនៃចៅក្រមស៊ើបសួរ គឺលោក សេង លាង នៅឡើយ ក្រោយពីរឿងក្តីនេះ ត្រូវបានតុលាការបំបែកជាពីរ ក្រោយប្រកាសសាលក្រមរួចកាលពីថ្ងៃទី១ ខែមីនា។
មន្ត្រីនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក លី សុផាណា ធ្លាប់អះអាងថា តុលាការកំពុងបន្តសាកសួរអ្នកពាក់ព័ន្ធដទៃទៀត ដែលតុលាការបានបំបែកសំណុំរឿងនេះហើយ។ ប៉ុន្តែតុលាការស្នើសុំរក្សាការសម្ងាត់ ព្រោះនាំឲ្យប៉ះពាល់ចំពោះការស៊ើបអង្កេតរបស់តុលាការ។
បើទោះជារឿងនេះ តុលាការក្រុងភ្នំពេញបានចោទប្រកាន់ និងដាក់រឿងក្តីនេះឲ្យស្ថិតក្រោមយុត្តាធិការរបស់តុលាការក៏ដោយចុះ ស្របពេលខួប ១០ខែគត់នៅថ្ងៃនេះនៃឃាតកម្មកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកស្រី ប៊ូ រចនា បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (facebook) របស់លោកស្រី ក្រៅពីរៀបរាប់ទុក្ខសោក និងការឈឺចាប់ហើយ បន្ថែមពីលើនេះ លោកស្រីបានចោទជាសំណួរថា តើលោកបណ្ឌិត កែម ឡី បានធ្វើអ្វីខុសលើគ្រួសារឃាតក?
ដោយឡែកក្រុមអង្គការមិនមែនរដ្ឋាភិបាលវិញ ក៏នៅមិនទាន់ស្ងប់ចិត្តនៅពេលតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារទណ្ឌិត អឿត អាង នេះនៅឡើយដែរ ហើយក្រុមស្ថាប័នមិនមែនរដ្ឋាភិបាលទាំងនេះ បានទាមទារឲ្យតុលាការសើរើរឿងក្តីនេះឡើងវិញ។
យ៉ាងនេះក្ដី អ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក លី សុផាណា អះអាងកាលពីថ្ងៃទី៤ ឧសភា ថា សំណុំរឿងនៃបទឧក្រិដ្ឋនេះ តុលាការបានបំបែក និងបន្តស៊ើបអង្កេតទៀត ហើយមិនទាន់បិទបញ្ចប់នៅឡើយទេ។ នៅពេលសាលក្រមផ្ដន្ទាទោស ជួប សម្លាប់ ចូលជាស្ថាពរកាលពីថ្ងៃទី២០ មេសា មេធាវីការពារក្ដីឲ្យទណ្ឌិតរូបនេះ គឺលោក យុង ផានិត បានប្ដឹងឧទ្ធរណ៍ប្រឆាំងសេចក្ដីរបស់តុលាការក្រុងភ្នំពេញ។ ប៉ុន្តែមេធាវីរូបនេះ នៅមិនទាន់ប្រាកដនៅឡើយទេថា តើលោកនៅអាចមានសិទ្ធិការពារក្តីឲ្យ ជួប សម្លាប់ ក្នុងដំណាក់ឧទ្ធរណ៍ទៀតដែរឬយ៉ាងណានោះឡើយ ព្រោះការតែងតាំងជាមេធាវីដោយគណៈមេធាវី បានបញ្ចប់អាណត្តិត្រឹមសវនាការលើអង្គសេចក្ដីរួចទៅហើយ។ លោកបន្តថា «ខ្ញុំការពារគាត់តាមនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយនីតិវិធីហ្នឹងចប់តួនាទី ឬចប់បេសកកម្មរបស់ខ្ញុំត្រឹមដាក់បណ្ដឹងឧទ្ធរណ៍។ នៅពេលដែលដំណើរការនីតិវិធីបន្តសាលាឧទ្ធរណ៍ ជនត្រូវចោទ ឬសាលាឧទ្ធរណ៍ ត្រូវសុំមេធាវីទៅគណៈមេធាវីម្ដងទៀត។ ហើយគណៈមេធាវីដែលមានប្រធានគណៈមេធាវី គាត់ត្រូវជ្រើសរើសមេធាវីម្នាក់ដើម្បីការពារ»។
អាស៊ីសេរី ពុំអាចសុំការបំភ្លឺជុំវិញរឿងនេះពីគណៈមេធាវីបានភ្លាមៗទេ នៅថ្ងៃទី១០ ឧសភា។
ពេលនេះ ទិដ្ឋភាពនៅទីតាំងបាញ់ប្រហារលោកបណ្ឌិត កែម ឡី ត្រង់ហាងស្តារម៉ាត (Star Mart) ស្តុបបូកគោកាល់តិច (Caltex) គឺមានសភាពធម្មតា។ សង្កេតឃើញថា មានពលរដ្ឋចេញចូលទិញទំនិញ និងសម្ភារប្រើប្រាស់ជាហូរហែដូចមុនថ្ងៃបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែរ។ ដោយឡែកចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី ដែលគ្រោងនឹងបុកគ្រឹះសាងសង់នៅដើមខែឧសភា នេះ ត្រូវពន្យារពេលទៅថ្ងៃទី១០ ខែកក្កដា វិញ។
ទាក់ទិនរឿងនេះ លោក សៅ កុសល បញ្ជាក់ថា មូលហេតុដែលចេតិយមិនទាន់ធ្វើតាមផែនការនេះ ដោយសារថ្ងៃទី១ ខែឧសភា ជាថ្ងៃមិនល្អ ហើយម្យ៉ាងទៀត ការជ្រើសរើសយកថ្ងៃទី១០ ខែកក្កដា គឺចង់ធ្វើឲ្យចំថ្ងៃដែលឃាតកបាញ់សម្លាប់អ្នកវិភាគសង្គម និងនយោបាយដ៏មានប្រជាប្រិយនេះតែម្ដង។ អំពើឃាតកម្មនៅចំកណ្ដាលទីក្រុងភ្នំពេញទាំងព្រឹកព្រលឹមនេះ បានជំរុញឲ្យកូនៗ និងប្រពន្ធលោកបណ្ឌិត កែម ឡី ត្រូវភៀសខ្លួនសុំសិទ្ធិជ្រកកោនទៅប្រទេសទីបី៕