ក្រសួងការពារជាតិ ប្រកាសនៅថ្ងៃទី១០ ឧសភា ថា យោធិនរបស់កម្ពុជា ដែលជាកងរក្សាសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្ដាល ហើយត្រូវបានវាយប្រហារដោយពួកឧទ្ទាមនោះ គឺបានស្លាប់ ៤នាក់ហើយ។ យោធិនដែលជាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពលីទាំង ៤នាក់នោះ គឺ ២នាក់មានទីលំនៅក្នុងទីក្រុងភ្នំពេញ ម្នាក់នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងម្នាក់ទៀតនៅស្រុកជីក្រែង ខេត្តសៀមរាប។
ក្រុមគ្រួសាររបស់យោធិនកម្ពុជា ម្នាក់នៅខេត្តសៀមរាប ក្នុងចំណោមយោធិនដែលជាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពលីនៅប្រទេសអាហ្វ្រិកកណ្ដាល ដោយសារតែពួកឧទ្ទាមវាយប្រហារសម្លាប់នោះ បានអំពាវនាវសុំឲ្យរដ្ឋាភិបាលជួយជ្រោមជ្រែងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេឲ្យបានសមរម្យ បន្ទាប់ពីប្ដីរបស់គេបានស្លាប់ទៅ ហើយពុំមានអ្នកជំហរទីពឹងតទៅទៀត។
ភរិយារបស់យោធិនពលីឈ្មោះ អ៊ឹម សំ នៅភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប គឺលោកស្រី តាន់ ភារ័ត្ន។ លោកស្រីមានប្រសាសន៍ទាំងក្ដុកក្ដួលនៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ថា នាងបានរៀបការជាមួយប្ដីរយៈពេល ៤ឆ្នាំហើយ ដោយបង្កើតបានកូនប្រុសម្នាក់អាយុ ៣ឆ្នាំ។
តាំងពីរៀបការរួចមក ប្ដីរបស់នាងមិនសូវបានរស់នៅជួបជុំប្រពន្ធកូនទេ ដោយសារតែគាត់ធ្វើទាហានកងវិស្វកម្ម ហើយចេញទៅបំពេញបេសកកម្មជាកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី និងអាហ្វ្រិកកណ្ដាល រហូតមក។
លោកស្រី តាន់ ភារ័ត្ន បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ជីវភាពគ្រួសាររបស់នាងមិនធូរធារទេ ដោយមានរបរលក់ដូរតិចតួចនៅក្នុងផ្សារកំពង់ក្ដី ហើយនៅពេលដែលប្ដីរបស់នាងស្លាប់ទៅទៀតនេះ កាន់តែធ្វើឲ្យនាងព្រួយបារម្ភអំពីជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងខ្វល់ខ្វាយពីអនាគតកូនប្រុសតូចម្នាក់ មិនដឹងថាបានរៀនសូត្រល្អដូចគេ ឬក៏យ៉ាងណាទេ?៖ «ខ្ញុំចង់ឃើញមុខប្ដីរបស់ខ្ញុំជាចុងក្រោយ ពីព្រោះខ្ញុំមិនសូវដែលបានរស់នៅជាមួយគ្នាផង។ សូម្បីតែប្ដីក៏មិនដែលបានឃើញមុខកូនទេ តើឲ្យខ្ញុំសង្ឃឹមអ្វីទៀត»។
លោកស្រី តាន់ ភារ័ត្ន បានទទួលដំណឹងពីអង្គភាពវិស្វកម្មដែលប្រាប់ថា ប្ដីរបស់នាងឈ្មោះ អ៊ឹម សំ អាយុ ៣៥ឆ្នាំ បានស្លាប់ដោយសារតែពួកឧទ្ទាមវាយប្រហារនៅប្រទេសអាហ្វ្រិកកណ្ដាល រយៈពេល ១ថ្ងៃក្រោយពីហេតុការណ៍នោះកើតឡើង។
ឪពុកក្មេករបស់យោធិនពលី លោក តាន់ សេដ្ឋា ឲ្យដឹងថា ថ្វីត្បិតតែកូនប្រសារបស់លោកចេញទៅបំពេញបេសកកម្មជាកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេសរយៈពេល ៤ឆ្នាំមកហើយមែន ក៏ប៉ុន្តែជីវភាពកូនស្រីរបស់គាត់មិនធូរធារទេ គឺពួកគេមិនទាន់មានផ្ទះរស់នៅដោយខ្លួនឯងឡើយ។ លោក តាន់ សេដ្ឋា ព្រួយបារម្ភអំពីស្ថានភាពរស់នៅរបស់កូនស្រី ដែលធ្លាក់ខ្លួនមេម៉ាយ ព្រមទាំងចៅប្រុសអាយុ ៣ឆ្នាំម្នាក់ផង៖ «កូននិយាយជាមួយចៅខ្ញុំថា ប៉ាល្ងង់ ប៉ាខំតស៊ូមានតែកម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីរកលុយយកមកឲ្យកូនរៀន ប៉ុន្តែក្តីប្រាថ្នារបស់គេត្រូវបានបញ្ចប់ហើយ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១០ ឧសភា ថា រហូតមកដល់ពេលនេះ យោធិនកម្ពុជា ៣នាក់ដែលបាត់ខ្លួននោះបានស្លាប់ហើយ បណ្ដាលឲ្យចំនួនយោធិនកម្ពុជា ដែលស្លាប់បានកើនឡើងទៅដល់ ៤នាក់ និងម្នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីវិលត្រឡប់ពីបំពេញភារកិច្ចនៅតំបន់ Rafai ភូមិ Yogofongo នៃប្រទេសអាហ្វ្រិកកណ្ដាល ហើយត្រូវក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ ពួនស្ទាក់វាយប្រហារមកលើក្បួនរថយន្តកាលពីថ្ងៃទី៨ ខែឧសភា។
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ មានប្រសាសន៍ថា នៅពេលនេះ អាជ្ញាធរខេត្តនៅមិនទាន់បានជួយអ្វីទៅដល់គ្រួសារយោធិនពលីនៅឡើយទេ ក្រៅតែពីសហការជាមួយអភិបាលស្រុកជីក្រែង ទៅរៀបចំទីធ្លាសម្រាប់ទទួលសាកសព ដើម្បីត្រៀមខ្លួនចូលរួមគោរពវិញ្ញាណក្ខន្ធនោះ។ ចំណែកប្រមុខរដ្ឋាភិបាលកម្ពុជា ក៏នៅមិនទាន់ឲ្យដឹងពីគោលការណ៍ថា តើនឹងជួយជ្រោមជ្រែងអ្វីខ្លះដល់គ្រួសារយោធិនពលីទាំង ៤នាក់នោះនៅឡើយដែរ?៕