ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយនាមូលដ្ឋាននេះ បានរួមគ្នាប្រារព្ធពិធីបុណ្យវិសាខបូជាតាមបែបព្រះពុទ្ធសាសនា ដោយមានប្រជាពលរដ្ឋ ឬពុទ្ធបរិស័ទម្នាក់ៗបានបួងសួងសុំសេចក្តីសុខជូនគ្រួសារ និងសង្គមជាតិ។
ពុទ្ធសាសនិកមានវ័យចំណាស់ៗ ក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិនានា ជួយបន្ទន់ចិត្តមនុស្ស ឬបុគ្គលធ្លាប់ប្រព្រឹត្តសកម្មភាពអាក្រក់ ឲ្យងាកមកធ្វើអំពើល្អ ដើម្បីរួមចំណែកថែរក្សាអភិវឌ្ឍប្រទេសជាតិឲ្យថ្កុំថ្កើង និងមានសុខសន្តិភាពជារៀងរហូតទៅ។
ថ្ងៃ១៥កើត ខែពិសាខ ដែលត្រូវចំថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧ ជាទិវាដែលពុទ្ធសាសនិកជននៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយនេះមិនដែលខកខានទេ គឺបុណ្យវិសាខបូជា។ បុណ្យវិសាខបូជានេះ មានការចាប់អារម្មណ៍ជាលក្ខណៈអន្តរជាតិ រហូតឈានដល់អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់ថា វិសាខបូជា គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិ នៅទូទាំងពិភពលោកថែមទៀត។
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺប៉ះចំថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ បានកើតឡើងនៅចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។
ងាកមកខេត្តព្រះសីហនុ ឯណោះវិញ បុណ្យវិសាខបូជានេះ រដ្ឋបាលខេត្តនេះក៏បានរៀបចំធ្វើពិធីដើរហែក្បួនតាមផ្លូវសាធារណៈ ចាប់ពីចំណុចរង្វង់មូលតោពីរ តាមផ្លូវសំខាន់ៗនានា មានផ្លូវឯករាជ្យ ជាដើម ឆ្ពោះទៅកាន់វត្តឥន្ទញ្ញាណ ហៅវត្តក្រោម ដោយមានរៀបចំធ្វើរូបគំនូរផ្សេងៗទាក់ទងនឹងពិធីបុណ្យវិសាខបូជា តាមបែបព្រះពុទ្ធសាសនានេះផង។
បុណ្យនេះ បានរៀបចំធំជាផ្លូវការនៅទីតាំងវត្តឥន្ទញ្ញាណ ដោយមានថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ចូលរួម។ ពិធីនេះ ក៏មានការដាក់តាំងផ្ទាំងប៉ាណូ ឬផ្ទាំងគំនូរផ្សេងៗនៅតាមផ្លូវសាធារណៈសំខាន់ៗទាក់ទងប្រវត្តិនៃព្រះពុទ្ធសាសនា ឬប្រវត្តិនៃពិធីបុណ្យវិសាខបូជានេះដែរ ហើយការដាក់តាំងផ្ទាំងគំនូរទាក់ទងបុណ្យវិសាខបូជានៅតាមផ្លូវសាធារណៈ ជំនួសឲ្យផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀ ឬផ្ទាំងផ្សាយពាណិជ្ជកម្មទីតាំងល្បែងស៊ីសងនាពេលកន្លងមកនៅតាមផ្លូវសាធារណៈនេះ បានទទួលការស្វាគមន៍ និងគាំទ្រពីប្រជាពលរដ្ឋផងដែរ។
ទាក់ទិនបុណ្យវិសាខបូជានេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបួងសួងឲ្យប្រជាពលរដ្ឋមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ទាំងមូលមានសុខភាពល្អ និងការរស់នៅរីកចម្រើនគ្រប់ក្រុមគ្រួសារ។ ជាងនេះ លោកក៏ស្នើឲ្យប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ឲ្យបន្តចូលរួមសហការលើការងារអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យរីកចម្រើនថែមទៀតនាថ្ងៃអនាគត។
លោក យន្ត មីន ឆ្លៀតរំឭកដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមពិធីបុណ្យវិសាខបូជា ដែលកម្ពុជា តែងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ឲ្យស្ថិតក្នុងបេះដូងរបស់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូបជារៀងរហូត ហើយលោកអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវងាកមកចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល មានការរីកចម្រើននាថ្ងៃខាងមុខ ដើម្បីមានឱកាសដើរធ្វើបុណ្យទានរួមគ្នាជាបន្តទៀត៖ «យើងដឹងហើយថា បើប្រទេសជាតិគ្មានសន្តិភាពនោះ គឺយើងរាល់គ្នាមិនអាចធ្វើកិច្ចការងារ ឬបុណ្យទានបាន ដោយសារសន្តិភាព។ ដូច្នេះសន្តិភាព គឺជាម្លប់មួយដ៏ធំ ហើយស្នើដល់បងប្អូនប្រជាពលរដ្ឋយើងជួយថែរក្សាសន្តិភាពឲ្យបានទាំងអស់គ្នា។ ក្នុងនោះ បើយើងមានសន្តិភាពហើយ គឺយើងអាចរួមគ្នាអភិវឌ្ឍស្រុកទេសរបស់យើងជាបន្តបន្ទាប់ និងអាចមានពេលដើរធ្វើបុណ្យធ្វើទាន មានភាពសប្បាយហូរហែជាបន្តបន្ទាប់ជារៀងរហូតទៅ»។
ស្ត្រីវ័យចំណាស់ឈ្មោះ ស៊ីម នាង ជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ខេត្តព្រះសីហនុ ដែលបានមកចូលរួមបុណ្យវិសាខបូជាកាលពីព្រឹកថ្ងៃទី១០ ខែឧសភា នាវត្តឥន្ទញ្ញាណ បង្ហាញអារម្មណ៍រីករាយពេលបានរួមធ្វើបុណ្យវិសាខបូជាជាមួយថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រះសីហនុ។
ស្ត្រីវ័យចំណាស់ដែលមានសម្លៀកបំពាក់ពណ៌សរូបនេះ បានលើកដៃសំពះបួងសួងសុំឲ្យប្រជាពលរដ្ឋទូទៅមានសុខសន្តិភាព ដោយប្រកាន់យកធម៌អហិង្សា មិនប្រព្រឹត្តទង្វើបាប ឬមិនធ្វើទង្វើអាក្រក់បៀតបៀនអ្នកដទៃដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន៖ «ខ្ញុំសប្បាយចិត្តណាស់ បានមកចូលរួមធ្វើបុណ្យវិសាខបូជាជាមួយបងប្អូនប្រជាពលរដ្ឋយើងនៅវត្តឥន្ទញ្ញាណ យើងនេះ។ ខ្ញុំបាននាំយកចង្ហាន់ និងបច្ច័យផ្សេងៗមកប្រគេនព្រះសង្ឃ ដើម្បីធ្វើបុណ្យបួងសួងឲ្យមានសេចក្តីសុខក្នុងក្រុមគ្រួសារជួបជុំកូនចៅជារហូតទៅ»។
ចំណែកស្ត្រីវ័យចំណាស់ម្នាក់ទៀតឈ្មោះ កូយ ស្រ៊ីម ហៅយាយជីសម័យ មកពីឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានធ្វើដំណើរមកចូលរួមបុណ្យវិសាខបូជាដល់វត្តឥន្ទញ្ញាណ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា។ ស្ត្រីវ័យចាស់រូបនេះ បានបង្ហាញការយល់ដឹងជ្រៅជ្រះអំពីអត្ថន័យនៃបុណ្យវិសាខបូជា ហើយបានស្មូត្រ ឬសូត្រធម៌រៀបរាប់អំពើប្រវត្តិដើមរឿងនៃពិធីបុណ្យវិសាខបូជា ជូនពុទ្ធបរិស័ទចំណុះជើងវត្តឥន្ទញ្ញាណ ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងក្នុង និងក្រៅប្រទេសបានស្តាប់ និងស្វែងយល់។
បន្ទាប់ពីបានស្មូត្រ ឬសូត្រធម៌រៀបរាប់អំពីដំណើររឿងទាក់ទងបុណ្យវិសាខបូជា លោកស្រី កូយ ស្រ៊ីម ហៅយាយជីសម័យ ក៏បានឆ្លៀតយកពិធីបុណ្យវិសាខបូជានេះ ជូនពរដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងឈ្នះអស់មារសត្រូវដែលមានបំណងអាក្រក់នានាមកលើខ្លួន។
គិតមកដល់ពេលនេះ បុណ្យវិសាខបូជាមានអាយុកាល ២.៥៦០ឆ្នាំ ដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជដែលប្រទេសកាន់ពុទ្ធសាសនាបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ៖ «ជាអាយុរបស់ព្រះពុទ្ធសាសនា ពីព្រោះពុទ្ធសាសនារាប់ជាសករាជឡើង នៅថ្ងៃបន្ទាប់ពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានចូលបរិនិព្វាន។ ដូច្នេះគ្រប់ប្រទេសទាំងអស់ដែលកាន់ព្រះពុទ្ធសាសនានៅភូមិភាគអាស៊ីអាគ្នេយ៍នេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី តែងតែប្រារព្ធធ្វើទិវាវិសាខបូជាហើយ ដែលពុទ្ធសាសនិកជនទាំងអស់បានប្រារព្ធពិធីនេះជាយូរមកហើយ»។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជានេះ សៀវភៅ "ព្រះរាជពិធីទ្វាទសមាស" ដែលជាការបោះពុម្ពផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ ១៩៥១ បានសរសេរកត់ត្រាថា ទោះបីជាពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើជាទំនៀមទម្លាប់តាំងពីបុរាណយូរអង្វែងមកហើយក្ដី អ្នកសិក្សាស្រាវជ្រាវផ្នែកពុទ្ធសាសនាខ្លះបានបញ្ជាក់ថា ពុំមានឯកសារណាមួយកត់ត្រាអំពីកាលបរិច្ឆេទ ឬថ្ងៃ ខែ ឆ្នាំ នៃការចាប់ផ្ដើមប្រារព្ធពិធីបុណ្យដ៏សំខាន់បំផុតមួយនេះឲ្យបានច្បាស់លាស់ឡើយ។
ប៉ុន្តែក្នុងរយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយនេះ អង្គការសហប្រជាជាតិ បានប្រកាសទទួលស្គាល់បុណ្យវិសាខបូជា ជាទិវាបុណ្យអន្តរជាតិ ដែលហៅថា «យូ.អ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជានៃអង្គការសហប្រជាជាតិ» ដោយមានការស្នើសុំពីប្រទេសនានានៅលើសកលលោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជា ដែរ នាសម័យប្រជុំក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិក្នុងប្រទេសសិរីលង្កា កាលពីខែវិច្ឆិកា ឆ្នាំ១៩៩៨៕